រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក សេដ្ឋកិច្ចក្នុងវិស័យឌីជីថល ជាប្រភពកំណើនថ្មី និងអាចជួយជំរុញបង្កើន ផលិតភាពសម្រាប់វិស័យផ្សេងទៀត


(ដាវ៉ូស-ក្លូស្ទ័រ)៖ កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទ ពាណិជ្ជកម្មសេវាក្នុងវិស័យឌីជីថល ក្នុងកិច្ចប្រជុំ ប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស។ ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងនូវចំណាប់អារម្មណ៍ លើការកើនឡើងយ៉ាងឆាប់រហ័ស នៃពាណិជ្ជកម្មសេវាក្នុងវិស័យឌីជីថល នៅជុំវិញពិភពលោក ជាពិសេសក្នុងអំឡុងពេល ជំងឺរីករាលដាលកូវីដ-១៩។ ឯកឧត្តមបានបន្ដថា ដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩ និងចាប់យកនូវកាលានុវត្តភាព រាជរដ្ឋាភិបាលកម្ពុជាបាន ចាត់ទុកសេដ្ឋកិច្ចក្នុង វិស័យឌីជីថល ជាប្រភពកំណើនថ្មី និងអាចជួយជំរុញបង្កើន ផលិតភាពសម្រាប់វិស័យ ផ្សេងទៀតផងដែរ។

ឯកឧត្តមបានបន្ថែមទៀតថា ក្នុងវត្ថុបំណងជំរុញនវានុវត្តន៍ និងការបើកចំហពាណិជ្ជកម្មសេវា ក្នុងវិស័យឌីជីថល រាជរដ្ឋាភិបាលកម្ពុជាបានបង្កើត គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល, ការអនុវត្តគោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥, អនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, អនុវត្តក្របខណ្ឌ និងកម្មវិធីស្ដារនិងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣, បង្កើតបញ្ជរតែមួយ ជាតិ និងអាស៊ាន, បង្កើតច្រកផ្លាស់ប្ដូរ ទិន្នន័យនិងព័ត៌មានរវាងរដ្ឋាភិបាល និងវិស័យឯកជន (ឧ. CAMDX), ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ដើម្បីគាំទ្រប្រតិបត្តិការហិរញ្ញវត្ថុ, បង្កើតផ្សារអេឡិចត្រូនិក សម្រាប់ទំនិញនិងសេវាកម្ម (ឧ. Go4eCam)។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានលើកឡើងអំពីបញ្ហា ប្រឈមមួយចំនួនរបស់កម្ពុជាផងដែរ ដែលមានដូចជា ក្របខណ្ឌច្បាប់គតិយុត្ត, យន្ដការសម្រាប់ការអនុវត្ត និងសម្របសម្រួល fintech និងការបង្កើតផែនទី បង្ហាញផ្លូវនៃគោលនយោបាយ fintech។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងថា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការទាញយកប្រយោជន៍ជា អតិបរមាពីការរីកចម្រើន នៃបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងច្ចេកវិទ្យាឌីជីថល ក្នុងគោលបំណង បង្កើតសមត្ថភាពផលិតកម្មក្នុងវិស័យសេវា និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គម ដែលប្រជាពលរដ្ឋអាចទទួល បាននូវផលប្រយោជន៍ ពីការប្រើប្រាស់សេវាឌីជីថលប្រកប ដោយបរិយាប័ន្ន ភាពទុកចិត្ត និងសុវត្ថិភាពខ្ពស់ ដោយរក្សាបានូវ អត្តសញ្ញាណនិងវប្បធម៌ជាតិខ្លួន។