ឆ្នាំ២០២២ ឆ្ពោះទៅឆ្នាំ២០២៣ លំនៅឋានជាង ២៧ ម៉ឺនខ្នងក្នុងក្រុងឌុយបៃ នឹងចាប់ផ្ដើមប្រើប្រាស់ថាមពលបៃតង

គម្រោងផលិតថាមពលបៃតង របស់សហភាពអារ៉ាប់រួម ដើម្បីផ្គត់ផ្គង់ទៅដល់សេចក្ដីត្រូវការនៃទីក្រុងប្រណីត ឌុយបៃ បានសម្រេចបានជាលទ្ធផលជោគជ័យថ្មីបន្ថែមទៀតហើយ សម្រាប់ដើមឆ្នាំ ២០២២ នេះជាមួយនឹងថាមពលអគ្គិសនី មានអានុភាពផ្កត់ផ្គង់ទៅដល់លំនៅឋានបាន ២៥ ម៉ឺនខ្នងផ្សេងទៀត គិតចាប់ពីត្រីមាសទី១ នាឆ្នាំថ្មីតទៅ។

គម្រោងផលិតថាមពលបៃតងរបស់សហភាពអារ៉ាប់រួម នៅលើផ្ទៃប្រទេសធំមួយ ស្ថិតនៅក្បែទីក្រុងឌុយបៃ បានសម្រេចជាលទ្ធផលថ្មីមួយទៀតហើយ ស្ថិតនៅក្នុងគម្រោងនៃដំណាក់កាលទី៥ តាមរយៈការតម្លើងផ្ទៃសូឡា នៅកសិដ្ឋានថាមពល The Mohammed bin Rashid Al Maktoum Solar Park ឬហៅកាត់ថា DEWA។ សមិដ្ឋផលថ្មីនេះ បាននាំមកនូវការផលិតថាមពលបានបន្ថែមទៀតក្នុងអានុភាព ៣០០ មេហ្គាវ៉ាត់ ជាគម្រោងទី១ ស្ថិតក្នុងដំណាក់កាលទី៥ ហើយគម្រោងទី២ ក៏នឹងត្រៀមចាប់ផ្ដើមនាខែធ្នូចុងឆ្នាំផងដែរ។

តាមការបញ្ជាក់របស់លោក Waleed Bin Salman នាយកប្រតិបត្តិផ្នែកអភិវឌ្ឍជំនួញរបស់ កសិដ្ឋានថាមពល DEWA បានបញ្ជាក់ថា ស្ថិតក្នុងដំណាក់កាលទី៥ ថាមពលអគ្គិសនី ដែលអាចផលិតបានដោយប្រើប្រាស់កោសិកា Photovoltaic ប្រមាណជា ២.៥ លានគ្រាប់ ដើម្បីស្រូបយកកាំរស្មីព្រះអាទិត្យ ដើម្បីបម្លែងបង្កើតទៅជាថាមពលបៃតង។ នៅពេលបិទបញ្ចប់ដំណាក់ទាំងមូល នឹងមានអានុភាពសរុប ៩០០ មេហ្គាវ៉ាត់បន្ថែមទៀត ហើយមានលទ្ធភាពអាចផ្គត់ផ្គង់ទៅកាន់លំនៅឋានស្ថិតក្នុងភូមិសាស្ត្រទីក្រុងឌុយបៃបានប្រមាណជា ២៧០,០០០ ខ្នង។

ការលេចចេញជាផ្លែផ្កានេះ បានរួមចំនែកយ៉ាងសំខាន់ក្នុងគោលនយោបាយជាតិរយៈពេលវែង ដោយធ្វើយ៉ាងណាកាត់បន្ថយការបំភាយឧស្ម័នពុលចូលទៅក្នុងបរិយាកាសឱ្យបានក្នុងកម្រិងអតិបរមា។ ជាក់ស្ដែងការសម្រេចបានលទ្ធផលនាដើមឆ្នាំ២០២២ នេះ អារ៉ាប់ មានលទ្ធភាពអាចកាត់បន្ថយការបំភាយឧស្ម័នពុលបានប្រមាណជា ១.១៨ លានតោន ជារៀងរាល់ឆ្នាំបន្ថែមទៀត គិតចាប់ពីឆ្នាំ ២០២៣ ខាងមុខតទៅ នេះបើយោងតាមការវាយតម្លៃរបស់អាជ្ញាធរអគ្គិសនី និងរដ្ឋាករទឹកក្រុងឌុយបៃ។

គួរបញ្ជាក់ថា កសិដ្ឋានផ្ទាំងសូឡា DEWA បច្ចុប្បន្នមានអានុភាពផលិតថាមពលបៃតងបានក្នុងកម្លាំង ១,៥២៧ មេហ្គាវ៉ាត់ ដោយអនុភាពនេះអាចកើនឡើងរហូទដល់ទៅ ៥,០០០ មេហ្គាវ៉ាត់ នាឆ្នាំ ២០៣០ ខាងមុខ ហើយនឹងបន្តកើនឡើងរហូតដល់ឆ្នាំ ២០៥០ ដែលធ្វើឱ្យទីក្រុងឌុយបៃទាំងមូលមានលទ្ធភាពប្រើប្រាស់ថាមពលបៃតងសុទ្ធសាតតែម្ដង៕