អង្ករ 1,000 តោនត្រូវបាននាំចេញពីប្រទេសថៃទៅកាន់ប្រទេសចិនដោយប្រើប្រាស់ផ្លូវរថភ្លើងឡាវ-ចិន ជាលើកដំបូង

ក្រសួងកសិកម្ម និងសហករណ៍ប្រចាំប្រទេសថៃបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុននេះថា ការនាំចេញអង្ករជាលើកដំបូងចំនួន 1,000 តោនរបស់ថៃត្រូវបានដឹកជញ្ជូនដោយប្រើផ្លូវដែកឡាវ-ចិនទៅកាន់ទីក្រុង Chongqing នៃប្រទេស ដែលជាការបង្ហាញពីការបើកជំពូកថ្មីមួយទៀតនៃការនាំចេញទៅកាន់ប្រទេសចិន។ មិនត្រឹមតែប៉ុណ្ណោះរដ្ឋមន្ត្រីក្រសួងកសិកម្មថៃក៏បាននិយាយទៀតថា ការនាំចេញផលិតផលកសិកម្មផ្សេងទៀតជាច្រើនក៏នឹងប្រើប្រាស់ផ្លូវដែកថ្មីនេះសម្រាប់ដឹកជញ្ជូនផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post។

ផ្លូវដែកមួយខ្សែនេះបានចាប់ផ្តើមដំណើរការជាលើកដំបូងទើបតែកាលពីដើមខែមុនប៉ុណ្ណោះ ដែលបានបើកលទ្ធភាពនៃការពង្រីកផ្លូវនាំចេញទៅកាន់ខេត្តផ្សេងទៀតជាច្រើនក្នុងប្រទេសចិន ក៏ដូចជាអាចដឹកជញ្ជូនបានឆ្ងាយជាងនេះទៅបណ្ដាប្រទេសអាស៊ីកណ្តាល អាស៊ីបូព៌ា មជ្ឈិមបូព៌ា រុស្ស៊ី និងអឺរ៉ុបផងដែរ។ ដូច្នេះរដ្ឋាភិបាលថៃក៏កំពុងសម្លឹងមើលការនាំចេញផលិតផលបន្ថែមទៀតដូចជាផ្លែឈើ ផ្កាអ័រគីដេ កៅស៊ូ ដំឡូងមី ប្រេងដូង និងផលិតផលនេសាទ និងបសុសត្វ ជាដើមតាមរយៈផ្លូវរថភ្លើងថ្មីមួយនេះ។ ជាក់ស្ដែង ការនាំចេញផ្លែឈើពីប្រទេសថៃអាចទៅដល់ទីក្រុង Chongqing ក្នុងរយៈពេលត្រឹមតែ 1-2 ថ្ងៃប៉ុណ្ណោះ ដោយអាចរក្សាបាននូវភាពស្រស់ និងគុណភាពល្អខ្លាំង។

គួរបញ្ជាក់ផងដែរថា គម្រោងនៃការកសាងផ្លូវរថភ្លើងឡាវ-ចិននេះបានចំណាយថវិការខ្ទង់ $6 ពាន់លានដុល្លារនេះ ដែលស្មើនឹង 1/3 នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសឡាវ ហើយត្រូវបានគាំទ្រដោយប្រទេសចិន ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) និងជាខ្សែបន្ទាត់នៃទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។ ដូច្នេះការធ្វើដំណើរទៅកាន់ព្រំដែនចិននៅពេលនេះត្រូវចំណាយពេលតិចជាងបួនម៉ោងបើធៀបនឹងរយៈពេល១៥ម៉ោងតាមរថយន្ត ហើយតម្លៃសម្រាប់អ្នកដំណើរត្រូវការចំណាយត្រឹមតែ 33 ដុល្លារអាមេរិកប៉ុណ្ណោះ។