ក្រុមហ៊ុនសាជីវកម្ម Samsung C & T Corporation បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគហេដ្ឋាវិស័យរចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការ ក្រសួង ឯកឧត្ដម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សា ការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្ម Samsung C & T Corporation ដឹកនាំដោយលោក Han Jung Suk តាមរយៈប្រព័ន្ធដេអូពីចម្ងាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារ ជំនាញពាក់ព័ន្ធ។

សូមជម្រាបជូនថា៖ ក្រុមហ៊ុនសាជីវកម្ម Samsung C & T Corporation បានបង្ហាញចំណាប់អារម្មណ៍ លើការវិនិយោគហេដ្ឋាវិស័យរចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យនេះ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ ថ្លែងក្នុងជំនួបនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បាន ជម្រាបជូនអំពីបច្ចុប្បន្នភាពនៃគម្រោងសម្រេចបាន គម្រោងកំពុងអនុវត្តបន្ត និងគម្រោងនាពេលអនាគត ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន កំពង់ផែ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ទៀតនៅកម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍រាល់ការវិនិយោគគ្រប់ប្រភេទទាំងអស់ ជាពិសេសការវិនិយោគក្នុងភាពជាដៃគូរដ្ឋនិងឯកជន (PPP) និងការវិនិយោគឈរលើគោលការណ៍ កសាង ប្រតិបត្តិ ផ្ទេរ (BOT) និងបានស្នើឱ្យក្រុមហ៊ុន សាជីវកម្ម Samsung C & T Corporation ពិនិត្យលទ្ធភាពវិនិយោគលើការអភិវឌ្ឍផ្លូវល្បឿនលឿន មធ្យោបាយដឹកជញ្ជូនសាធារណៈ(Mass Transit) និងផ្លូវក្រវាត់ក្រុងរាជធានីភ្នំពេញព្រមទាំងកំពង់ផែ ជាដើម៕