ប្រទេសឥណ្ឌូណេស៊ីអាចនឹងចាប់ផ្ដើមផ្អាកការការនាំចេញសារធាតុរ៉ែដែលមិនទាន់កែច្នៃនៅពាក់កណ្ដាលឆ្នាំ 2023 ខាងមុខ

ប្រទេសឥណ្ឌូនេស៊ីបានកំណត់ផែនការថ្មីមួយទៀតក្នុងការហាមឃាត់ការនាំចេញសារធាតុរ៉ែដែលមិនទាន់កែច្នៃ រួមទាំងសំណប៉ាហាំង បាស៊ីត មាស និងទង់ដែង ដែលជាវត្ថុធាតុដើមសំខាន់សម្រាប់ឧស្សាហកម្មពិភពលោកនៅពាក់កណ្តាលឆ្នាំ 2023 ខាងនេះ។ ប្រសិនបើគោលនយោបាយនេះចូលជាធរមាន នោះផលប៉ះពាល់រយៈពេលវែងនឹងកើតឡើងសម្រាប់ប្រទេសដែលជាអ្នកនាំចូលសារធាតុរ៉ែពីប្រទេសឥណ្ឌូនេស៊ី។ ម្យ៉ាងវិញសារធាតុរ៉ែទាំងអស់នោះសុទ្ធតែមានសារៈសំខាន់ចំពោះឧស្សាហកម្មយានជំនិះ គ្រឿងអេឡិចត្រូនិកទំនើប និងឧស្សាហកម្មឈានមុខគេផ្សេងទៀតនៃសតវត្សទី 21 នេះ។

ជាក់ស្ដែងឥណ្ឌូណេស៊ីបានធ្វើឱ្យបណ្ដាប្រទេសនៅអាស៊ីដែលជាអ្នកទទួលការនាំចូលភ្ញាក់ផ្អើលម្ដងរួចមកហើយក្នុងខែមករានេះនៅពេលដែលឥណ្ឌូនេស៊ីបានប្រកាសផ្អាកភ្លាមៗរយៈពេលមួយខែលើការនាំចេញធ្យូងថ្ម។ការធ្វើបែបនេះត្រូវបានអ្នកវិភាគនិយាយថាជាគោលនយោបាយធនធានជាតិនិយមក៏ព្រោះតែប្រទេសឥណ្ឌូនេស៊ីផ្ទាល់កំពុងព្រួយបារម្ភអំពីការផ្គត់ផ្គង់តម្រូវការក្នុងស្រុកជាមុនសិន។ក៏ប៉ុន្តែវាគឺជាគោលនយោបាយដែលប្រទេសឥណ្ឌូនេស៊ីចាត់ទុកថាជាកត្តាសំខាន់សម្រាប់ប្រទេសជាតិខ្លួនដោយសារផ្អាកការនាំចេញវត្ថុធាតុដើមនេះនឹងជំរុញការវិនិយោគនៅក្នុងស្រុកបានច្រើនវិញ ក៏ដូចជាអាចបង្កើតការងារនិងនាំឱ្យមានការនាំចេញផលិតផលសម្រេចហើយបានកាន់តែច្រើនផងដែរ។

គួរបញ្ជាក់ផងដែរថា គោលនយោបាយហាមឃាត់ការនាំចេញនេះត្រូវបានប្រទេសឥណ្ឌូនេស៊ីលលើកឡើងតាំងពីឆ្នាំ 2019 មកម្ល៉េះ ក៏ប៉ុន្ដែមានការជួយសម្របសម្រួលពីខាងសហភាពអឺរ៉ុបបានស្នើសុំការពិគ្រោះជាមួយអង្គការពាណិជ្ជកម្មពិភពលោកជុំវិញការហាមឃាត់នាំចេញនេះ។ បីទោះយ៉ាងណាក៏ដោយ នៅពេលនេះឥណ្ឌូនេស៊ីក៏មិនទាន់ចាប់ផ្ដើមគោលនយោបាយនេះភ្លាមៗ ដែរ ពោលគឺនៅសល់រយៈពេលមួយឆ្នាំខាងមុខទៀតដើម្បីឲ្យបណ្ដាប្រទេសនាំចូលទាំងអស់ត្រៀមខ្លួនជាមុន។