ថៃ ចាត់វិធានការរហ័សបិទជើងហោះហើរចេញពីប្រទេសចំនួន ៨ ដើម្បីទប់ស្កាត់វីរុសកូវីដ ១៩ បម្លែងខ្លួនថ្មី

បាងកក៖ ក្រោយលេចចេញនូវការឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ បម្លែងខ្លួនថ្មី ដែលមានឈ្មោះថា Omicron បណ្ដាប្រទេសជាច្រើនបានចាប់ផ្ដើមចាត់វិធានការ រឹតបន្តឹងបន្ថែមទៅលើការចេញចូល និងផ្អាកជាបណ្ដោះអាសន្ននូវការឆ្លងដែនចេញពីបណ្ដាប្រទេសមួយចំនួន ដោយក្នុងនោះរួមមានព្រះរាជាណាចក្រថៃផងដែរ។

រដ្ឋាភិបាលថៃ បានប្រកាសចាត់វិធានការភ្លាមៗ ក្នុងការទប់ស្កាត់ ការឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ បម្លែងខ្លួនថ្មី ហៅថា B 1.1.529 មានឈ្មោះហៅជាផ្លូវការថា Omicron បន្ទាប់ពីបណ្ដាប្រទេសក្នុងឆាកអន្តរជាតិជាច្រើន ចាប់ផ្ដើមរកឃើញវីរុសថ្មីនេះ នៅតាមអ្នកធ្វើដំណើរ ដែលហោះចេញពីទ្វីបអាហ្វ្រិចខាងត្បូង កាលពីពេលថ្មីៗកន្លងទៅនេះ។ ការចាត់វិធានការនេះ នឹងចាប់ផ្ដើមអនុវត្តគិតចាប់ពីថ្ងៃសៅរ៍ នេះតទៅ ដោយផ្អាកទទួលជើងហោះហើរជាបណ្ដោះអាសន្នសិន។

តាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាលថៃបានឱ្យដឹងថា ប្រទេសដែលថៃផ្អាកទទួលតាមជើងហោះហើរមានចំនួន ៨ ប្រទេស ដែលស្ថិតនៅទ្វីបអាហ្វ្រិចខាងត្បូងរួមមានដូចជា៖ Botswana, Eswatini, Lesotho, Malawi, Mozambique, Namibia, Zimbabwe និង South Africa ជាប្រទេស មានប្រភពឆ្លងនៃវីរុស Omicron ថ្មី ដែលបានចម្លងទៅកាន់អ្នកធ្វើដំណើរជាច្រើន កាលពីពេលថ្មីៗកន្លងទៅនេះ។ ជាក់ស្ដែង បណ្ដាប្រទេសជាច្រើន បានរកឃើញវីរុសនេះរួចទៅហើយ ដូចជា អង់គ្លេស ហុងកុង អីស្រាអែល អូស្ត្រាលី និងជាច្រើនផ្សេងៗទៀត។

រដ្ឋាភិបាលថៃ បានប្រកាស និងបានជូនដំណឹងទៅកាន់គ្រប់ក្រុមហ៊ុនអាកាសចរណ៍ ភ្នាក់ងារអាកាសចរណ៍ អាកាសយានដ្ឋានតូចធំ អំពីការផ្អាកមិនទទួលការហោះហើរចូលទៅក្នុងដែនដីជាតិរបស់ខ្លួន បើទោះបីជាជើងហោះហើរនោះមានអ្នកចាក់វ៉ាក់សាំងត្រឹមត្រូវ និងគ្រប់ចំនួនក្ដី ថែមទាំងពុំចាត់ទុកជាប្រទេស ស្ថិតក្នុងកម្មវិធីធ្វើដំណើរ នៃការបើកដំណើរការឡើងវិញនៃវិស័យទេសចរណ៍ផងដែរ។ យ៉ាងណាមិញការធ្វើដំំណើរពីបណ្ដាប្រទេស ដែលបានរកឃើញវិជ្ជមានជមងឺកូវីដ ១៩ Omicron ពុំត្រូវបានប្រកាសអំពីការផ្អាកនៅឡើយទេ៕