រដ្ឋាភិបាលជប៉ុន ផ្ដល់ឥណទានសម្បទាន ១៨៥ លានដុល្លារ ដល់កម្ពុជា ដើម្បីស្ដារ និងសង្គ្រោះសង្គមជាតិ

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់នូវប្រាក់កម្ចី ដំណាក់កាលទី២ ជូនដល់រដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ ១៩ នៅលើផ្ទៃប្រទែស ដែលបច្ចុប្បន្នកំពុងមានលទ្ធផលល្អប្រសើរ បើទោះបីជាមានការឆ្លងចូលពីប្រភពខាងក្រៅក្ដី ខណៈបណ្ដាប្រទេសនៅក្នុងឆាកអន្តរជាតិជាច្រើនកំពុងរងគ្រោះធ្ងន់ធ្ងរ។

នាព្រឹកថ្ងៃពុធ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នេះ រដ្ឋាភិបាលជប៉ុន បានអនុម័តជាផ្លូវការ នូវការផ្ដល់ប្រាក់កម្ចីដល់រដ្ឋាភិបាលកម្ពុជា ក្នុងចំនួនសរុប USD ១៨៥ លានដុល្លារអាមេរិក ក្រោមការចូលរួមជាពិសេសក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការផ្ដល់ប្រាក់កម្ចីរវាងរដ្ឋទាំងពីរ នេះបានធ្វើឡើងនៅវិមានសន្តិភាព ក្រោមការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ដែលមានឯកឧត្ដម ប្រាក់ សុខុន និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ជាតំណាង។

ថវិកាកម្ចីពីរដ្ឋាភិបាលជប៉ុននេះ នឹងយកទៅប្រើសម្រាប់គាំទ្រសកម្មភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងផលប៉ះពាល់សុខភាព សង្គម និងសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩ ជាពិសេសលើជំនួយសង្គមសម្រាប់ពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះមានដូចជា ប្រជាពលរដ្ឋមានជីវភាពស្ថិតក្រោមបន្ទាត់ក្រីក្រ ចាស់ជរា ស្ត្រី កុមារ និងជនជាតិដើមភាគតិចជាដើម។ តាមរយៈការប្រើប្រាស់ឥណទានសម្បទាននេះ រដ្ឋាភិបាលទាំងពីរ រំពឹងថា សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា នឹងងើបឡើងវិញយ៉ាងឆាប់រហ័ស តាមរយៈការពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ ការគាំទ្រផ្នែកសង្គមសម្រាប់ជនក្រីក្រ និងងាយរងគ្រោះ និងការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រិនរួមទាំងសហគ្រាសធុនតូច និងមធ្យម។

គួររំលឹកផងដែរថា នាឆ្នាំ២០២០ កន្លងទៅ រដ្ឋាភិបាលជប៉ុន បានផ្ដល់ប្រាក់កម្ចីប្រមាណជា USD ២៣៧ លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ ១៩ ដោយសរុបលើកទី១ និងលើកទី២ នេះ ថវិការកម្ចីរវាងរដ្ឋទាំង ២ មានចំនួនប្រមាណ USD ៤២០ លានដុល្លារអាមេរិក។ ក្រៅពីថវិការ រដ្ឋាភិបាលជប៉ុន កាលពីពេលកន្លងទៅបានផ្ដល់នូវការឧបត្ថមជាច្រើនដល់កម្ពុជា ដូចជា វ៉ាក់សាំង រថយន្តសង្គ្រោះ គ្រឿងបរិក្ខាពេទ្យជាច្រើនផ្សេងទៀត ស្មើនឹងទឹកប្រាក់ជាង USD ៦០ លានដុល្លារអាមេរិកឯណោះ៕

 

 

ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា