ឆ្នេរអូរឈើទាល គ្រោងបង្កើតសួនកម្សាន្ដ លើសមុទ្រដំបូងរបស់ខ្លួន អាចមានតម្លៃដល់ ៥០ ម៉ឺនដុល្លារ


កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម គួច ចំរើន បានជួបពិភាក្សាការងារ ជាមួយវិនិយោគ ជាមួយក្រុមហ៊ុនទេសចរណ៍អន្តរជាតិចិន Le Soleil Meilan លើគម្រោងអភិវឌ្ឍន៍សួនកម្សាន្ដ លើទឹកសមុទ្រដំបូងក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅ ឆ្នេរអូឈើទាល២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

យោងតាមការធ្វើបទបង្ហាញពីក្រុមហ៊ុនចិន Le Soleil Meilan បង្ហាញថា គម្រោងសួនកម្សាន្ដលើទឹកនេះ នឹងត្រូវរៀបចំនៅឆ្នេរអូរឈើទាល២ ទល់មុខនឹងសណ្ឋាគារ របស់ក្រុមហ៊ុនផ្ទាល់តែម្ដង ដោយទីតាំងស្នើសុំមានទំហំទទឹង ១០០ ម៉ែត្រ បណ្ដោយ ១៥០ ម៉ែត្រ និងចម្ងាយពីឆ្នេរសមុទ្រ ២០ ម៉ែត្រ មិនអោយប៉ះពាល់ដល់ ឆ្នេរខ្សាច់សាធារណៈឡើយ។

សួនកម្សាន្ដលើទឹកនោះ នឹងមានរៀបចំល្បែងកម្សាន្ដជាច្រើនដូចជា៖ ប្រាសាទទឹក, ទីលានបាល់ទះលើទឹក, ពោងបង្វិលលើទឹក, ពោងរត់បង្វិលលើទឹក, ទូកពោងរាងផ្លែចេក, ទូកចែវ, ពោងបណ្ដែតកម្សាន្ដលើទឹក, ស្ពានដើរបណ្ដែតលើទឹក, ទោងជិះកម្សាន្ដ, និងមានក្រុមម៉ូតូទឹក ក្រុមសង្គ្រោះឆ្មាំសមុទ្រ ជួយសង្គ្រោះពេលមានអាសន្នផងដែរ ហើយការរៀបចំទាំងអស់នេះ អាចនឹងចំណាយថវិកាប្រមាណ ៥០០.០០០ ដុល្លារអាមេរិក។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញការគាំទ្រ ដល់គម្រោងរៀបចំសួនកម្សាន្ដ ទេសចរណ៍លើសមុទ្រនេះ ដោយសារតែមើលឃើញ ពីសក្ដានុពល និងភាពរីកចម្រើននៃ វិស័យទេសចរណ៍របស់ខេត្តទាំងមូល ហើយផលិតផលទេសចរណ៍ថ្មីៗទាំងនេះ សុទ្ធសឹងតែអាចបង្កើតការងារ ដល់ប្រជាពលរដ្ឋ បង្កើតកន្លែងកម្សាន្ដប្លែកៗ ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកកម្សាន្ដនៅខេត្តព្រះសីហនុ កាន់តែច្រើនឡើង។

យ៉ាងណាមិញ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ក្រុមហ៊ុនវិនិយោគ ត្រូវសិក្សាពីតម្លៃសេដ្ឋកិច្ច និងចំនួនភ្ញៀវទេសចរមកកម្សាន្ដ ក៏ដូចជាសិក្សាពី លក្ខណៈបច្ចេកទេស អាកាសធាតុ ការពារសុវត្ថិភាពភ្ញៀវ និងមិនប៉ះពាល់ដល់បរិស្ថានផងដែរ។ ជំហានបន្ទាប់ រដ្ឋបាលខេត្ត នឹងស្នើសុំគោលការណ៍ ទៅគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីវាយតម្លៃ មុននឹងសម្រេចអនុវត្តនីតិវិធី។