កម្ពុជា រំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ១ លាននាក់នៅឆ្នាំ ២០២២


ក្រសួងទេសចរណ៍ រំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១ លាននាក់នៅឆ្នាំនេះ ដោយសារមើលឃើញពី ភាពប្រសើរឡើង នៃចំនួនភ្ញៀវទេសចរដើរកម្សាន្ដ ក្នុងផ្ទៃប្រទេស រយៈពេល ៤ ខែកន្លងមកនេះ ដែលយើងទទួលបាន ភ្ញៀវទេសចរអន្តរជាតិសរុប ២៤១.៤៨៥ នាក់ បានកើនឡើង ១៩១% ធៀបទៅនឹងឆ្នាំមុន ចំណែកភ្ញៀវទេសចរជាតិវិញ មានរហូតដល់ ៥ លាននាក់ កើនឡើង ១៦១% ផងដែរ។ ដូចនេះ នៅឆ្នាំ២០២២ ក្រសួងទេសចរណ៍ដាក់គោលដៅ ទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពី ៨ សែននាក់ ទៅ ១ លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៨ លាននាក់។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ដោយសារកត្តាសន្ដិភាព និងភាពជោគជ័យនៃ យុទ្ធនាការចាក់វ៉ាក់សាំង ប្រជាពលរដ្ឋទូទាំងប្រទេស បានធ្វើឲ្យកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរ មកពីគ្រប់ទិសទី។ ម្យ៉ាងទៀត រាជរដ្ឋាភិបាល បានដាក់ចេញវិធានការណ៍ គោលនយោបាយជាបន្ដបន្ទាប់ ដើម្បីធានាសុវត្ថិភាព វិស័យទេសចរណ៍ ពីជំងឺកូវីដ-១៩ ដែលជាសរសរស្ដម្ភសំខាន់មួយនៃឆ្អឹងខ្នង កំណើនសេដ្ឋកិច្ចនៅកម្ពុជា។

រយៈពេល ២ ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបាន បញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ១៥០ លានដុល្លារ សម្រាប់ទ្រទ្រង់ដល់ អាជីវកម្មទេសចរណ៍ ដែលរងផលប៉ះពាល់ពី វិបត្តិជំងឺកូវីដ-១៩ ក្នុងគោលបំណងជួយវិស័យនេះ ជួយអាជីវកម្មងើបឡើងវិញ និងធ្វើទំនើបកម្ម សេវាកម្មទេសចរណ៍ឲ្យមានភាពធន់។ ម្យ៉ាងទៀត ក្រសួងទេសចរណ៍អំពាវនាវ ដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជួយផ្សព្វផ្សាយសក្ដានុពល ទេសចរណ៍ប្រទេសកម្ពុជា ទាំងទេសចរណ៍ជាតិ និងអន្តរជាតិ មិនថាទាំងផ្នែក ទេសចរណ៍ទីក្រុង អេកូទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌ប្រពៃណី ទេសចរណ៍សាសនា ជាដើម។

ក្រសួងទេសចរណ៍ រំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើន នៅក្នុងឆ្នាំនេះ ដែលមកពីទិសដៅ ប្រទេសចិន វៀតណាម ថៃ ម៉ាឡេស៊ី ហ្វីលីពីន កូរ៉េខាងត្បូង ជប៉ុន បារាំង អង់គ្លេស សហរដ្ឋអាមេរិច ជាដើម ដែលអាចនឹងមានដល់ ១ លាននាក់នៅដំណាច់ឆ្នាំ។

លើសពីនេះ ប្រសិនបើកម្ពុជា នៅអាចរក្សាតំណែង ជាគោលទៅទេសចរណ៍ សុវត្ថិភាពពីជំងឺកូវីដ-១៩ នោះនៅត្រឹមឆ្នាំ ២០២៥ កម្ពុជា នឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ា ងតិច ៧ លាននាក់ និងភ្ញៀវទេសចរជាតិ ១១ លាននាក់។