សកម្មភាពរោងចក្ររបស់ចិន កាលពីខែមិថុនា បានកើនឡើងលឿនបំផុត ធៀបនឹងរយៈពេល 13 ខែកន្លងមក


យោងតាមការចុះផ្សាយ របស់សារព័ត៌មាន CNBC បានឲ្យដឹងថា ការស្ទង់មតិ របស់វិស័យឯកជន បានបង្ហាញកាលពីថ្ងៃសុក្រថា សកម្មភាពផលិតកម្ម ក្នុងខែមិថុនា របស់ប្រទេសចិន បានពង្រីកល្បឿន យ៉ាងលឿនបំផុត បើប្រៀបធៀបទៅនឹង រយៈពេល 13 ខែ កន្លងមក។ ការកើនឡើងនេះ ត្រូវបានជំរុញដោយការ ស្ទុះងើបឡើងវិញនៃទិន្នផល បន្ទាប់ពីទីក្រុងប៉េកាំង សម្រេចការដកចេញ នូវវិធានការណ៍បិទខ្ទប់ ទីក្រុងដោយសារកូវីដ-19 និងបានធ្វើឱ្យរោងចក្រ ចាប់ផ្ដើមមាន ការប្រកួតប្រជែងគ្នាឡើងវិញ ដើម្បីបំពេញតម្រូវការ ដែលកំពុងកើនឡើង។

ជាក់ស្ដែង យោងតាមសន្ទស្សន៍ អ្នកគ្រប់គ្រងការទិញរបស់ Caixin/Markit (PMI) បានបង្ហាញឲ្យឃើញពី ការកើនឡើងពីកម្រិត 48.1 ក្នុងខែឧសភា ដល់កម្រិត 51.7 នៅក្នុងខែមិថុនា ដែលបង្ហាញពី ការពង្រីកល្បឿន លើកដំបូងក្នុងរយៈពេល 4 ខែនៃឆ្នាំ 2022 នេះ។ ដោយតួរលេខនេះ គឺលើសពីការរំពឹងទុក របស់អ្នកវិភាគទៅទៀត ដែលរំពឹងថានឹង កើនឡើងត្រឹមតែ 50.1 ប៉ុណ្ណោះ។ ក្នុងការស្ទង់មតិរបស់ Caixin ខាងលើនេះ គឺផ្តោតលើតួរលេខ ដែលបានមកពីការនាំចេញច្រើន និងក្រុមហ៊ុនតូចៗនៅក្នុងតំបន់ឆ្នេរ។ តែយ៉ាងណាមិញ អ្នកវិភាគនៅតែព្រមានថា ទោះបីជាសកម្មភាពរោងចក្រនៅចិន មានការស្ទុះងើបឡើងវិញ យ៉ាងខ្លាំងក្លាក៏ដោយ ក៏រោងចក្រទាំងនោះ នៅតែមានការព្រួយបារម្ភ អំពីការជួលបុគ្គលិកបន្ថែមទៀត ដោយសារលទ្ធភាពការងារ បានធ្លាក់ចុះ ក្នុងរយៈពេលបីខែជាប់ៗគ្នា អំឡុកទីក្រុងត្រូវបានបិទខ្ទប់។

គួរបញ្ជាក់ផងដែរថា សេដ្ឋកិច្ចរបស់ប្រទេសចិន បានចាប់ផ្តើមបង្ហាញពី ភាពវិជ្ជមានឡើងវិញ បន្ទាប់ពីចាក់ចេញ ពីវិបត្តិផ្គត់ផ្គង់ដ៏តឹងរ៉ឹង ប៉ុន្តែបញ្ហានៅតែ អាចបន្តកើតមាន ដូចជាអត្រាអ្នកអត់ការងារធ្វើខ្ពស់ ក្នុងទីក្រុងធំៗ ទីផ្សារអចលនទ្រព្យ ដែលនៅតែធ្លាក់ចុះ ការចំណាយរបស់ អ្នកប្រើប្រាស់ទន់ខ្សោយ និងការភ័យខ្លាចចំពោះ រលកនៃការឆ្លងជំងឺ Covid-19 កើតឡើងម្តងទៀត។ តែយ៉ាងណាមិញ អ្នកវិភាគរំពឹងថា សេដ្ឋកិច្ចប្រទេសចិន នឹងមានភាពប្រសើរឡើងបន្ថែមទៀត នៅក្នុងត្រីមាសទី 3 នេះ ប្រសិនបើ រដ្ឋាភិបាលបោះបង់ចោល យុទ្ធសាស្រ្ត Zero-Covid។