ក្រុមហ៊ុនភេសជ្ជៈ ThaiBev ប្រទេសថៃ គឺជាក្រុមហ៊ុនភេសជ្ជៈធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍!

នៅក្នុងប្រទេសថៃមានក្រុមហ៊ុនផលិតភេសជ្ជៈជាច្រើន ដែលសុទ្ធតែបានវាយលុកចូលទីផ្សារបរទេស ហើយភាគច្រើននៅតំបន់អាស៊ីអាគ្នេយ៍ភេសជ្ជៈរបស់ថៃ បានក្ដោបយកទីផ្សារមួយភាគធំ។ ក្រុមហ៊ុនភេសជ្ជៈធំបំផុតនៅប្រទេសថៃមានឈ្មោះថា Thai Beverage (ThaiBev) ដែលវាក៏ជាក្រុមហ៊ុនភេសជ្ជៈធំជាងគេនៅអាស៊ីអាគ្នេយ៍យើផងដែរ ដោយបានបើកដំណើរការចាប់ពីឆ្នាំ ២០០៣ មកដល់បច្ចុប្បន្ន។ រយៈពេល ១៦ ឆ្នាំមកនេះ ក្រុមហ៊ុន ThaiBev បានស្ថិតនៅលំដាប់លេខ ៥ ក្នុងទ្វីបអាស៊ី និងលេខ ១ នៅអាស៊ីអាគ្នេយ៍ ជាមួយមូលធនទីផ្សារសរុប ១៨ ពាន់លានដុល្លារ និងលំដាប់លេខ ៦ ដែលរួមចំណែកទីផ្សារលក់ភេសជ្ជៈរហូតដល់ទឹកប្រាក់ ៥,៨៥០ លានដុល្លារ កាលពីឆ្នាំ ២០១៨ នៅអាស៊ី។

សារព័ត៌មាន Bangkok Post បានចុះផ្សាយថា ក្រុមហ៊ុន ThaiBev កំពុងតែដាក់គោលដៅធំបន្ថែមទៀតនៅក្នុងរយៈពេល ៦ ឆ្នាំខាងមុខ ពោលគឺនៅត្រឹមឆ្នាំ ២០២៥ ក្រុមហ៊ុននេះនឹងវាយលុកខ្លាំងក្នុងទីផ្សារភេសជ្ជៈទ្វីបអាស៊ីទាំងមូល ហើយផ្ដោតសំខាន់ទៅលើភេសជ្ជៈសុខភាព និងភេសជ្ជៈប៉ូវកម្លាំងដើម្បីឲ្យជំរុញការប្រកួតប្រជែងតំបន់អាស៊ីអាគ្នេយ៍ និងជួយដល់កំណើនសេដ្ឋកិច្ច ក៏ដូចជាបំពេញតម្រូវការប្រជាជនដ៏ច្រើននៅតំបន់អាស៊ីផងដែរ។ លោក Thapana Sirivadhanabhakdi អគ្គនាយកក្រុមហ៊ុន ThaiBev បានលើកឡើងថា ក្រុមហ៊ុននឹងពង្រីករោងចក្រផលិតភេសជ្ជៈរបស់ខ្លួនបន្ថែមទៀត ដោយនៅទីតាំងទាំង ៣ ក្នុងខេត្ត Kamphaeng Phen និងនៅទីក្រុង Ayutthaya ដោយចំណាយទឹកប្រាក់ប្រហែល ២៣០ លានដុល្លារបន្ថែមទៀត ក្នុងការពង្រឹងសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់ទីផ្សារឲ្យទាន់តម្រូវការ។ 

លោក Thapana បានបញ្ចាក់ថា ក្នុងតំបន់ប្រជាជាតិអាស៊ីអាគ្នេយ៍យើងនេះ ភេសជ្ជៈគឺជាតម្រូវការដ៏ចាំបាច់មួយ ហើយថែមទាំងជាតំបន់មានប្រជាជនច្រើនទៀតផង នឹងអាចកើនដល់ ៦៦០ លាននាក់ទៅ ៧០០ លាននាក់នៅត្រឹមឆ្នាំ ២០២៥។ ហើយបើគិតតែប្រទេសថៃ មីយ៉ាន់ម៉ា និងវៀតណាម គឺមានប្រជាជនជាង ២២០ លាននាក់ទៅហើយ ដូចនេះគឺជាឱកាសធំបំផុតសម្រាប់ពង្រីកទីផ្សារភេសជ្ជៈរបស់ខ្លួន។ លោក Thapana ក៏បានលើកឡើងដែរថា កម្ពុជាគឺជាទីផ្សារដ៏ធំមួយរបស់ក្រុមហ៊ុន ThaiBev ដែលក្នុងនោះមានភេសជ្ជៈជាច្រើនប្រភេទកំពុងចរាចរយ៉ាងសកម្ម ទាំងផ្នែកស្រាបៀរ ទឹកដោះគោ តែបៃតង និងភេសជ្ជៈទឹកក្រូចជាច្រើនប្រភេទទៀត។ 

គួសបញ្ជាក់ថា ក្រុមហ៊ុន ThaiBev គឺជាដៃគូរប្រកួតប្រជែងធំបំផុតរបស់ក្រុមហ៊ុន Sabeco របស់ប្រទេសវៀតណាម ដោយការស្រាវជ្រាវបង្ហាញឲ្យឃើញថា ស្រាបៀរ Chang និងស្រាបៀរ Bia Saigon របស់ក្រុមហ៊ុនទាំង ២ នេះបានក្ដោបយកទីផ្សារស្រាបៀរសរុប ២៣% នៅអាស៊ីអាគ្នេយ៍ទៅហើយ។ 

យ៉ាងណាមិញ សម្រាប់គោលដៅ ៦ ឆ្នាំត្រឹមឆ្នាំ ២០២៥ នេះ ក្រុមហ៊ុន ThaiBev នឹងផ្ដោតសំខាន់ទៅលើភេសជ្ជៈគ្មានជាតិអាកុល (Non-alcohol segment) ដែលផ្ដោតសំខាន់ទៅលើទីផ្សារប្រទេសថៃ មីយ៉ាន់ម៉ា កម្ពុជា វៀតណាម និងឡាវ ដោយមើលឃើញថាភេសជ្ជៈក្នុងតំបន់អាស៊ានដីគោកទាំងនេះ ភាគច្រើនផ្ដោតទៅលើស្រាបៀរខ្លាំង ចំណែកភេសជ្ជៈនានា មិនទាន់រឹងមាំនៅឡើយទេ ហើយក្រុមហ៊ុន ThaiBev នឹងដាក់គោលដៅទីផ្សារអាស៊ានឲ្យបានដល់ ៥០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥។