ការនាំចេញរបស់ថៃកើនឡើង ៩,៩% ក្នុងខែមេសា តែស្ថិតក្នុងល្បឿនមួយទាបជាងការព្យាករណ៍ទុក


បាងកក៖ សេដ្ឋកិច្ចរបស់ថៃ ក្នុងឆ្នាំ២០២២ នេះត្រូវបានបញ្ជាក់ឱ្យដឹងរួចទៅហើយថា នឹងពឹងផ្អែកខ្លាំងទៅលើវិស័យនាំចេញ ក្នុងការប្រមូលប្រាក់ចំណេញ និងដោះស្រាយវិបត្តិសេដ្ឋកិច្ចផ្ទៃក្នុង ខណៈវិស័យទេសចរណ៍ អាចនឹងរកចំណូលបានមកវិញខ្លះ បើទោះបីជាមិនអាច បានច្រើនដូចមុនឆ្នាំ ២០២០ ក៏ដោយ។ ជាក់ស្ដែងការនាំចេញក្នុងខែមេសា កន្លងទៅមានកំណើន ៩,៩% បើធៀបទៅនឹងខែមេសា ឆ្នាំ២០២១ កន្លងទៅ។

ប្រភពព័ត៌មានជាតិរបស់ថៃ ចុះផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា ការនាំចេញផលិតផលរបស់ថៃ ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងខែមេសា នៅតែបន្តមានភាពវិជ្ជមានដដែល ស្ថិតក្នុងអត្រាកំណើន ៩,៩% បើធៀបទៅនឹងចំនួន ដូចគ្នាកាលពីឆ្នាំមុន។ តាមទិន្នន័យផ្លូវការ របស់ក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់ឱ្យដឹងថា បើទោះបីជាការនាំចេញក្នុងខែមេសា មានភាពវិជ្ជមាន តែវាស្ថិតក្នុងល្បឿនមួយទាប បើធៀបទៅនឹងខែមីនាកន្លងទៅ ដោយសន្ទុះនោះមានរហូតដល់ទៅ ១៩,៥% ឯណោះ តែធ្លាក់មកត្រឹម ៩,៩% វិញ។

ជុំវិញលទ្ធផលកើនឡើង តែស្ថិតក្នុងល្បឿនមួយទាបជាងខែមុននេះ ត្រូវបានបញ្ជាក់ឱ្យដឹងថា ដោយសារតែសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានបង្កផលប៉ះពាល់ និងសម្ពាធនៃ ការធ្លាក់ចុះទីផ្សារនាំចេញ គួបផ្សំនឹងការបិទខ្ទប់តំបន់ និងទីក្រុងសំខាន់ៗរបស់ចិន ដែលជាដៃគូពាណិជ្ជកម្មធំមួយរបស់ថៃផងដែរ។ ជាក់ស្ដែងខែមេសា កន្លងទៅការនាំចេញ ផលិតផលទៅកាន់ទីផ្សារចិនធ្លាក់ចុះ ៧,២% ខណៈការនាំចេញទៅកាន់អាមេរិកធ្លាក់ ១៣,៦% បើធៀបទៅនឹងឆ្នាំមុន ពិសេសការនាំចេញទៅរុស្ស៊ីធ្លាក់ដល់ទៅ ៧៧% ឯណោះ។

ទោះបីជាល្បឿននេះ ទាបជាងខែមីនាក៏ដោយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់ថាកុំឱ្យមានការព្រួយបារម្មណ៍អី ព្រោះថៃនៅតែរក្សា ការនាំចេញបានច្រើន ព្រោះថាទីផ្សារខ្លះ ក៏មានការកើនឡើងផងដែរ ថែមទាំងអាចរក្សាស្ថេរភាព នៃចង្វាក់ផលិតកម្មក្នុងស្រុក ដែលអាចបំពេញទៅដល់ សេចក្ដីត្រូវការពីទីផ្សារអន្តរជាតិបាន។ សម្រាប់ការនាំចូលវិញ ពេញមួយខែមេសា កន្លងទៅមានការកើនឡើង ២១,៥% បើធៀបនឹងខែមេសាឆ្នាំមុន ធ្វើឱ្យផ្ទៀងផ្ទាត់ជាមួយការនាំចេញ មានឱនភាពគិតជាទឹកប្រាក់ ១,៩១ ពាន់លានដុល្លារ៕