រដ្ឋាភិបាលវៀតណាម ត្រៀមផែនការពង្រីកថាមពលបៃតង ឱ្យបានទ្វេដង នៅឆ្នាំ ២០៣០


ហាណូយ៖ រដ្ឋាភិបាលវៀតណាម បានកំពុងរៀបចំគោលនយោបាយជាតិ រយៈពេលវែង ក្នុងការរៀបចំឱ្យការ ផលិតថាមពលអគ្គិសនី កាន់តែប្រសើរឡើង ដោយធ្វើយ៉ាងណាថាមពលបៃតង អាចមានចំនួនកើនឡើងទ្វេដង ក្នុងគោលដៅឆ្ពោះទៅកាន់ឆ្នាំ ២០៥០ ដែលជាពេលវេលាវៀតណាម ត្រូវកែប្រែខ្លួនទៅជាប្រទេសមិនបំភាយឧស្ម័នពុល។

រដ្ឋាភិបាលវៀតណាម បានកំពុងរៀបចំគម្រោងការ ក្នុងការជម្រុញបន្ថែមទៀត ធ្វើយ៉ាងណាឱ្យលទ្ធភាព ផលិតថាមពលអគ្គិសនីបៃតង កើនឡើងទ្វេដង ជាមួយនឹងសមត្ថភាពអាចផលិត បានក្នុងទំហំប្រមាណជា ១៤៦.០០០ មេហ្គាវ៉ាត់ នៅឆ្នាំ ២០៣០ ខាងមុខ ដើម្បីឆ្លើយតបទៅនឹង សេចក្ដីត្រូវការក្នុងស្រុក និងក្នុងនាមជាប្រទេសកសិកម្ម និងឧស្សាហកម្មធំមួយ នៅអាស៊ីអាគ្នេយ៍។ ការរៀបចំគោលនយោបាយ ដែលជាផែនការជាតិដ៏សំខាន់នេះ នឹងដាក់ជូន លោកនាយករដ្ឋមន្ត្រីវៀតណាម ពិនិត្យនាខែក្រោយនេះ។

តាមរយៈការរៀបចំសេចក្ដីព្រៀងនេះដែរ វៀតណាម មានផែនការធ្វើយ៉ាងណា កាត់បន្ថយការបង្កើត ក៏ដូចជាការ ផលិតថាមពលអគ្គិសនី ចេញពីរោងចក្រអគ្គិសនីប្រើប្រាស់ធ្យូងថ្ម នៅលើផ្ទៃប្រទេសឱ្យបានកាន់តែច្រើន តាមលទ្ធភាពអាចធ្វើទៅបាន។ ទន្ទឹមនឹងការកាត់បន្ថយនោះ វៀតណាម នឹងលើកទឹកចិត្ត និងផ្ដល់នូវមធ្យោបាយងាយស្រួល ទៅដល់ក្រុមហ៊ុនវិនិយោគ ណាដែលងាកមកប្រើប្រាស់អ៊ីដ្រូសែន និងអាម៉ូញាក់វិញ ក្នុងការសម្របសម្រួលរបស់រដ្ឋាភិបាល ឆ្ពោះទៅកាន់ឆ្នាំ ២០៥០។

ផែនការនេះ នឹងត្រូវដាក់ឱ្យពិនិត្យ និងសិក្សាបន្ថែមទៀត ទៅលើលទ្ធភាព នៃការរៀបចំគម្រោងការនេះ មុននឹងសម្រេចជាផ្លូវការ ដោយលទ្ធភាពនៃការអនុម័ត អាចមានច្រើនជាងការមិនអនុម័ត ដោយហេតុថា វៀតណាម បានប្រកាសទៅដល់ពិភពលោក ក្នុងកិច្ចប្រជុំ COP26 កាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះថា នឹងកែប្រែខ្លួនទៅជា ប្រទេសគ្មានឧស្ម័នពុលនៅឆ្នាំ ២០៥០ ខាងមុខ។ សេចក្ដីប្រកាសនេះ វៀតណាម ត្រូវរៀបចំគោលនយោបាយជាតិ រយៈពេលវែង ដោយសម្លឹង ក៏ដូចជាទាញវិនិយោគិន មកវិនិយោគក្នុងវិស័យថាមពល ឱ្យបានកាន់តែច្រើន។

គួរបញ្ជាក់ថា បច្ចុប្បន្នវៀតណាម គឺជាប្រទេសឈរ ក្នុងលំដាប់ថ្នាក់លេខ១ ដែលផលិតថាមពលបៃតងបានច្រើនជាងគ និងធំជាងគេបំផុត នៅអាស៊ីអាគ្នេយ៍គិតត្រឹមចុងឆ្នាំ ២០២១ កន្លងទៅ ជាមួយនឹងលទ្ធភាពអាចផលិតថាមពលបៃតង បានរហូតដល់ទៅ ៧៦.៦២០ មេហ្គាវ៉ាត់ ដោយក្នុងនោះ ២៧% កើតចេញពីកម្លាំងខ្យល់ និងកាំរស្មីព្រះអាទិត្យ៕