គម្រោងជួសជុលកំពង់ទឹក នៃស្ពានហាលរបស់ ប្រាសាទអង្គរវត្តសម្រេចបាន ៧៥% ហើយ


សៀមរាប៖ ការរៀបចំ និងស្ដារឱ្យល្អប្រសើរឡើងវិញ នៃកំពង់ទឹក នៃស្អានហាន ដែលជាច្រកចូលដ៏សំខាន់មួយនៃ ប្រាសាទអង្គវត្តនៃយើង បានកំពុងបន្តធ្វើការស្ដារ និងជួសជុលជាធម្មតា ដោយគិតមកដល់ពាក់កណ្ដាលឆ្នាំ ២០២២ នេះ គម្រោងនេះសម្រេចបាន ប្រមាណជា ៧៥% ហើយ។

អជ្ញាធរអប្សរា សហការជាមួយនឹង សកលវិទ្យាល័យសូហ្វីយ៉ា របស់ប្រទេសជប៉ុន បានបន្តធ្វើការស្ដារ និងជួលជុលស្ពានហាល នៃប្រាសាទអង្គរវត្ត ដែលគិតត្រឹមដើមខែកក្កដា ឆ្នាំ២០២២ នេះសម្រេចលទ្ធផលបាន ៧៥% ហើយ។ តាមការបញ្ជាក់របស់លោក អន សុភាព បុរាណវិទូ និងជាប្រធានក្រុមការងារជួសជុល ស្ពានហាលអង្គរវត្ត បានបញ្ជាក់ឱ្យដឹងដូច្នេះថា គម្រោងជួសជុលកំពង់ទឹក ស្ពានហាលនៃប្រាសាទអង្គរវត្ត ដែលចាប់ផ្តើមរយៈពេលជាង ៦ខែ មកនេះ បានធ្វើការងារជាច្រើនដូចជា រៀបជញ្ជាំង ចាក់បេតុង បុកបង្ហាប់ដីនៅគ្រឹះ របស់កំពង់ទឹកឡើងវិញ ជាដើមនោះ គឺបានឈានទៅដល់ជិតរួចរាល់។

លោកបន្ថែមទៀតថា ការងារជួសជុលកំពង់ទឹកនេះ គឺដំណាក់កាលដំបូង ត្រូវសិក្សាស្រាវជ្រាវ វាយតម្លៃលើការខូចខាត និងវិធីសាស្រ្តជួសជុល តាំងពីឆ្នាំ២០២១ មក ចំណែកឯសកម្មភាពជួសជុល បានចាប់ផ្តើមកាលពីដើមឆ្នាំ២០២២ ហើយកំពុងបន្តរហូត មកដល់សព្វថ្ងៃ។ កំពង់ទឹករបស់ស្ពានហាល នៃប្រាសាទអង្គរវត្ត មានការខូចខាតជាខ្លាំង ជាពិសេសរចនាសម្ពន្ធ របស់កំពង់ទឹកផ្នែកខាងជើង។ ចំណែកគ្រឹះផ្នែកត្រង់របស់ស្ពានហាល និងកំពង់ទឹកវិញ គឺថ្មបាយក្រៀម មានសភាពពុកផុយខ្លាំង តាំងពីកាំថ្មទី១ ដល់កាំទី៤។

មិនតែប៉ុណ្ណោះ ជញ្ជាំងផ្នែកខាងជើងស្ពានហាល មានសភាពទ្រុឌទ្រោមខ្លាំង បានរលុះធ្លាក់ចូលទៅក្នុង កសិន្ធស្ទើរតែទាំងស្រុង។ ជញ្ជាំងផ្នែកខាងលិច និងខាងកើត ក៏មានសភាពហែកចេញពីគ្នាដែរ។ ក្នុងការងារជួសជុលកំពង់ទឹក របស់ស្ពានហាលនៃ ប្រាសាទអង្គរវត្តឡើងវិញនេះ គឺតម្រូវឱ្យរុះរើជញ្ជាំងផ្នែកខ្លះ ដែលពុកផុយខ្លាំង ហើយចាក់បេតុង ផ្នែកខាងក្នុងដើម្បីពង្រឹង គុណភាពជញ្ជាំងឡើងវិញ។ ចំណែកឯផ្នែកខាងត្បូង ដែលខិតជិតមក ផ្នែកត្រង់របស់ស្ពានហាល គឺជញ្ជាំងនៅមានស្ថានភាពល្អ និងបានរក្សាទុកដដែល ដោយគោរពទៅតាមគោលការណ៍ របស់គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋាន ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ។

គួរបញ្ជាក់ថា កំពង់ទឹករបស់ស្ពានហាល នៃប្រាសាទអង្គរវត្ត មានទំហំ ១២ម៉ែត្របួនជ្រុង និងមានសណ្ឋានដូចគ្នាទៅនឹង កំពង់ទឹកផ្នែកខាងត្បូងដែរ ដោយតាមផែនការ ដែលបានគ្រោងទុក ការដ្ឋានស្ដារ និងជួសជុលនេះ អាចសម្រេចរួចរាល់ នាដំណាច់ឆ្នាំ ២០២២ ខាងមុខនេះ៕