អារ៉ាប់នឹងស្វាគមន៍ភ្ញៀវទេសចរ ១០០ លាននាក់ និងបង្កើតទីផ្សារការងារឱ្យបាន ១ លានកន្លែងនាឆ្នាំ ២០៣០


ប្រទេសមហាសេដ្ឋីប្រេងសហព័ន្ធអារ៉ាប់រួម មានចក្ខុវិស័យ និងនយោបាយជាតិរយៈពេលវែង ក្នុងការបង្កើនលទ្ធភាព ស្វាគមន៍ភ្ញៀវទេសចរពីអន្តរជាតិ ឱ្យទៅកំសាន្តនៅអារ៉ាប់ ឱ្យបានកាន់តែច្រើនបន្ថែមទៀត ក្នុងរយៈពេលប្រមាណជា ៨ ឆ្នាំខាងមុខទៀត ធ្វើយ៉ាងណាអាចទាក់ទាញ ភ្ញៀវឱ្យបាន ១០០ លាននាក់ក្នុងមួយឆ្នាំ។

រដ្ឋាភិបាលអារ៉ាប់ បានផ្លាស់ប្ដូរចក្ខុវិស័យវែងឆ្ងាយ នៃដំណើរការប្រទេស ដោយផ្ដោតសំខាន់ទៅលើវិស័យទេសចរណ៍ ក៏ដូចជាវិស័យសំខាន់ៗផ្សេងៗទៀត ចេញពីឧស្សាហកម្មប្រេង ព្រោះយើងទាំងអស់គ្នាបានដឹងរួចទៅហើយថា អនាគតរថយន្ត គ្រឿងចក្រ តូចធំ នឹងឈប់ប្រើប្រាស់ប្រេង ដោយជំនួសមកវិញនូវ ការប្រើប្រាស់ថាមពលអគ្គិសនីជំនួសវិញ។ ដោយសម្លឹងមើលវែងឆ្ងាយ អារ៉ាប់បានចាប់យកវិស័យទេសចរណ៍ ដើម្បីពង្រីកមុខមាត់ប្រទេស ដោយសម្រេចយកឆ្នាំ ២០៣០ ធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរពីគ្រប់ទិសទី នៅក្នុងពិភពលោកឱ្យ ទៅកំសាន្តនៅអារ៉ាប់ឱ្យបាន ១០០ លាននាក់ក្នុងមួយឆ្នាំ។

តាមរយៈផែនការមេនេះដែរ បច្ចុប្បន្ន និងទៅថ្ងៃអនាគត អារ៉ាប់កំពុងពង្រឹង ក៏ដូចជាបង្កើតឱ្យមាន ហេដ្ឋារចនាសម្ព័ន្ធធំៗ រមណីយដ្ឋាន ទីក្រុង សំណង់អគារ និងជាច្រើនផ្សេងទៀត គឺមានគោលបំណងទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាវិនិយោគិនតូចធំ ឱ្យចូលទៅវិនិយោគនៅអារ៉ាប់ឱ្យបានកាន់តែច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ។ លោក Qusai Al-Fakhri នាយកប្រតិបត្តិនៃមូលនីធិ អភិវឌ្ឍន៍វិស័យទេសចរណ៍ អារ៉ាប់បានឱ្យដឹងថា វិស័យទេសចរណ៍របស់អារ៉ាប់ នឹងមានភាពរីកចំរើនខ្ពស់ ដោយរដ្ឋាភិបាលនឹង ផ្ដោតសំខាន់ទៅលើវិស័យនេះ ជាជាងវិស័យប្រេង។

លោក Qusai Al-Fakhri បានបន្ថែមទៀតថា នៅពេលដែលវិស័យទេសចរ ចាប់ផ្ដើមកើនឡើង អារ៉ាប់ក៏នឹងទទួលបាន ប្រាក់ចំណូលយ៉ាងច្រើន និងជួយទៅដល់សេដ្ឋកិច្ចជាតិ ពិសេសជីវភាពរបស់ ប្រជាពលរដ្ឋនៅក្នុងប្រទេស។ មិនតែប៉ុណ្ណោះ ស្ថិតក្រោមការជួយជ្រុមជ្រែង ពីសំណាក់រដ្ឋាភិបាល អារ៉ាប់នឹងកែប្រែខ្លួនទៅជាប្រទេស ដែលមានវិស័យទេសចរណ៍ដ៏សំបូរបែប និងមានបិដសណ្ឋារកិច្ ចដ៏ល្អនាថ្ងៃអនាគត ជាមួយនឹងប្រព័ន្ធអេកូទេសចរណ៍ ប្រព័ន្ធអេកូឡូស៊ីដ៏ប្រសើរ ព្រោះអារ៉ាប់មានរមណីយដ្ឋានទេសចរណ៍ប្លែកៗ ដែលពុំចាំបាច់ចម្លង ពីប្រភពណាទាំងអស់។

ស្ថិតក្នុងភាពរីកចំរើនសម្រាប់រយៈពេលប្រមាណ ៨ ឆ្នាំទៅមុខទៀតនេះ អារ៉ាប់ នឹងមានលទ្ធភាពបង្កើតទីផ្សារការងារ ជូនពលរដ្ឋស្ថិតក្នុងវិស័យទេសចរណ៍ ឱ្យបានយ៉ាងហោចណាស់ ១ លានកន្លែង ឬអាចច្រើនជាងនេះថែមទៀត។ ក្រៅពីវិស័យទេសចរណ៍ នៅមានវិស័យសំខាន់ៗជាច្រើនផ្សេងទៀត ដែលនឹងទទួលបានការវិនិយោគពីបរទេស ឬការវិនិយោគក្នុងស្រុក ដែលញាំងឱ្យទីផ្សារការងារនៅអារ៉ាប់រួម កាន់តែប្រសើរឡើង រួមចំណែកលើកស្ទួយ ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែ ប្រសើរឡើងថែមមួយកម្រិតទៀត៕