ក្រុមហ៊ុន Samsung សហការគ្នាជាមួយ Stellantis ដើម្បីសាងសង់រោងចក្រផលិតថ្ម សម្រាប់រថយន្ដអគ្គិសនី


បើយោងតាមសារព័ត៌មាន Nikkei Asia បានឲ្យដឹងថាក្រុមហ៊ុន Samsung SDI និង Stellantis NV កំពុងពិភាក្សាគ្នា ពីគម្រោងវិនិយោគប្រមាណជាង 2.5 ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតអាគុយ/ថ្ម សម្រាប់បំពាក់លើរថយន្ដអគ្គិសនី រួមគ្នាថ្មីមួយនៅទីក្រុង Kokomo រដ្ឋ Indiana សហរដ្ឋអាមេរិក។ ដោយគ្រោងការនេះ អាចនឹងចាប់ផ្តើមនៅឆ្នាំ 2025 ខាងមុខ ហើយរោងចក្រនេះក៏រំពឹងថា នឹងមានមានសមត្ថភាព ផលិតអាគុយអគ្គិសនី ប្រចាំឆ្នាំដំបូងឲ្យបានចំនួន 23 ជីហ្គាវ៉ាត់ម៉ោង (GWh) ជាមួយនឹងគោលបំណង បង្កើនឲ្យដល់ 33 GWh ផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំ បន្ទាប់ខាងមុខទៀត។ លើសពីនេះ ការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនធំៗទាំងពីរនេះ នឹងបង្កើតការងារថ្មីចំនួន 1,400 កន្លែង ជាមួយនឹងគម្រោងវិនិយោគបន្ថែម អាចនឹងកើនឡើង ជាលំដាប់រហូតដល់ 3.1 ពាន់លានដុល្លារ។

ជាក់ស្ដែង នាយកប្រតិបត្តិក្រុមហ៊ុន Samsung SDI ផ្ទាល់ លោក Yoonho Choi បាននិយាយថា តាមរយៈការបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុន Stellantis នឹងធានាបាននូវជំហររឹងមាំ បន្ថែមមួយទៀត នៅក្នុងទីផ្សាររថយន្ត EV របស់អាមេរិកខាងជើង ដែលកំពុងរីកចម្រើន យ៉ាងឆាប់រហ័សតាមរយៈ។  ម្យ៉ាងវិញទៀត ក្រុមហ៊ុន Samsung SDI ក៏នឹងប្រើប្រាស់បច្ចេកវិទ្យា PRIMX របស់ខ្លួន ដើម្បីផលិតអាគុយអគ្គិសនី និងម៉ូឌុលសម្រាប់បំពាក់លើ រថយន្ដអគ្គិសនី របស់អាមេរិកខាងជើងផងដែរ។

ដោយឡែក ប្រធានផ្នែកប្រតិបត្តិការ របស់ក្រុមហ៊ុន Stellantis លោក Mark Stewart បានទទួលស្គាល់ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី របស់ខ្លួនកន្លងមកនៅមានកំណត់ ហើយនាំចេញទៅកាន់ទីផ្សារ ក៏មិនសូវច្រើនប៉ុន្មានផងដែរ។ ដូច្នេះការចាប់ដៃគូគ្នាជាមួយក្រុមហ៊ុន Samsung នេះនឹងជួយជំរុញ ការផលិតរថយន្ដអគ្គិសនី និងការនាំចេញកើនឡើងបន្ថែមផងដែរ។ ខណៈកាលពីឆ្នាំមុន Stellantis បាននិយាយថា ខ្លួនគ្រោងនឹងចំណាយទុនវិនិយោគ 35 ពាន់លានដុល្លារ ទៅក្នុងការផលិតរថយន្តអគ្គិសនី និងគ្រឿងបន្លាស់ Software ទូទាំងពិភពលោក នៅក្នុងឆ្នាំ 2025។

គួររំលឹកផងដែរថា កាលពីខែមីនាកន្លង ក្រុមហ៊ុន Stellantis និង LG Energy Solution បាននិយាយថា ពួកគេនឹងវិនិយោគ 4.1 ពាន់លានដុល្លារ សម្រាប់រោងចក្រផលិតថ្មអគ្គិសនីរួមគ្នាមួយ នៅក្នុងប្រទេសកាណាដាផងដែរ ជាមួយនឹងសមត្ថភាព ផលិតប្រចាំឆ្នាំលើសពី 45 ជីហ្គាវ៉ាត់។