ប្រទេសម៉ាឡេស៊ីផ្តោតលើសេដ្ឋកិច្ចឌីជីថល ដែលកំពុងមានការប្រកួតប្រជែង និងមានការរីកចម្រើន


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី លោក Tengku Zafrul Aziz បាននិយាយថា ប្រទេសម៉ាឡេស៊ីត្រូវការ ការផ្លាស់ប្តូរឌីជីថលរួម ដើម្បីកសាងសេដ្ឋកិច្ចឌីជីថល ដែលមានការប្រកួតប្រជែង និងមានការរីកចម្រើន ដើម្បីរក្សាជំហាន នៃការអភិវឌ្ឍប្រទេស។ លោក Aziz បាននិយាយបែបនេះ នៅក្នុងកិច្ចពិភាក្សាមួយក្រោមប្រធានបទ «អាស៊ានឌីជីថល សម្រាប់ទាំងអស់គ្នា» នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលប្រព្រឹត្តទៅនៅ ទីក្រុងដាវ៉ូសនៃប្រទេសស្វីស ចាប់ពីថ្ងៃទី 22 ដល់ថ្ងៃទី 26 ខែឧសភា ឆ្នាំ 2022 កន្លងទៅ។

លោកបានចែករំលែក ភាពជោគជ័យរបស់ប្រទេសម៉ាឡេស៊ី ទៅលើគំនិតផ្តួចផ្តើម ក្នុងការបង្រួមគម្លាត ហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម (MSMEs) ក៏ដូចជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយលោកបានសង្កត់ធ្ងន់ថា ការអនុវត្តផែនទី បង្ហាញផ្លូវឌីជីថលវូបនីយកម្មរបស់ MSMEs បានជួយប្រទេសរបស់លោកក្នុងការបន្ត ការរីកចម្រើនតាមរយៈ ការបង្កើនការរួមចំណែក របស់សហគមន៍ធុរកិច្ច ដល់សេដ្ឋកិច្ចជាតិ។ លោកបាននិយាយថា ប្រធានបទសំខាន់ដែលបាន ពិភាក្សានៅក្នុងសម័យប្រជុំនេះ គឺរបៀបដែល អនាគតឌីជីថលនៅក្នុងតំបន់ អាចត្រូវបានបង្កើតឡើង ដើម្បីផ្តល់ផលប្រយោជន៍ដល់គ្រប់មជ្ឈដ្ឋាន។

លោកបាននិយាយបន្ថែមថា នៅពេលដែលពិភពលោក រងគ្រោះដោយសារជំងឺរាតត្បាតកូវីដ-19 អ្នកប្រើប្រាស់អ៊ីនធើណេត បានកើនឡើងជាង 10% ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ដោយលោកបានកត់សម្គាល់ថា សេដ្ឋកិច្ចឌីជីថលរបស់អាស៊ានឥឡូវនេះ មានតម្លៃជាង 100 ពាន់លានដុល្លារ អាមេរិក៕