សមត្ថភាពផលិតថាមពលធ្យូងថ្មរបស់ចិន មានច្រើនជាងពាក់កណ្តាល នៃសមត្ថភាពផលិតថាមពលធ្យូងថ្ម សរុបរបស់ពិភពលោក ក្នុងឆ្នាំ ២០២១


ទោះបីជាកន្លងមកប្រទេសចិន តែងតែប្រកាសក្ដែងៗ ថានឹងចូលរួមទប់ស្កាត់ ការបំភាយកាបូនជាមួយពិភពលោក និងផែនការសម្រេចឲ្យបាន Net-Zero Emission នៅក្នុងឆ្នាំ ២០៦០ យ៉ាងណាក៏ដោយ ក៏ប្រទេសមួយនេះ នៅតែបញ្ចេញសកម្មភាពទាក់ទង នឹងការបំភាយឧស្ម័នដដែល ដោយសារគេឃើញមាន គម្រោងសាងសង់ថាមពលធ្យូងថ្ម រីកដុះដាលពេញប្រទេសជាបន្ដបន្ទាប់។ ជាក់ស្ដែងថ្មីៗនេះ ប្រទេសចិនត្រូវបានគេរាយការណ៍មកថា ច្រើនជាងពាក់កណ្ដាលនៃរោងចក្រថាមពលធ្យូង ក្នុងពិភពលោកគឺជារបស់ចិន នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន South China Morning Post។

ការសាងសង់ស្ថានីយ៍ដុតធ្យូងថ្ម ឬរោងចក្រថាមពលធ្យូងថ្មថ្មី កំពុងកើតឡើងយ៉ាងច្រើន លើសលប់នៅអាស៊ី ដោយក្នុងនោះប្រទេសចិន មានចំណែកចូលរួមប្រមាណចំនួន ៥២% នៃសមត្ថភាពផលិតថាមពលធ្យូងថ្មប្រមាណ ១៧៦ ជីហ្គាវ៉ាត់ ដែលកំពុងសាងសង់ក្នុងប្រទេសចំនួន ២០ កាលពីឆ្នាំ ២០២១ កន្លងទៅ។ ដូចគ្នានេះដែរ យោងតាមការសិក្សាដែលចេញផ្សាយ ដោយអង្គការស្រាវជ្រាវថាមពលសកល (GEM) មិនស្វែងរកប្រាក់ចំណេញ បានឱ្យដឹងថា កងនាវារបស់ពិភពលោក ដែលដំណើរការរោងចក្រដុតធ្យូងថ្ម បានកើនឡើង ១៨,២ ជីហ្គាវ៉ាត់ក្នុងឆ្នាំ ២០២១ ដែលភាគច្រើន ត្រូវបានជំរុញដោយប្រទេសចិន។ ខណៈប្រទេសចិនតែឯង បានបន្ថែម សមត្ថភាពផលិតថាមពលធ្យូងថ្មថ្មីប្រមាណ ២៥,២ ជីហ្គាវ៉ាត់ ក្នុងឆ្នាំ ២០២១ ដែលស្មើនឹងជាងពាក់កណ្តាល នៃចំនួនសរុបនៃថាមពលចំនួន ៤៥ ជីហ្គាវ៉ាត់ទូទាំងពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ ចំនួននេះវាស្ទើរតែ ជំនួសកន្លែងរោងចក្រធ្យូងថ្ម ដែលបានចូលនិវត្តន៍ កាលពីឆ្នាំមុនប្រមាណ ២៦,៨ ជីហ្គាវ៉ាត់ទៅហើយ។

គួររំលឹកថា ទីភ្នាក់ងារថាមពលអន្តរជាតិ តែងតែព្រមាន និងក្រើនរំលឹកថា ដើម្បីឈានដល់ Net-Zero Emission ត្រឹមឆ្នាំ ២០៥០ ពិភពលោកគួរតែបញ្ឈប់ការវិនិយោគថ្មីៗ នៅក្នុងរោងចក្រថាមពលធ្យូងថ្ម ចាប់ពីឆ្នាំ ២០២១ ទៅ។ តែរហូតមកដល់ពេលនេះមាន ប្រទេសជាង ៤០ បានសន្យាថា នឹងលុបចោលធ្យូងថ្ម និងកាត់បន្ថយការបំភាយ ផ្នែកថាមពល ក្នុងអំឡុងពេលកិច្ចប្រជុំ COP26 នៅទីក្រុង Glasgow កាលពីខែវិច្ឆិកា ដែលជាកិច្ចប្រជុំកំពូលស្តី ពីការប្រែប្រួលអាកាសធាតុ ដ៏ធំបំផុតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។