អង្គការសុខភាពពិភពលោក ពុំទាន់ដឹងច្បាស់អំពីការវាយប្រហារនៃវីរុសបម្លែងខ្លួន អូមីក្រុង នៅឡើយទេ

ហ្ស៊ីណែវ៖ ស្ថានការណ៍ពិភពលោក នាចុងខែវិច្ឆិកា ឆ្នាំ២០២១ បានកក្រើកឡើងវិញម្ដងទៀត បន្ទាប់ពីលេចចេញករណីវីរុសបម្លែងខ្លួនថ្មី Omicron ដែលជាវីរុសបម្លែងខ្លួនថ្មី ចេញពីវីរុសកូវីដ ១៩ ជាមួយនឹងអានុភាពកាន់តែខ្លាំងជាងវីរុសបម្លែងខ្លួន Delta រហូតដល់ទៅ ២ ដង។ ជុំវិញការលេចចេញនៃវីរុសបម្លែងខ្លួនថ្មីនេះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ពុំទាន់ដឹងច្បាស់នោះទេថា តើវីរុសនេះ អាចនឹងបង្ករឱ្យប៉ះពាល់ដល់សុខភាពកម្រិតណានៅឡើយទេ។

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអាទិត្យ កន្លងទៅនេះបានប្រកាសជាផ្លូវការថា ខ្លួនពុំទាន់ដឹងច្បាស់នោះទេថា តើវីរុសបម្លែងខ្លួនថ្មីអូមីក្រុង (Omicron) មានកម្លាំងខ្លាំងកម្រិតណានោះទេ ជុំវិញលទ្ធភាពចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត បើធៀបទៅនឹងវីរុសកូវីដ ១៩ ធម្មតា។ សេចក្ដីប្រកាសរបស់ WHO ដដែលនោះបង្ហាញថា តាមទិន្នន័យប្រមូលបាន វីរុសបម្លែងខ្លួន អូមីក្រុង មានលទ្ធភាពធ្វើឱ្យអ្នកជំងឺនៅអាហ្វ្រិចខាងត្បូង ឈានទៅដល់ការសំរាកព្យាបាលនៅមន្ទីរពេទ្យក្នុងអត្រាកើនឡើងខ្ពស់មួយ។

ជុំវិញបញ្ហានេះ WHO ព្យាករណ៍ថា អត្រាឈានដល់ការសំរាកព្យាបាលនៅមន្ទីរពេទ្យនេះដែរ ក៏ដោយសារតែការឆ្លងនោះមានការកើនឡើងច្រើន មិនមែនការឆ្លងដោយសារតែវីរុសបម្លែងខ្លួនអូមីក្រុង នោះតែម្ដងនោះទេ។ ម្យ៉ាងវិញទៀត ភស្ដុតាង ដែលប្រមូលបាន បង្ហាញទៀតថា វីរុសបម្លែងខ្លួនថ្មីនេះ អាចនឹងមានអត្រាឆ្លងពីមួយទៅមួយក្នុងល្បឿនមួយយ៉ាងលឿន។ បញ្ហានេះ ក្រុមការងារជំនាញរបស់អង្គការសុខភាពពិភពលោក បានកំពុងសហការណ៍ជាមួយក្រុមអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ ជាច្រើន ក្នុងការសិក្សាស្រាវជ្រាវ និងវាយតម្លៃអំពីវីរុសថ្មីនេះឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

សម្រាប់ការយល់ដឹងអំពីវីរុសអូមីក្រុង ជាបឋមបង្ហាញថា មនុស្សវ័យក្មេង ទំនងនឹងមានភាគរយតិច ជុំវិញអត្រាឆ្លងជំងឺ ក៏ប៉ុន្តែ ពុំទាន់មានទិន្នន័យច្បាស់លាស់ណាមួយបង្ហាញនៅឡើយទេ ហេតុដូច្នេះ WHOពុំមានភាពច្បាស់លាស់នៅឡើយ អំពីការឆ្លង ការវាយប្រហារ ថាតើវីរុសថ្មីនេះអាចនឹងបង្ករផលប៉ះពាល់កម្រិតណាទៅដល់រូបរាងកាយអ្នកជំងឺ។ ការសិក្សាស្រាវជ្រាវជាច្រើន បានកំពុងធ្វើឡើង ក្នុងការតាមដានវីរុសថ្មីនេះ ដើម្បីឈានដល់ការបកស្រាយច្បាស់លាស់មួយទៅដល់ពិភពលោក។

គួរបញ្ជាក់ថា ពុំទាន់មានប្រភព ឬការសិក្សាស្រាវជ្រាវណាមួយបង្ហាញនោះទេថា វ៉ាក់សាំងចាក់ប្រឆាំង និងការពារពីជំងឺកូវីដ ១៩ ប្រភេទណា អាចការពារពីវីរុសបម្លែងខ្លួនថ្មីនេះនៅឡើយទេ តែប្រហែល ១ ទៅ ២ សប្ដាហ៍ទៀត ទិន្នន័យ ឬព័ត៌មានច្បាស់ការ អាចនឹងត្រូវលាទត្រដាង៕