អតិផរណាខែមិថុនា របស់ឥណ្ឌូណេស៊ី បានកើនឡើងដល់ កម្រិតខ្ពស់បំផុត ធៀបនឹងរយៈពេល 5 ឆ្នាំកន្លងមក


យោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Nikkei Asia បានបង្ហាញថា អត្រាអតិផរណារបស់ ប្រទេសឥណ្ឌូនេស៊ី កាលពីក្នុងខែមិថុនា បានកើនឡើងដ៏ខ្ពស់បំផុត បើធៀបទៅនឹង ក្នុងរយៈពេលជិត 5 ឆ្នាំកន្លងមកនេះ ដោយសារតែ អ្នកប្រើប្រាស់ភាគច្រើន កំពុងប្រឈមមុខនឹង ការឡើងថ្លៃទំនិញទូទៅ កាន់តែខ្ពស់ឡើងៗ។ ជាក់ស្ដែង សន្ទស្សន៍តម្លៃទំនិញ ប្រើប្រាស់របស់ឥណ្ឌូនេស៊ី បានកើនឡើង 4.35% នៅក្នុងខែមិថុនា ដែលជាការកើនឡើង ដ៏ខ្ពស់បំផុត ពីមួយឆ្នាំទៅមួយឆ្នាំ គិតចាប់តាំងពីខែមិថុនា ឆ្នាំ 2017 មក។ លើសពីនេះ អត្រាអតិផរណានេះ វាបានកើនលើសពី គោលដៅរំពឹងទុក របស់ធនាគារកណ្ដាលឥណ្ឌូនេស៊ីទៅទៀត ដោយធ្លាប់រំពឹងថាកើនត្រឹមតែពី 2% ទៅ 4% ប៉ុណ្ណោះ នៅក្នុងឆ្នាំ 2022 នេះ។

ដូចគ្នានេះដែរ លោក Margo Yuwono ប្រធានទីភ្នាក់ងារស្ថិតិ របស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រថា ទំនិញដែលរួមចំណែក ខ្លាំងបំផុតចំពោះ កំណើនអតិផរណា នៅក្នុងខែមិថុនានេះ គឺទំនិញម្ទេសក្រហម, ម្រេច Cayenne, ប្រេងឆា និងខ្ទឹមក្រហម។ ខណៈតម្លៃចំណីអាហារ ភេសជ្ជៈ និងថ្នាំជក់ទាំងអស់ បានកើនឡើង 8.26%។ លោកក៏បានទៀតថា ក្នុងវិស័យដឹកជញ្ជូន ក៏កំពុងជំរុញអត្រាអតិផរណាផងដែរ ដោយសារតែតម្លៃប្រេងឡើងខ្ពស់ ជាពិសេសថ្លៃដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុកតែម្ដង។

គួរបញ្ជាក់ថា តម្លៃទំនិញប្រើប្រាស់សកល កំពុងកើនឡើងយ៉ាងខ្លាំង នៅក្នុងសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍ ខណៈដែលតំបន់នេះ កំពុងទទួលរងឥទ្ធិពល នៃការកើនឡើងតម្លៃប្រេង និងកង្វះខាត ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ពិភពលោក ដែលបណ្តាលមកពីវិបត្ដិសង្រ្គាម រវាងរុស្ស៊ី និងអ៊ុយក្រែនជាដើម។  មិនត្រឹមតែប៉ុណ្ណោះ វិបត្ដិខាងលើនេះ ក៏កំពុងធ្វើឲ្យតម្លៃប្រេងដូង របស់ឥណ្ឌូនេស៊ី ដែលជាប្រទេសផលិត ប្រេងដូងធំជាងគេបំផុត របស់ពិភពលោក មានការរឹតត្បឹត ការនាំចេញផងដែរ ដោយសារប្រទេសនេះ កំពុងទទួលរងនូវកង្វះខាត ប្រេងចម្អិនអាហារ ខណៈដែលបញ្ហានេះកំពុងបន្ថែម ដល់កំណើនអតិផរណា ម្ហូបអាហារទាំងមូល។