កំណើន GDP របស់កូរ៉េខាងត្បូងឈានដល់កម្រិតខ្ពស់រយៈពេល 11 ឆ្នាំជាប់គ្នាដោយសារការនាំចេញរឹងមាំ

កំណើនសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងបានឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល 11 ឆ្នាំចុងក្រោយមកនេះ គិតត្រឹមឆ្នាំ 2021 ដោយសារការនាំចេញដ៏រឹងមាំ និងការវិនិយោគសាជីវកម្ម ដោយបានស្ទុះងើបឡើងវិញពីកំណើនអវិជ្ជមានកាលពីឆ្នាំ 2020។ នេះបើយោងតាមធនាគារកណ្តាលកូរ៉េត្បូងបានប្រកាសកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចរបស់ប្រទេសនេះបានកើនឡើង 4.0% ក្នុងឆ្នាំ 2021 ដោយអត្រាកំណើនប្រមាណ 0.9% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយក៏បំពេញតាមគោលដៅរបស់រដ្ឋាភិបាលផងដែរ។ ធនាគារកណ្តាលក៏បាននិយាយផងដែរថាការនាំចេញបានកើនឡើង 9.7% ហើយការវិនិយោគមូលធនសាជីវកម្មបានពង្រីក 8.3% បន្ថែមទៀតកាលពីឆ្នាំទៅដូចគ្នា។

ជាក់ស្តែងនៅក្នុងត្រីមាសទី 4 នៃឆ្នាំ 2021 កន្លងទៅសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើង 1.1% ដែលមានល្បឿនលឿនជាងកាលពីបីខែមុននៃពាក់កណ្ដាលឆ្នាំ 2021។ បន្ថែមពីនេះ កំណើនផលិតផលក្នុងស្រុកសរុប GDP គឺលឿនជាងការព្យាករណ៍ជាមធ្យមទៅទៀត។ ការកើនឡើងនេះ ត្រូវបានសេដ្ឋវិទូនិយាយថាការនាំចេញបានរួមចំណែកដល់សេដ្ឋកិច្ចធំបំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែការប្រើប្រាស់ឯកជនខ្សោយដោយសារវិធានការរក្សាគម្លាតសង្គមបានធ្វើឱ្យធ្លាក់ចុះ។ តែយ៉ាងណាមិញ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានបង្កើតថវិកាបន្ថែមចំនួន 14 ពាន់ពាន់លានវ៉ុន ឬស្មើនឹង11.7 ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដើម្បីបង្កើនប្រាក់ចំណូលដល់ម្ចាស់អាជីវកម្មខ្នាតតូចដែលរងគ្រោះដោយជំងឺរាតត្បាតផងដឺរ។ ថវិកានេះទំនងជាងាយស្រួលឆ្លងកាត់រដ្ឋសភា ដោយសារទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងចង់ផ្តល់ការគាំទ្រដល់សាធារណជននៅមុនការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី 9 ខែមីនាខាងមុខនេះ។ 

តែយ៉ាងណាមិញ បើយោងតាមលោក Park Jeong-woo សេដ្ឋវិទូប្រចាំក្រុមហ៊ុន Nomura បានឱ្យដឹងថា សេដ្ឋកិច្ចកូរ៉េខាងត្បូងអាចនឹងធ្លាក់ចុះនៅឆ្នាំនេះទៅវិញ។ លោក Park បាននិយាយថា នៅឆ្នាំ 2022 នេះ កូរ៉េខាងត្បូងអាចនឹងរំពឹងថាកំណើនសេដ្ឋកិច្ចនឹងធ្លាក់ចុះយ៉ាងខ្លាំង ដែលដឹកនាំដោយការចុះខ្សោយនៃកំណើនការនាំចេញ និងការប្រើប្រាស់ក្នុងស្រុកនៅទ្រឹង ទោះបីមានការស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅឆ្នាំ 2021 ក៏ដោយ។