ហុងកុង ជាទ្វារពាណិជ្ជកម្មដ៏សំខាន់ សម្រាប់វឌ្ឍនភាពសេដ្ឋកិច្ចប្រទេសចិន


ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ គឺជាខួបទី ២៥ នៃការទទួលបាន ឯករាជ្យទឹកដីហុងកុង ពីចក្រភពអង់គ្លេស ក្រោយពីអាណានិគម អស់រយៈពេលជាង ១៥០ ឆ្នាំមកនោះ ហើយម្ចាស់ក្សត្រី Queen Elizabeth II និង អតីតប្រធានាធិបតីចិន តេង ស៊ីវភីង បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងទុកដែនដីហុងកុង ជាតំបន់រដ្ឋបាលពិសេស (HKSAR) ក្រោមគោលការណ៍ជា «ប្រទេសមួយ មានប្រព័ន្ធគ្រប់គ្រងពីរ» ។

ក្នុងឱកាសខួបទី២៥ នៃឯករាជ្យទីក្រុងហុងកុង ប្រធានាធិបតី ស៊ី ជីងភីង បានថ្លែងថា ហុងកុង បានដើរតួជាស្ពាន និងជាច្រកទ្វារដ៏សំខាន់ សម្រាប់តភ្ជាប់ចិនដីគោក ទៅកាន់ពិភពលោក និងរួមចំណែកយ៉ាងសំខាន់បំផុត សម្រាប់វឌ្ឍនភាព សេដ្ឋកិច្ចប្រទេសចិន ដែលបាននឹងកំពុង មានសន្ទុះយ៉ាងឆាប់រហ័សបំផុត មានរយៈពេលវែង និងរក្សាស្ថិរភាព។ លោក ស៊ី ជីងភីង បន្ថែមថា ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក ការអនុវត្តគោលនយោបាយ ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ នៅទីក្រុងហុងកុង បានទទួលជោគជ័យ និងត្រូវបានទទួលស្គាល់ជាសកល ជាមួយគ្នានោះ ហុងកុង បានអភិវឌ្ឍន៍ក្លាយទៅជា មជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិ សំខាន់ទី៣ នៃពិភពលោក។

ប្រធានាធិបតី ស៊ី ជីងភីង យល់ឃើញថា ទោះជាបច្ចុប្បន្នប្រទេសចិនដីគោក មានទីក្រុងសេដ្ឋកិច្ចធំៗជាច្រើន កំពុងរីកដូចផ្សិត និងភាពប្រកួតប្រជែងខ្លាំងក៏ដោយ តែទីក្រុងហុងកុង នៅតែបម្រើ ជាច្រកទ្វារពាណិជ្ជកម្មដ៏សំខាន់ របស់ប្រទេសចិន ហើយទោះជាមានវិបត្តិ យ៉ាងណាក្ដីក៏មិនអាច បញ្ឈប់ភាពរីកចម្រើន របស់ហុងកុងបានឡើយ ទោះជាបច្ចុប្បន្នទីក្រុង ជាច្រើននៅអាស៊ី បានរីកចម្រើនក្លាយជា មជ្ឈមណ្ឌលហិរញ្ញវត្ថុច្រើនក៏ដោយ។

លោក ស៊ី ជីងភីង កត់សម្គាល់ថា សេដ្ឋកិច្ចហុងកុង បានរីកចម្រើនយ៉ាងខ្លាំងក្លា ដោយរក្សាបាននូវស្ថានភាពរឹងមាំ ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ការដឹកជញ្ជូន និងពាណិជ្ជកម្មអន្តរជាតិ ជាមួយអត្រាកំណើនឡើង យ៉ាងឆាប់រហ័ស នៃឧស្សាហកម្មបច្ចេកវិទ្យា និងនវានុវត្តន៍ (Innovation) ថែមទាំងមានបរិយាកាសល្អ សម្រាប់ធុរកិច្ច ការវិនិយោគ និងការបើកចំហរពាណិជ្ជកម្ម។