តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ រកចំណូលបានជាង ៤,៤ លានដុល្លារ នៅត្រីមាសទី១


តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បច្ចុប្បន្នគ្រប់គ្រងដោយក្រុមហ៊ុន Royal Group ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ទទួលបានចំណូល កើនឡើងខ្ពស់រហូតដល់ ១៥៣% ធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយប្រតិបត្តិការវិនិយោគនៅតែរឹងមាំ ជាពិសេសសំណង់ រោងចក្រសហគ្រាសថ្មីៗ ដែលបានពង្រីកសេវាកម្មកាន់តែធំជាងមុន។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុ ចុះផ្សាយនៅផ្សារមូលបត្រកម្ពុជា (CSX) អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group បានបង្ហាញថា តំបន់សេដ្ឋកិច្ចភ្នំពេញ ទទួលបានចំណូលសរុបប្រមាណ ១៨ ពាន់លានរៀល (ប្រហែល ៤,៤៤ លានដុល្លារ) នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ដែលកើនឡើងជិត ១៥៣% ធៀបទៅនឹងចំណូលត្រឹម ៧,១៤ ពាន់លានរៀល (ប្រហែល ១,៧៥ លានដុល្លារ) រយៈពេលដូចគ្នាឆ្នាំមុន។

ចំពោះការជួលរោងចក្រសហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតនៅមានស្ថេរភាពដដែល ប៉ុន្តែចំណូលបានធ្លាក់ចុះបន្តិច ដោយសារការលើកទឹកចិត្តដល់ក្រុមហ៊ុនជួល។ យ៉ាងណាមិញ ចំណូលទទួលបានច្រើនពីអាជីវកម្មសំណង់ ដែលក្រុមហ៊ុនវិនិយោគថ្មីៗ សេវាកម្មសាងសង់កើនឡើងបំពេញតម្រូវការអតិថិជន។

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គ្រប់ដណ្ដប់លើផ្ទៃដីសរុប ៣៥៧ ហិកតា ដែលមានប្រតិបត្តិការវិនិយោគ រោងចក្រ សហគ្រាស សេវាកម្មសរុបចំនួន ៩៥ មកពី ១២ ប្រទេស និងមានក្រុមហ៊ុនអន្តរជាតិជាង ៨០ មកពី ១៥ ប្រទេសផ្សេងៗគ្នា។ ភាគច្រើនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ទទួលបានការវិនិយោគមកពី ប្រទេសជប៉ុន ចិន សិង្ហបុរី សហរដ្ឋអាមេរិច ម៉ាឡេស៊ី ហូឡង់ និងអូស្ត្រាលីជាដើម រួមមានរោងចក្រផលិតគ្រឿងបន្លាស់យានយន្ដ សម្លៀកបំពាក់ ចំណីអាហារ និងភេសជ្ជៈ ផលិតផលប្លាស្ទិក គ្រឿងអេឡិចត្រូនិច ដែលផ្ដល់ការងារប្រមាណ ៣ ម៉ឺន ៤ ពាន់កន្លែង។

គួររំលឹកថា នៅចុងឆ្នាំ ២០២១ ក្រុមហ៊ុន Inter Logistics (Cambodia) Co., Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Royal Group បានទិញភាគហ៊ុន ៤៥% នៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្លាយទៅជាក្រុមហ៊ុនមានភាគហ៊ុនធំជាងគេ នៃតំបន់សេដ្ឋកិច្ចពិសេសនេះ ក្នុងគោលបំណងពាំនាំមក នូវប្រព័ន្ធបច្ចេកវិទ្យាថ្មី ការគ្រប់គ្រង យុទ្ធសាស្ត្រអាជីវកម្ម ការអ្នកវិនិយោគបន្ថែមទៀត អភិវឌ្ឍន៍ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ គូសបញ្ជាក់ថា នៅឆ្នាំ ២០២១ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សម្រេចការនាំចេញបានទំហំទឹកប្រាក់ ៦៧៣ លានដុល្លារ។