កម្ពុជា បង្ហាញមុខមាត់ តាមរយៈការប្រារព្ធទិវាជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៌ពិភពលោក ក្នុងទីក្រុងឌុយបៃ

ឌុយបៃ៖ នាដើមឆ្នាំ ២០២២ នេះ កម្ពុជា បានបង្ហាញមុខមាត់ដ៏អស្ចារ្យរបស់ខ្លួនទៅកាន់អន្តរជាតិម្ដងទៀតហើយ ស្ថិតក្នុងព្រឹត្តិការណ៍ពិព័រណ៌ពិភពលោក ឆ្នាំ ២០២០ ដ៏ធំអស្ចារ្យ ដែលប្រារព្ធឡើងនៅក្នុងសហភាពអារ៉ាប់រួម ស្ថិតក្នុងទីក្រុងឌុយបៃ ដែលមានការចូលរួមពីបណ្ដាប្រទេស និងអង្គការអន្តរជាតិធំៗជាង ៥០ ដែលធ្វើឡើងរហូតដល់ទៅ ៦ ខែឯណោះ។

កម្ពុជា បានបង្ហាញមុខមាត់សាជាថ្មីម្ដងទៀត នៅក្នុងទីក្រុងឌុយបៃ នៃសហភាពអារ៉ាប់រួម ក្នុងវត្តមានចូលរួមព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ គឺពិព័រណ៌ពិភពលោក ២០២០ ដោយឈានចូលដើមឆ្នាំ ២០២២ នេះ ទីបំផុតកម្ពុជា ត្រូវបានគណៈកម្មការជ្រើសរើសចូលជាបញ្ជីប្រទេសចំនួន ៣០ ដែលមានលក្ខណៈពិសេសស្របតាមប្រធានបទនៃការតាំងពិព័រណ៌ និងឈានដល់ការប្រារព្ធ ទិវាជាតិកម្ពុជា ក្រោមវត្តមានរបស់ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

វត្តមានរបស់កម្ពុជា នៅទីក្រុងឌុយបៃ ក្នុងព្រឹត្តិការណ៍ពិព័រណ៌ខ្នាតយក្ស បាននាំមកជាមួយពន្លាជាតិកម្ពុជា ដែលត្រូវបានសាងសង់យ៉ាងល្អប្រណីតតាមរចនាបថខ្មែរ ដោយច្របាច់បញ្ចូលគ្នានូវសម័យកាលជាប្រវត្តិសាស្រ្តសំខាន់ៗ ចំនួនបួន គឺ សម័យមុនអង្គរ, សម័យអង្គរ, សម័យលង្វែក ឬសម័យឧត្តុង្គ និងសម័យចតុមុខ ឬសម័យភ្នំពេញបច្ចុប្បន្ន ហើយចំណុចសំខាន់ និងធ្វើឱ្យភ្ញៀវអ្នកទស្សនា មានការចាប់អារម្មណ៍ និងកោតសរសើរ គឺកម្ពុជាបាននាំមកនូវរូបសំណាកចម្លងមួយចំនួន ដូចជា ចម្លាក់តោ, ឆ្មាំអង្គរ, ព្រះវិស្ណុ, ព្រះសិវៈ, ព្រះបាទជ័យវរ័្មនទី៧, ព្រហ្មបាយ័ន ជាពិសេស ម៉ាកែត អង្គរវត្ត ធ្វើពីស្ពាន់ មករៀបចំតុបតែងក្នុងពន្លាជាតិជូនភ្ញៀវទស្សនាផងដែរ។

មិនតែប៉ុណ្ណោះ លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីអត្ថន័យសំខាន់នៃការសាងសង់ពន្លាជាតិកម្ពុជាថា ព្រះរាជាណាចក្រកម្ពុជា គឺជាដែនដីសុវណ្ណភូមិដ៏ចំណាស់មួយនៅក្នុងតំបន់ឤស៊ីឤគ្នេយ៍ និងធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញជាប្រវត្តិសាស្ត្រតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។ កម្ពុជាធ្លាប់មានវប្បធម៌ និងអរិយធម៌រុងរឿង ជាយូរលង់ណាស់មកហើយ តាមរយៈភាពល្បីល្បាញនៃប្រាង្គប្រាសាទបុរាណដ៏អស្ចារ្យជាច្រើន ជាពិសេសប្រាសាទអង្គរវត្ត ដែលបានទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរណ៍ពីទូទាំងពិភពលោកឱ្យទៅទស្សនាកម្ពុជា។ កេរមរតកដែលដូនតាខ្មែរ បានបន្សល់ទុកឱ្យ គួបផ្សំជាមួយនឹងសិល្បៈ និងវប្បធម៌ប្រកបដោយភាពរស់រវើក ព្រមទាំងភាពស្រស់បំព្រងនៃបរិស្ថានធម្មជាតិ ដែលជាសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ទាំងនេះគឺជាចំណុចសំខាន់ៗ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននាំយកមកបង្ហាញពិភពលោក ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនាពេលនេះ។ 

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអំពាវនាវ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះធុរជន និងវិនិយោគិននានា ដែលចង់ស្វែងរកឱកាសបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងស្វាគមន៍ទេសចរអន្តរជាតិទាំងទ្បាយ ដែលមានបំណងទៅទស្សនាកម្ពុជា ដើម្បីស្វែងយល់ពីសម្បត្តិវប្បធម៌ អរិយធម៌ និងធនធានធម្មជាតិដ៏សម្បូរបែប ដែលនៅមានឋិតថេរពីបុរាណរហូតមកដល់បច្ចុប្បន្ន៕

 

 

ប្រភព៖ ក្រសួងពាណិជ្ជកម្ម