ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកាចំនួន ១លានដុល្លារ ជូនដល់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា


(ភ្នំពេញ)៖ ជិតបីទសវត្សរ៍ នៃសង្គ្រាមស៊ីវីលរ៉ាំរ៉ៃ ដែលបានបញ្ចប់ក្នុងឆ្នាំ ១៩៩៨ បានធ្វើឱ្យប្រទេសកម្ពុជា ពោពេញដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀត។ ការប៉ាន់ប្រមាណថា គ្រាប់មីនមិនទាន់ច្បាស់ការណ៍មានពី ៤លាន ទៅ ៦លានគ្រាប់ និងគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះផ្សេងទៀត នៅតែមាននៅក្នុងប្រទេស ហើយបន្តធ្វើឱ្យប្រជាពលរដ្ឋ ជាច្រើននាក់ស្លាប់ និងរបួសរៀងរាល់ឆ្នាំ។

ទោះជាយ៉ាងនេះក្ដី នៅក្នុងអំឡុងពេលជាង ពីរទសវត្សរ៍មកនេះ ប្រទេសកម្ពុជាមាន សន្តិភាពពេញលេញ ដែលធ្វើឱ្យប្រទេស មានការអភិវឌ្ឍលើគ្រប់វិស័យរួមទាំងមាន ការផ្លាស់ប្តូររីកចម្រើន គួរឱ្យកត់សម្គាល់ ដោយបានឡើងដល់ឋានៈ ជាប្រទេសមាន ចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ ២០១៥ ហើយប្រាថ្នាថា នឹងសម្រេចឱ្យបាននូវឋានៈ ជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០៣០។ ជាមួយគ្នានេះសេដ្ឋកិច្ចរបស់កម្ពុជា រក្សាបាននូវកំណើនជាមធ្យមចំនួន ៧,៧% ក្នុងមួយឆ្នាំ នៅចន្លោះឆ្នាំ ១៩៩៨ និង ឆ្នាំ២០១៩ ដែលធ្វើឱ្យប្រទេសនេះ ស្ថិតនៅក្នុងចំណោមប្រទេសដែល សេដ្ឋកិច្ចមានកំណើនលឿនជាងគេ នៅលើពិភពលោក។

ប៉ុន្តែរហូតមកដល់ពេលនេះ មានតំបន់មួយចំនួនទៀត កំពុងរងផលប៉ះពាល់ខ្លាំង ដោយសារគ្រាប់មីន កប់ក្នុងដី  ដែលនៅសេសសល់ពីសង្គ្រាម។ កាលពីចន្លោះឆ្នាំ ១៩៧៩ និង ឆ្នាំ២០២១ របាយការណ៍អាជ្ញាធរ សកម្មភាពកម្ចាត់មីនកម្ពុជាបង្ហាញថា មានជនរងគ្រោះស្លាប់ និង របួសចំនួន ៦៤.៩៥០នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៩.៨០៦នាក់ ដោយសារគ្រាប់មីន កប់ដីទាំងនោះ។

ដូច្នេះ ដើម្បីចូលរួមថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍ ប្រទេសជាតិឱ្យរីកចម្រើន ដើម្បីឈានទៅសម្រេចបាននូវឋានៈ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ ២០៣០ ខាងមុខនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានបរិច្ចាគថវិកាចំនួន ១លានដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា បន្ទាប់ពីមានការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីសម្តេច ទទួលបានរបាយការណ៍ពីស្ថានភាព នៃការគំរាមកំហែងយ៉ាងខ្លាំងដោយ គ្រាប់មីនចំពោះប្រជាពលរដ្ឋ ក្នុងឱកាសសម្តេច អញ្ជើញលែងកូនត្រី នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។  

សូមរំលឹកផងដែរថា រហូតមកដល់ពេលនេះ ខេត្តដែលនៅតែមាន បញ្ហាគ្រាប់មីនច្រើនជាងគេនោះ គឺ ខេត្តមួយចំនួន ដែលស្ថិតនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ហើយជាពិសេសនោះ គឺខេត្តបាត់ដំបង ព្រមទាំងបណ្តាស្រុកចំនួន ២១ទៀត នៅតាមបណ្តោយព្រំដែននេះ។

សូមបញ្ជាក់ផងដែរ៖ កន្លងមក និងថ្មីៗនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួម ក្នុងការងារសង្គមជាច្រើន រួមមាន៖  ការងារបរិស្ថាន អប់រំ និងការងារសង្គម (វប្បធម៌ សុខុមាលភាព  និងសហគមន៍) និងសាងសង់ផ្ទះ ជូនធោធិនពិការជាដើម។

ជាពិសេសថ្មីៗនេះ ក្រុមហ៊ុន បានសហការបង្កើត ទិវាច្បារអំពៅដែលផ្ដោតសំខាន់ធំៗ ចំនួនពីរគឺ កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុន ដើម្បីកៀរគរថវិកា ជូនដល់មន្ទីរពេទ្យកុមារអង្គរ និងកម្មវិធីបរិច្ចាគឈាម ដើម្បីឆ្លើយតបដល់ អ្នកជំងឺជាច្រើននាក់ ដែលកំពុងសង្រ្គោះបន្ទាន់ នៅតាមមន្ទីរពេទ្យនានា  និងការអំពាវនាវរបស់ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ព្រមទាំងចូលរួម លើកកម្ពស់វិស័យសុខាភិបាល និងការនាំយកនូវថវិកាមួយចំនួន និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់សិស្សានុសិស្ស ក្រីក្រប្រមាណជាង ១០០នាក់ ដែលកំពុងស្នាក់នៅ និងសិក្សានៅក្នុង សាលាមធ្យមវិចិត្រសិល្បៈ៕