ប្រទេសចិនគ្រោងនឹងសាងសង់ផ្ទះជួលតម្លៃទាបចំនួន 6.5 លានខ្នងបន្ថែមទៀតនៅឆ្នាំ 2025 ខាងមុខ

យោងតាមមន្ត្រីប្រចាំទីក្រុងប៉េកាំងបានឲ្យដឹងកាលពីថ្ងៃអង្គារថ្មីៗនេះថា ប្រទេសចិនអាចនឹងមានគម្រោងផ្គត់ផ្គង់លំនៅដ្ឋានសម្រាប់ជួលក្នុងតម្លៃទាបចំនួន 6.5 លានខ្នងបន្ថែមទៀតដល់ប្រជាពលរដ្ឋរបស់ខ្លួននៅក្នុងទីក្រុងធំៗចំនួន 40 ។ ដោយគម្រោងមួយនេះអាចនឹងចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ 2022 នេះ និងបញ្ចប់ក្នុងឆ្នាំ 2025 តែម្ដង ដើម្បីបំពេញតម្រូវការលំនៅដ្ឋានជួលដែលកំពុងកើនឡើងនៅក្នុងទីក្រុងធំៗ ខណៈចំនួនប្រជាជនរបស់ចិនក៏កើនឡើងផងដែរ។ 

នេះបើយោងតាម លោក Pan Wei មន្ត្រីមកពីក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា គម្រោងនេះអាចនឹងជួយបន្ធូរបន្ថយការលំបាកក្នុងការរស់នៅសម្រាប់យុវជនក្មេងៗក្នុងប្រទេសចិនបានរហូតដល់ 13 លាននាក់ឯណោះ។ ម្យ៉ាងវិញទៀត គម្រោងមួយនេះក៏ស្ថិតក្រោមផែនការ "វិបុលភាពរួម" របស់ប្រធានាធិបតី Xi Jinping ផងដែរ ដោយប្រទេសចិនចង់បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាលំនៅដ្ឋានដែលប្រជាពលរដ្ឋចិនវ័យក្មេងភាគច្រើនកំពុងប្រឈមមុខ ជាពិសេសចំពេលមានការកើនឡើងតម្លៃផ្ទះនៅតាមទីក្រុងធំៗ។ 

លោក Pan បានបន្តថា ការជំរុញការអភិវឌ្ឍសម្រាប់ផ្ទះជួលដែលមានតម្លៃសមរម្យនេះគឺផ្តោតលើទីក្រុង ដែលមានលំហូរប្រជាជនច្រើន និង តម្លៃផ្ទះខ្ពស់មួយចំនួនដូចជា ទីក្រុងប៉េកាំង និងសៀងហៃជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ការផ្គត់ផ្គង់លំនៅដ្ឋានជួលតម្លៃទាបសរុបអាចមានចំនួនរហូតដល់ 1.87 ទៅ 6.5 លានខ្នង គិតចាប់ពីឆ្នាំ 2022 ដល់ឆ្នាំ 2025។ តែយ៉ាងណាមិញ ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនមួយរយៈចុងក្រោយនេះក៏មានធ្លាក់ចុះផងដែរ ដោយសារវិបត្តិបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងស្រុក។