ពិធីបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់ លើផ្ទៃដី ៣ ហិចតា


ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិង លោក ព្យែរ ប៊ែយ៉េ លេខាធិការអចិន្ត្រៃយ៍នៃសមាគម អន្តរជាតិនៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២២នេះ អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនា "ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់" មានទីតាំងស្ថិតនៅក្នុង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីជំរុញការ លើកកម្ពស់អនាម័យបរិស្ថាននៅ រាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរ ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ រាជធានីភ្នំពេញនាពេលបច្ចុប្បន្នមានការ អភិវឌ្ឍយ៉ាងខ្លាំង ទាំងបែបទូលាយ និងបែបជម្រៅ ក្នុងនោះព្រំប្រទល់រដ្ឋបាល ត្រូវបានពង្រីកពី ៣០០ ទៅ ៦៩២,៤៦ គីឡូម៉ែត្រក្រឡា មានប្រជាជនរស់នៅ និងស្នាក់នៅបម្រើការងារប្រមាណ ៣លាននាក់។ ទន្ទឹមនឹងនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានតម្រង់ទិសនៃ ការអភិវឌ្ឍវិស័យ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងរាជធានីភ្នំពេញ ឱ្យយកចិត្តទុកដាក់ដោះស្រាយការកកស្ទះ៖ ០៣ យ៉ាង នោះគឺ "ទី១-ការកកស្ទះចរាចរណ៍, ទី២-ការកកស្ទះ លូ-ប្រឡាយ និងទី ៣-ការកកស្ទះសំរាម" ព្រោះថាជាកត្តាសត្យានុម័ត សេដ្ឋកិច្ចជាតិកើនឡើង, ទីក្រុងកាន់តែរីក, ប្រជាជនកាន់តែច្រើន, សម្ភារៈប្រើប្រាស់កាន់តែសម្បូរបែប ដូច្នេះការផ្តល់សេវាតម្រូវការ និងសេវាសំណូមពរជូនប្រជាពលរដ្ឋ ក៏ត្រូវមានការកើនឡើង ដោយចៀសមិនរួច។

ឯកឧត្តមបញ្ជាក់ថា ការសម្រេចសាងសង់ស្ថានីយ៍នេះ មានសារសំខាន់ណាស់សម្រាប់ អនាម័យបរិស្ថាននៅរាជធានីភ្នំពេញ ខណៈដែលការសិក្សា នៅឆ្នាំ ២០០១ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញ មានចំនួន ២៦.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ និងមានការកើនឡើងជាលំដាប់ ហើយតាមការប៉ាន់ស្មាននៅឆ្នាំ ២០៣៥ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់ ៣៣០.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ ពោលគឺកើនឡើងជិត ១៣ ដង ដូច្នេះទាមទារឱ្យយើង ត្រូវយកចិត្តទុកដាក់គ្រប់គ្រង ជាពិសេសរៀបចំអាងប្រព្រឹត្តកម្មសំណល់នេះ ឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដារបច្ចេកទេស។

ឯកឧត្តមបន្តថា “នេះហើយគឺជាកម្ពុជាពិត” ដែលក្នុងពេលអតីតកាល យើងគ្មានឡើយតម្រូវការ ស្ថានីយប្រព្រឹត្តកម្មប្រភេទនេះ ព្រោះប្រជាជន យើងមានជីវភាពខ្វះខាត គា្មនអាហារបរិភោគគ្រប់គ្រាន់ និងគ្មានឡើយស្តង់ដាររស់នៅ។ ប៉ុន្តែក្នុងសម័យតេជោ ជីវភាពប្រជាជនយើង កាន់តែមានភាពល្អប្រសើរ និងមានអាហារបរិភោគគ្រប់គ្រាន់ ដូច្នេះស្តង់ដារ នៃការរស់នៅក្នុងទីក្រុង ក៏ត្រូវតែលើកកម្ពស់ឱ្យកាន់តែប្រសើរឡើង ជាលំដាប់ផងដែរ។ រាជធានីភ្នំពេញ គឺពិតជាមានភាពចាំបាច់ និងមានសារសំខាន់ខ្លាំងណាស់ ដើម្បីលើកកម្ពស់អនាម័យសាធារណៈ ឆ្លើយតបទៅនឹងអត្រាកំណើន ប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច នគរូបនីយកម្ម ការពង្រីកទីក្រុង និងការកើនឡើងផ្នែកជីវភាព- តម្រូវការរស់នៅកាន់តែ ស៊ីវិល័យរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះគម្រោងនេះ នឹងផ្តល់នូវអត្ថប្រយោជន៍សំខាន់ចំនួន ៣ រួមមាន (ទី១) អត្ថប្រយោជន៍ផ្នែកបរិស្ថាន តាមរយៈការគ្រប់គ្រងសំណល់ភក់បង្គន់ បានត្រឹមត្រូវ, (ទី២) អត្ថប្រយោជន៍ផ្នែកសង្គម តាមរយៈការបង្កើតការងារ និងកែច្នៃសំណល់ភក់បង្គន់ទៅ ជាជីសរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមី និង (ទី៣) អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច តាមរយៈការលក់ជីសរីរាង្គដែល ផលិតបានទៅក្នុងទីផ្សារកសិកម្ម ឬអាចនិយាយបានថា "យកសំណល់ គ្រប់គ្រងសំណល់”។

លោក ព្យែរ ប៊ែយ៉េ បានមានប្រសាសន៍លើកឡើងផងដែរ ការរៀបចំអាងប្រព្រឹត្តកម្មសំណល់ភក់បង្គន់នេះ ជាគោលនយោបាយមួយ ធ្វើឱ្យប្រសើរឡើង នៃការរស់នៅរបស់ ប្រជាពលរដ្ឋនៅភ្នំពេញ ប្រកបដោយសុខុមាលភាព ដោះស្រាយបម្រែបម្រួលអាកាសធាតុ។ សំណល់ភក់បង្គន់នេះ នឹងប្រែក្លាយទៅជាជីសម្រាប់ បងប្អូនប្រជាពលរដ្ឋធ្វើកសិកម្ម ហើយវានឹងផ្តល់ការងារជូន ក្រុមហ៊ុនតូចតាច មានការងារធ្វើផងដែរ៕