ក្រសួងទេសចរណ៍ និងក្រុមហ៊ុនកូកា-កូឡា បង្កើតវគ្គបណ្តុះបណ្តាល ដើម្បីត្រៀមរៀបចំទទួលទេសចរណ៍វ៉ាក់សាំង និងបដិសណ្ឋារកិច្ចភ្ញៀវដល់អាជីវករ នៅក្នុងខេត្តព្រះសីហនុ

ក្រុមហ៊ុនកូកា-កូឡាកម្ពុជា សហការរៀបចំ និងបានឧបត្ថម្ភដល់វគ្គបណ្តុះបណ្តាល ដើម្បីត្រៀមរៀបចំ ទទួលទេសចរណ៍វ៉ាក់សាំង អនាម័យ និងបដិសណ្ឋារកិច្ចភ្ញៀវដល់អាជីវករ នៅក្នុងខេត្តព្រះសីហនុ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំផ្តួចផ្តើមដោយក្រសួងទេសចរណ៍ ដោយមានការចូលរួមពី លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និង កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែក ទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុនកូកា-កូឡាកម្ពុជា និងមន្រ្តីសាលាខេត្តព្រះសីហនុ កាលពីថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងសាលប្រជុំសាលាខេត្តព្រះសីហនុ។

កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលដៅរួមចំណែកបង្កឱ្យមានភាពកាន់ប្រសើរ ឡើង ក្នុងសេវាម្ហូបអាហារ និងបដិសណ្ឋារកិច្ចត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសក្នុង បរិបទដែលចាំបាច់នៅតែបន្តការការពារនូវការរីករាលដាលជំងឺកូវីដ-១៩។ កញ្ញាបន្ដថា វគ្គបណ្តុះបណ្តាល នេះ មានខ្លឹមសារសម្រាប់ការត្រៀមរៀបចំទទួលទេសចរណ៍វ៉ាក់សាំងនិងការបណ្តុះបណ្តាលផ្នែកបដិ សណ្ឋារកិច្ច ការទទួលភ្ញៀវ អនាម័យចំណីអាហារ ការរៀបចំកន្លែងលក់ ការរៀបចំខ្លួនក្នុងនាមជាអ្នកលក់ និងការគ្រប់គ្រងបែងចែកសំណល់។

កញ្ញាបានលើកឡើងថា “ខេត្តព្រះសីហនុពិតជាមានសក្តានុពលខ្លាំងក្នុងវិស័យទេសចរណ៍ ហើយវគ្គ បណ្តុះបណ្តាលនេះដែរគឺពិតជាមានអត្ថប្រយោជន៍ណាស់សម្រាប់បងប្អូនអាជីវករ ព្រោះថានៅពេល ដែលពួកគាត់បានយល់ដឹងច្បាស់លាស់អំពីការអនុវត្តវិធានសុវត្ថិភាពអនាម័យម្ហូបអាហារក្នុងវិស័យទេសចរណ៍ ការរៀបចំទីកន្លែងលក់ឱ្យមានអនាម័យ និងការធ្វើបដិសណ្ឋារកិច្ច នឹងរួមចំណែកលើកស្ទួយវិស័យ ទេសចរណ៍ ដែលចាំបាច់មានការសហការពីបងប្អូនអាជីវករ”។

 

គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ គឺជាវគ្គបណ្តុះបណ្តាលលើកទី៥ ដែលក្រុមហ៊ុនកូកា-កូឡាកម្ពុជាបានសហការរៀបចំជាមួយក្រសួងទេសចរណ៍ ដោយវគ្គបណ្តុះបណ្តាលចំនួន៤មុន ដែលបានប្រារព្ធនៅខេត្តបាត់ដំបង កំពង់ធំ កោះកុង និង ខេត្ដកែបរួចមកហើយ។ វគ្គបណ្តុះបណ្តាលនេះ គឺជាគំនិតផ្តួចផ្តើមមួយដើម្បីលើកកម្ពស់ស្ត្រី ដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង៥ គឺ ១. ពិភពលោកគ្មានសំរាម ២.ទឹក ៣.ការលើកកម្ពស់ស្ត្រី ៤.អាកាសធាតុ ៥. សុខុមាលភាពសហគមន៍ ដោយឈរលើគោលបំណងបង្កើតភាពស្រស់ស្រាយដល់ពិភពលោក និងបង្កើតភាពខុសគ្នាជាវិជ្ជមាន។