កម្ពុជា ទទួលបានទុនវិនិយោគផ្ទាល់ពីបរទេស ៤,៣៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១


ចន្លោះពីឆ្នាំ ១៩៩៤ មកដល់ឆ្នាំ ២០២១ ទំហំវិនិយោគទុនផ្ទាល់ពីបរទេស (Foreign Direct Investment) មកប្រទេសកម្ពុជា មានទឹកប្រាក់សរុបចំនួន ១៦៨ ទ្រីលានរៀល ប្រហែល ៤១ ប៊ីលានដុល្លារ ក្នុងនោះឆ្នាំ ២០២១ កម្ពុជា ទទួលបានទុនវិនិយោគផ្ទាល់សរុប ៤,៣៥ ប៊ីលានដុល្លារ ដែលកើនឡើង ២២% ធៀបទៅនឹងឆ្នាំ ២០២០ ហើយប្រទេសចិន នៅតែជាវិនិយោគទុនធំបំផុត សម្រាប់កម្ពុជា (ក្នុងនោះ រាប់បញ្ចូលទាំង ចិនដីគោក ហុងកុង ម៉ាកាវ និងតៃវ៉ាន់ផងដែរ) នៅពីក្រោយ។

យោងតាមរបាយការណ៍ ពីធនាគារជាតិនៃកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានបង្ហាញថា គិតចាប់ពីខែសីហា ឆ្នាំ ១៩៩៤ មកដល់ដំណាច់ខែធ្នូ ឆ្នាំ ២០២១ ប្រទេសចិន បានបោះទុនវិនិយោគផ្ទាល់មកប្រទេសកម្ពុជាសរុបចំនួន ១៨ ប៊ីលានដុល្លារ ក្ដោបយក ៤៣,៩% នៃទំហំវិនិយោគបរទេសសរុប, ស្ថិតនៅតាមពីក្រោយ ដោយវិនិយោគទុនកូរ៉េខាងត្បូង ៤,៩ ប៊ីលានដុល្លារ (១១,៩%), សិង្ហបុរី ២,៧ ប៊ីលានដុល្លារ (៦,៥%), វៀតណាម ២,៥ ប៊ីលានដុល្លារ (៦,១%), ជប៉ុន ២,៤ ប៊ីលានដុល្លារ (៥,៩%), និងម៉ាឡេស៊ី ១,៩ ប៊ីលានដុល្លារ (៤,៦%)។

ដោយឡែក ចំពោះឆ្នាំ ២០២១ តែឯង កម្ពុជាទាក់ទាញបាន នូវនិយោគទុនផ្ទាល់ពីបរទេសសរុប ៤,៣៥ ប៊ីលានដុល្លារ (ធៀបទៅនឹងអាស៊ានទាំងមូល ដែលមានទុនវិនិយោគបរទេសសរុប ១៨៤ ប៊ីលានដុល្លារ) ក្នុងនោះដែរ ប្រទេសចិន សហរដ្ឋអាមេរិច និងសិង្ហបុរី ជាវិនិយោគទុនផ្ទាល់ ធំបំផុតរបស់កម្ពុជា។

វិស័យដែលមានអាទិភាព ក្នុងការវិនិយោគផ្ទាល់ពីបរទេស ចន្លោះពីឆ្នាំ ១៩៩៤ មកដល់ ២០២១ មានដូចជា៖ វិស័យហិរញ្ញវត្ថុ ៩,៤ ប៊ីលានដុល្លារ, វិស័យផលិតកម្ម ៨,៥ ប៊ីលានដុល្លារ, វិស័យអចលនទ្រព្យ ៤,៩ ប៊ីលានដុល្លារ, សណ្ឋាគារ និងភោជនីយដ្ឋាន ៤,៤ ប៊ីលានដុល្លារ, វិស័យកសិកម្ម ៤,២ ប៊ីលានដុល្លារ, វិស័យអគ្គិសនី ២,៦ ប៊ីលានដុល្លារ, វិស័យសំណង់ ១,៦ ប៊ីលានដុល្លារ, និងវិស័យផ្សេងទៀតសរុប ៥,៣ ប៊ីលានដុល្លារ។