ធនាគារពិភពលោក សម្រេចផ្ដល់ជំនួយ ៦០០ លានដុល្លារ ដល់ស្រីលង្កា ដើម្បីសង្គ្រោះសេដ្ឋកិច្ច


ធនាគារពិភពលោក បានប្រកាសជាផ្លូវការ ក្នុងការរៀបចំផ្ដល់ជំនួយហិរញ្ញប្បទាន ជូនទៅដល់រដ្ឋាភិបាលប្រទេសស្រីលង្កា ដើម្បីយកទៅប្រើប្រាស់សង្គ្រោះ និងដោះស្រាយវិបត្តិសេដ្ឋកិច្ច ដែលកំពុងកើតមានឡើង និងបានអូសបន្លាយពេលវេលាជាង ២ ឆ្នាំមកហើយ ដោយសារតែវិបត្តិនៃជំងឺឆ្លងកូវីដ-១៩។

ធនាគារពិភពលោក ឬ World Bank កាលពីម្សិលមិញនេះ បានចេញសេចក្ដីប្រកាសជាផ្លូវការ ក្នុងការផ្ដល់ជំនួយហិរញ្ញប្បទានចំនួន ៦០០ លានដុល្លារអាមេរិក ដើម្បីឱ្យរដ្ឋាភិបាលស្រីលង្កា យកទៅប្រើប្រាស់ក្នុងការសង្គ្រោះ និងស្ដារសេដ្ឋកិច្ច ដែលកំពុងរងសម្ពាធជាខ្លាំងឡើងវិញ។ ការសម្រេចផ្ដល់ជំនួយនេះ ត្រូវបានអះអាងបន្ថែមថា ធនាគារពិភពលោក នឹងបន្តជួយ និងជ្រុមជ្រែងដល់ស្រីលង្កា ក្នុងការងើបចេញពីបញ្ហាសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន និងបន្តតទៅមុខទៀត។

ប្រភពដដែលបានបញ្ជាក់ទៀតថា ការផ្ដល់ជំនួយហិរញ្ញប្បទាន របស់ធនាគារពិភពលោក នឹងផ្ដល់ជាថវិការដំបូងចំនួន ៤០០ លានដុល្លារអាមេរិក នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីយកទៅដោះស្រាយ បញ្ហាប្រឈមជាច្រើន ពិសេសទាក់ទងទៅនឹង តម្រូវការប្រេងឥន្ធនៈ ដែលមានភាពចាំបាច់ និងសំខាន់មួយក្នុងប្រទេស ក៏ដូចជាឱសថ និងអាហារ ដែលកំពុងខ្វះខាតខ្លាំង។ យ៉ាងណាមិញ ២០០ លានដុល្លារផ្សេងទៀត នឹងមកដល់តាមក្រោយ ដើម្បីយកទៅដោះស្រាយបញ្ហាផ្សេងៗទៀត ដែលកំពុងកើតមានឡើង។

ទន្ទឹមនឹងការផ្ដល់ជំនួយហិរញ្ញប្បទាននេះដែរ រដ្ឋាភិបាលស្រីលង្កា ក៏បានបើកការចរចា ជាមួយនឹង មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF ក្នុងការផ្ដល់ជំនួយ ដើម្បីសង្គ្រោះសេដ្ឋកិច្ច ដែលកំពុងខាតបង់ផងដែរ តាមរយៈការរៀបចំកម្មវិធីជំនួយ ហិរញ្ញប្បទានដូចគ្នា ក្នុងតម្រូវការសាច់ប្រាក់ចន្លោះពី ៣ ទៅ ៤ ពាន់លានដុល្លារអាមេរិកឯណោះ។ មិនតែប៉ុណ្ណោះ ស្រីលង្កា ក៏បានប្រកាសស្នើសុំ ជំនួយបន្ថែមពីបណ្ដាប្រទេសជាមិត្ត ដើម្បីទទួលបានថវិការបានឆាប់រហ័ស ដោយក្នុងនោះ កំពុងចរចាជាមួយចិនក្នុងកម្ចី ១ ពាន់លានដុល្លារផងដែរ។

គួរបញ្ជាក់ថា បញ្ហាសេដ្ឋកិច្ចរបស់ ប្រទេសស្រីលង្កាបានកើតឡើងអស់ ២ ឆ្នាំមកហើយ ហើយក៏ជាការរងគ្រោះផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរជាងគេបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសស្រីលង្កា គិតចាប់តាំងពីពេលដែលប្រទេសនេះទទួល បានឯករាជ្យភាពពេញលេញ កាលពីឆ្នាំ ១៩៤៨។ ស្រីលង្កា ក៏បានប្រកាស ក្នុងការផ្អាកលើការសងបំណុលបរទេសមួយចំនួន ដែលជាម្ចាស់បំណុលរបស់ខ្លួនផងដែរ កាលពីដើមខែមេសាកន្លងទៅហើយបានបញ្ជាក់ថា នឹងបង្វែរទុនបម្រុងតិចតួច ដើម្បីផ្តល់មូលនិធិដល់ការនាំចូលសំខាន់ៗ ដូចជាប្រេងឥន្ធនៈ ឧស្ម័នចម្អិនអាហារ និងថ្នាំពេទ្យ ដែលកំពុងខ្វះខាត និងមានតម្រូវការខ្លាំងបំផុត៕