ស្ពានយោលវែងជាងគេលើពិភពលោក បានបើកដំណើរនៅសាធារណរដ្ឋឆេក


ស្ពានយោលមួយឈ្មោះ Sky Bridge 721 ត្រូវបានក្លាយជាស្ពានយោលដែលមានប្រវែង វែងជាងគេនៅលើពិភពលោក ត្រូវបានសាងសង់រួចរាល់ក្នុងឆ្នាំនេះ នៅសាធារណរដ្ឋឆេក (Czech Republic) និងបានបើកដំណើរការឱ្យ ប្រើប្រាស់កាលពីដើមខែឧសភានេះ។ ប្រវែងរបស់ស្ពានយោលនេះគឺ 721 ម៉ែត្រ ដែលត្រូវបានគេបញ្ចូល ជាមួយឈ្មោះរបស់វា និងមាន កម្ពស់ 95 ម៉ែត្រពីដី ដែលជាកម្ពស់មួយខ្ពស់ អាចធ្វើឱ្យអ្នកថ្មើរជើងមួយចំនួន មិនហ៊ានដើរឆ្លងកាត់។

ការបង្កើតស្ពាននេះឡើង ចំណាយពេលប្រមាណ 2 ឆ្នាំ ជាមួយវត្ថុធាតុដើមដែក យកមកសាងសង់ចំនួន 450 តោន និងខ្សែកាបចំនួន 66 ខ្សែ អាចផ្តល់ភាពរឹងមាំ បានយូរអង្វែង អាចរក្សាសុវត្ថិភាពដល់ អ្នកថ្មើរជើងបានផងដែរ។ ស្ពាននេះបានយកឈ្នះងារ ជាស្ពានយោលដែលវែងជាងគេ របស់ពិភពលោក ដោយទម្លាក់ដំណែងស្ពានយោលមួយ ដែលមានការរចនាឡើង ស្រដៀងគ្នានៅប្រទេសព័រទុយហ្គាល (Portugal)។ ជាមួយកិច្ចសហប្រតិបត្តិការ របស់រមណីយដ្ឋាន Dolni Morava បានបង្កើតជាដំណើរកម្សាន្ត សម្រាប់ភ្ញៀវទេសចរ ដោយមានអ្នកមគ្គុទេសនាំ ភ្ញៀវទៅទស្សនា និងដើរឆ្លងកាត់ស្ពាននេះ អាចគយគន់ទេសភាព បានកាន់តែស្រស់ស្អាត។

គ្រាន់តែឃើញរូបភាព ក៏អាចផ្តល់អារម្មណ៍រំភើប និងទេសភាពនៅទីនោះ ពិតជាស្រស់ស្អាតខ្លាំងណាស់ បែបធម្មជាតិយ៉ាងអស្ចារ្យ ដូច្នេះប្រសិនបើមិត្តអ្នកអាន ដែលមានឱកាសបានទៅដល់ សាធារណរដ្ឋឆេក អាចឆ្លៀតពេលទៅទស្សនា និងសាកដើរឆ្លងកាត់ស្ពានយោលនេះ ដើម្បីបង្កើតបទពិសោធន៍ថ្មីក្នុងជីវិត និងថតយករូបភាពនៅទីនោះ ទុកជាអនុស្សាវរីយ៍បានទៀតផង។