Tesla ត្រៀមនឹងវិនិយោគទឹកប្រាក់ 188 លានដុល្លារបន្ថែមទៀតដើម្បីពង្រីករោងចក្ររបស់ខ្លួននៅទីក្រុងសៀងហៃ

ក្រុមហ៊ុន Tesla គ្រោងនឹងវិនិយោគទឹកប្រាក់រហូតដល់ទៅ 1.2 ពាន់លានយន់ ដែលស្មើនឹងប្រមាណជាង 187.91 លានដុល្លារអាមេរិក ដើម្បីពង្រីកសមត្ថភាពផលិតកម្មរោងចក្រផលិតរថយន្ដអគ្គិសនីរបស់ខ្លួននៅទីក្រុង Shanghai ហើយក៏នឹងបន្ថែមចំនួនបុគ្គលិកចំនួន 4,000 នាក់បន្ថែមទៀតនៅទីនោះតែម្ដង។ នេះបើយោងតាមកាសែត Beijing Daily ដែលគាំទ្រដោយរដ្ឋបានរាយការណ៍កាលពីថ្ងៃសុក្រ កន្លងទៅថ្មីៗនេះ។

តាមរបាយកាណ៍បានបង្ហាញថាទៀតថា ការពង្រីកសមត្ថិភាពផលិតកម្មរបស់ Tesla នឹងអនុញ្ញាតឱ្យក្រុមហ៊ុន Tesla អាចបន្ថែមចំនួនបុគ្គលិកប្រមាណជាង 4,000 នាក់បន្ថែមទៀត ដែលស្មើនឹងការផ្ដល់ការងារដល់ប្រជាជនក្នុងស្រុកបានប្រមាណជាង 19,000 កន្លែង។ តែយ៉ាងណាមិញ ការពង្រីកខ្លួនបន្ថែមទៀតនេះ នឹងមិនមានការផ្លាស់ប្តូរចំពោះម៉ូដែលដែលរោងចក្រផលិតនាពេលបច្ចុប្បន្ននេះទេ ហើយបើយោងតាមរបាយការណ៍ក៏មិនមានការបញ្ជាក់ថាតើសមត្ថភាពផលិតកម្មរបស់ក្រុមហ៊ុន Tesla នេះនឹងត្រូវបានកើនឡើងប៉ុន្មានទៀតនោះទេ។

រោងចក្រសៀងហៃរបស់ក្រុមហ៊ុន Tesla ត្រូវបានរចនាឡើងដើម្បីបង្កើតរថយន្តរហូតដល់ 500,000 គ្រឿងក្នុងមួយឆ្នាំ ហើយបច្ចុប្បន្នមានសមត្ថភាពផលិតរថយន្ត Model 3 និង Model Y ក្នុងអត្រា 450,000 គ្រឿងក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា ការលក់នៅប្រទេសចិនរបស់ក្រុមហ៊ុន Tesla កំពុងកើនឡើងយ៉ាងខ្លាំង បើទោះបីជាមានសម្ពាធនៃបទប្បញ្ញត្តិជាបន្តបន្ទាប់ជុំវិញបញ្ហាសុវត្ថិភាពផលិតផល និងការត្រួតពិនិត្យអំពីរបៀបដែលក្រុមហ៊ុនគ្រប់គ្រងទិន្នន័យក៏ដោយ។ ជាក់ស្ដែងកាលពីខែមុន Tesla បាននិយាយថា ខ្លួនបានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងមជ្ឈមណ្ឌលទិន្នន័យដាច់ដោយឡែកមួយនៅក្នុងទីក្រុងសៀងហៃ ដើម្បីរក្សាទុកទិន្នន័យក្នុងមូលដ្ឋានរបស់ក្រុមហ៊ុនតែម្ដង។

បច្ចុប្បន្នក្រុមហ៊ុន Tesla បានបញ្ជូនរថយន្ត Model 3s ដែលផលិតនៅប្រទេសចិនទៅកាន់អឺរ៉ុបជាបន្ដបន្ទាប់ផងដែរ។ ស្របពេលដែរទិន្នន័យសមាគមរថយន្តដឹកអ្នកដំណើរចិនបានបង្ហាញថា នៅក្នុងខែតុលា Tesla បានលក់រថយន្តផលិតនៅប្រទេសចិនបានចំនួន 54,391 គ្រឿង  និងសម្រាប់ការនាំចេញមានចំនួន 40,666 ឯណោះ។