ពិធីសម្ពោធដាក់ដំណើរការកម្មវិធី CamDigiKey ជំនាន់ទី២.០ និងការចុះអនុស្សរណៈយោគយល់ ស្តីពី “កិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌប្រព័ន្ធសម្គាល់ អត្តសញ្ញាណអតិថិជន (e-KYC)”


កាលពីថ្ងៃទី ៤ កក្កដា ឆ្នាំ ២០២២ កន្លងទៅ ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ដំណើរការ ជាផ្លូវការនូវកម្មវិធី CamDigiKey ជំនាន់ទី ២.០ និង ពិធីចុះអនុស្សរណៈយោគយល់ ស្តីពី “កិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌប្រព័ន្ធសម្គាល់ អត្តសញ្ញាណអតិថិជន (e-KYC)” រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា តំណាងដោយ លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស។

កម្មវិធីទូរស័ព្ទដៃ CamDigiKey ជាយន្តការមួយ របស់ថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC) ដែលមានឈ្មោះពេញថាថ្នាល Cambodia Digital Key ឬ ហៅកាត់ថា CamDigiKey។ ជាមួយគណនី CamDigiKey តែមួយ, អ្នកប្រើប្រាស់អាចចូល ទៅកាន់សេវាសាធារណៈឌីជីថល បានយ៉ាងងាយស្រួល តាមរយៈការស្គែន QR Code នៅលើកម្មវិធីទូរស័ព្ទដៃ។ គណនី CamDigiKey នីមួយៗមានការផ្ទៀងផ្ទាត់ ជាមួយទិន្នន័យអត្តសញ្ញាណកម្ម របស់ក្រសួងមហាផ្ទៃ ដែលក្នុងន័យនេះគណនី CamDigiKey មានទិន្នន័យអត្តសញ្ញាណបុគ្គល ដែលអាចជឿទុកចិត្តបាន ហើយមានការផ្ទៀងផ្ទាត់ត្រឹមត្រូវជាមួយ ទិន្នន័យរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី បានគូសរំលេចលក្ខណៈពិសេស ៤ ថ្មីរបស់កម្មវិធី CamDigiKey ជំនាន់ ២.០ ដែលមានដូចជា៖

(១). Liveness Detection បច្ចេកវិទ្យាផ្ទៀងផ្ទាត់ និង វិភាគមុខមនុស្ស ដោយផ្អែកលើ ការថតយកការធ្វើ ចលនាមុខរបស់អ្នកប្រើប្រាស់

(២). Machine Readable Zone ប្រើប្រាស់បច្ចេកវិទ្យា Optical Character Recognition (OCR) សម្រាប់ធ្វើការបម្លែងព័ត៌មាន ដែលមានទម្រង់ជារូបភាព ទៅជាទម្រង់ឌីជីថលតាមរយៈ Machine Readable Zone

(៣). Deep Link ផ្ទៀងផ្ទាត់អត្តសញ្ញាណ របស់អ្នកប្រើប្រាស់ ក្នុងកម្មវិធីទូរស័ព្ទផ្សេង ដោយមិនតម្រូវឱ្យ អ្នកប្រើប្រាស់ធ្វើ ការចុះឈ្មោះឡើងវិញ ក្នុងករណីកម្មវិធីទូរស័ព្ទនោះ ត្រូវបានធ្វើសមាហរណកម្មជាមួយ កម្មវិធី CamDigiKey

(៤). OAuth 2.0 អ្នកប្រើប្រាស់ផ្ទៀងផ្ទាត់ អត្តសញ្ញាណតែម្តងគត់ នឹងអាចចូលទៅ ប្រើប្រាស់គេហទំព័រ ដទៃទៀតបាន ដោយមិនចាំបាច់ផ្ទៀងផ្ទាត់ អត្តសញ្ញាណឡើងវិញ ឬស្គែនកូដ QR ម្តងទៀតឡើយ។

ដើម្បីជ្រាបបានកាន់តែលម្អិត សូមមិត្តអ្នកអានបន្តការអាន សេចក្តីប្រកាសព័ត៌មាន ដែលមាននៅខាងក្រោមនេះ៖