វិស័យខុនដូនៅក្នុងទីក្រុងតូក្យូបានកើនឡើងតម្លៃទ្វេដងនៅក្នុងឆ្នាំ 2021 វ៉ាដាច់កំណត់ត្រាកំពូល

តម្លៃខុនដូថ្មីនៅទីក្រុងតូក្យូកាន់តែកើនឡើងបន្ថែមទៀតកាលពីឆ្នាំ 2021 កន្លងទៅ ដោយបានឡើងដល់កំពូលកំណត់ត្រាដែលបានកំណត់កំឡុងពេលនៃការកើនឡើងនៃតម្លៃទ្រព្យសកម្មរបស់ប្រទេសជប៉ុន។ នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃអង្គារដោយវិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យប្រចាំប្រទេសជប៉ុន។ ជាក់ស្ដែងតម្លៃជាមធ្យមនៃខុនដូដែលទើបនឹងសាងសង់ថ្មីបានកើនឡើង 2.9% ក្នុងឆ្នាំ 2021 ដែលស្មើនឹង 62.6 លានយ៉េន ឬ 550,000 ដុល្លារអាមេរិក នៅទូទាំងតំបន់រាជធានីធំៗ។ តួរលេខនេះបានធ្វើឲ្យវិស័យខុនដូនៅប្រទេសជប៉ុនវ៉ាដាច់កំណត់ត្រាខ្ពស់បំផុតកាលពីក្នុងឆ្នាំ 1990 ដែលមានប្រមាណ 61.23 លានយ៉េន។

ភាគច្រើននៅក្នុងសង្កាត់ទាំង 23 ធំនៃទីក្រុងតូក្យូ មានតួលេខនេះលោតឡើង 7.5% ដែលស្មើនឹង 82.93 លានយ៉េន ពោលគឺកើនឡើងពី 80 លានយ៉េនជាលើកដំបូងក្នុងរយៈពេល 3 ទសវត្សរ៍កន្លងមក។ ការកើនឡើងនេះកើតឡើងនៅពេលដែលប្រជាជនកាន់តែច្រើនមករស់នៅក្នុងទីក្រុងតូក្យូ និងតំបន់ជុំវិញនោះ។ ម្យ៉ាងវិញទៀត ការបន្ធូរបន្ថយរូបិយវត្ថុនៅទូទាំងពិភពលោកក៏កំពុងជំរុញការវិនិយោគទៅក្នុងអចលនទ្រព្យបានច្រើន និងជំរុញឱ្យតម្លៃកាន់តែខ្ពស់ផងដែរ។ ជាក់ស្ដែងអ្នកមានតម្រូវការទិញផ្ទះចាប់ផ្ដើមកើនឡើងជាងមុនដែលបានជំរុញឱ្យមានការកើនឡើងនៅក្នុងខេត្តជិតខាងផងដែរ ដោយការលក់ឯកតាកើនឡើង 54.1% នៅតំបន់ Kanagawa, 32.2% នៅតំបន់ Saitama និង 5.9% នៅតំបន់ Chiba ដែលតំបន់ទាំងអស់នេះសុទ្ធតែមានព្រំប្រទល់ជាប់ទីក្រុងតូក្យូ។

សរុបមក 73.3% នៃវិស័យខុនដូដែលទើបសាងសង់ថ្មីដែលបានដាក់លក់នៅទីក្រុងតូក្យូបានរកឃើញអ្នកទិញរហូតដល់ទៅ 70% ទៅហើយនៅក្នុងឆ្នាំ 2021 នោះ។ គួរបញ្ជាក់ថា ខុនដូថ្មីកំពុងពេញនិយមជាពិសេសសម្រាប់គូស្វាមីភរិយាដែលមានប្រាក់ចំណូលខ្ពស់ ហើយការកើនឡើងតម្លៃដី និងកម្លាំងពលកម្មបានជួយជំរុញឱ្យតម្លៃជាមធ្យមសម្រាប់មួយយូនីតនៃខុនដូក្នុងទីក្រុងតូក្យូកើនឡើងជាង 10 លានយ៉េនក្នុងរយៈពេលត្រឹមតែ 2 ឆ្នាំប៉ុណ្ណោះ។