“បឹងទួលព័ន្ធតាឡី ” គោលដៅទេសចរណ៍ ដែលអាចឲ្យអ្នកផ្តិតយក ទេសភាពសត្វស្លាប បានយ៉ាងស្រស់ស្អាត


សហគមន៍ទួលព័ន្ធតាឡី មានទីតាំងស្ថិតនៅក្នុងស្រុកបាភ្នំ ខេត្ដព្រៃវែង ដែលជាជម្រកសត្វស្លាប ជាច្រើនប្រភេទ ដែលកំពុងប្រមូលផ្តុំគ្នា នៅក្នុងតំបន់នោះនាពេលបច្ចុប្បន្ន។ នៅសហគមន៍ទេសចរណ៍ ទួលព័ន្ធតាឡីនេះ មានសត្វស្លាបយ៉ាងហោចណាស់ ប្រមាណពីរលានក្បាល ជាមួយនឹងផ្ទៃដីតំបន់អភិរក្សសត្វស្លាប នេះមានទំហំជាង 100ហិកតា។ តែយ៉ាងណា តំបន់ទេសចរណ៍មួយនេះ ទើបតែត្រូវបានក្រសួងបរិស្ថាន និងអជ្ញាធរខេត្ត ដាក់បញ្ចូលជាតំបន់អភិរក្សធម្មជាតិ កាលពីឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះប៉ុណ្ណោះ។

លក្ខណៈពិសេស នៃតំបន់ទេសចរណ៍ទួលព័ន្ធតាឡីនេះ គឺនៅពេលល្ងាច មានហ្វូងសត្វស្លាបកម្រជាច្រើនប្រភេទ ហោះហើរស្រែកចេចចាចព្រោងព្រាត រំលេចដោយពណ៌ចម្រុះ យ៉ាងស្រស់ស្អាតនៅលើដែនអាកាស។ រីឯសត្វស្លាបកម្រខ្លះទៀត បណ្ដែតខ្លួនប្រចឹកគ្នាលេងលើផ្ទៃទឹក បន្ទាប់ពីស្វែងរកចំណី នៅភូមិសាស្រ្ដផ្សេងៗ ហើយវិលមករកទ្រនំដ៏សុខសាន្ដ។ ទិដ្ឋភាពទាំងអស់នេះហើយ ដែលជាទស្សនីយភាពដ៏ស្រស់ត្រកាល គួរឱ្យចង់គយគន់ក្នុងតំបន់នេះ។

តំបន់ទេសចរណ៍ ទួលព័ន្ធតាឡី នេះ ក៏នឹងផ្តល់ជាសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងធនធានធម្មជាតិយ៉ាង សម្បូរបែប ដើម្បីគាំទ្រដល់ការអភិវឌ្ឍ សហគមន៍មូលដ្ឋានជាច្រើនផងដែរ ដូចជា៖ ជាបឹងមានទឹកជាអចិន្ត្រៃយ៍ ទាំងនៅក្នុងរដូវប្រាំង និង រដូវវស្សា ដែលផ្តល់នូវប្រភពទឹកស្រោចស្រព ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ និងសម្រាប់ប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ និងក៏ជាអន្លុងត្រីសំខាន់ៗ ដែលជាទីជម្រករស់នៅ និងបន្តពូជរបស់ត្រីជាច្រើនប្រភេទ។