វៀតណាម ដាក់ចេញគោលនយោបាយ ជម្រុញគុណភាពខ្យល់នៅក្នុងទីក្រុងឱ្យប្រសើរឡើង


ហាណូយ៖ បញ្ហាខ្យល់កខ្វក់នៅវៀតណាម ក៏មិនចាញ់បណ្ដាប្រទេស ឧស្សាហកម្មធំៗផ្សេងទៀតដែរ ស្របពេលសេដ្ឋកិច្ច របស់ប្រទេសមួយនេះ កំពុងតែមានភាពរីកចំរើន និងឃើញមានការចាប់កំណើត នៃរោងចក្រសហគ្រាស កាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ទន្ទឹមគ្នានោះដែរ បញ្ហាខ្យល់កខ្វក់ ឬខ្យល់ពុល ត្រូវបានរដ្ឋាភិបាលវៀតណាម យកចិត្តទុកដាក់ និងបានដាក់ចេញជាគោលនយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈមមួយនេះ។

ប្រភពព័ត៌មានក្នុងស្រុកវៀតណាម ចេញផ្សាយកាលពីម្សិលមិញនេះ បានឱ្យដឹងថា រដ្ឋាភិបាល និងជាគណៈកម្មាធិការ ប្រជាជនទីក្រុងហាណូយ បានដាក់ចេញជា គោលនយោបាយជាតិដ៏សំខាន់ ក្នុងការថែរក្សា និងការពារសុខភាពផ្លូវដង្ហើម របស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាពង្រឹងគុណភាពខ្យល់ នៅក្នុងទីក្រុងឱ្យមានគុណភាពប្រសើរឡើង។ គោលនយោបាយនេះ បានផ្ដល់អំណាចទៅកាន់ ក្រសួងបរិស្ថាន និងធនធានធម្មជាតិ ចាត់វិធានការណ៍តាមផែនការ ដែលបានគ្រោងទុក គិតចាប់ពីឆ្នាំ២០២១ ឆ្ពោះទៅកាន់ឆ្នាំ២០២៥ ខាងមុខ។

តាមរយៈគោលនយោបាយនេះ រដ្ឋាភិបាលទីក្រុងហាណូយ បានស្នើឱ្យក្រុមហ៊ុន សហគ្រាស រោងចក្រឯកជន ទាំងអស់បន្តចូលរួមអនុវត្ត និងគោរព គោលនយោបាយជាតិ តាមរយៈការបន្តអនុវត្តដំណោះស្រាយ ឱ្យបានស៊ីសង្វាក់គ្នា ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការធ្វើឱ្យគុណភាពខ្យល់នៅទីក្រុង មានភាពល្អប្រសើរឡើង។ ជាមួយគ្នានោះដែរ រដ្ឋាភិបាលវៀតណាម ក៏នឹងពង្រឹងបន្ថែម ជាមួយនឹងលទ្ធភាពការងារ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការតាមដានគុណភាពខ្យល់ នៅក្នុងទីក្រុងជាប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាព។

ផែនការ ដែលជានយោបាយជាតិនេះ ក៏មានការចូលរួមពី ក្រសួងដឹកជញ្ជូនផងដែរ ក្នុងការសិក្សា អំពីការកាត់បន្ថយការបើកបរម៉ូតូ ក៏ដូចជាកំណត់ចំនួនយាន្តជំនិះ នៅក្នុងទីក្រុង រហូតឈានដល់ការបិទជាផ្លូវការ មិនឱ្យមានការធ្វើដំណើរ ដោយម៉ូតូនៅក្នុងទីក្រុងធំៗនាឆ្នាំ ២០៣០ ពិសេសនៅហាណូយ តែម្ដង។ ទន្ទឹមនឹងការដាក់ចេញការអនុវត្តថ្មីនេះ វៀតណាម នឹងបន្តដាក់ចេញផែនការ ក៏ដូចជារៀបចំជាបទបញ្ញត្តិច្បាប់ផ្សេងៗ ជាបន្តបន្ទាប់ទៀតក្នុងការរៀបចំ ឱ្យបាននូវការធានាគុណភាពខ្យល់ នៅក្នុងទីក្រុងដ៏មមាញឹករបស់ខ្លួន។

ដើម្បីសម្រេចតាមគោលដៅ វៀតណាម ត្រូវធ្វើឡើងដោយបែងចែក ជាដំណាក់កាល ព្រោះការកាត់បន្ថយយានជំនិះពុំគ្រប់គ្រាន់ឡើយ គឺត្រូវបង្កើតឱ្យបាននូវ ប្រព័ន្ធគ្រប់គ្រងកាកសំណល់ ការកាត់បន្ថយការបំភាយឧស្ម័នពុល តាមរោងចក្រ សហគ្រាស ស្ថានីយ៍តូចធំ និងជាច្រើនផ្សេងទៀត៕