សម្បត្តិវប្បធម៌ខ្មែរចំនួន ៣០រូប ដែលចោរលួចយកពី ក្នុងប្រាសាទកោះកេរ នឹងបញ្ជូនពីអាមេរិក ត្រលប់មកកម្ពុជាវិញ


យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០៨ ខែសីហា បានឲ្យដឹងថា សម្បត្តិវប្បធម៌ខ្មែរចំនួន ៣០រូប នឹងត្រូវបញ្ជូនពី សហរដ្ឋអាមេរិក មកប្រទេសកម្ពុជាវិញ។

ក្រសួងបានលើកឡើងថា វត្ថុទាំងនេះ ជាប់ពាក់ព័ន្ធនឹង ករណីកាន់កាប់វត្ថុបុរាណ ដោយខុសច្បាប់ ដែលត្រូវបានរឹបអូស ដោយរដ្ឋអាជ្ញាសហរដ្ឋអាមេរិក នៃសង្កាត់ភាគខាងត្បូង ក្រុងញូវយ៉ក សហការជាមួយ ការិយាល័យស៊ើបអង្កេត សន្តិសុខមាតុភូមិ សហរដ្ឋអាមេរិក អនុលោមតាមអនុស្សរណៈ នៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីការដាក់កម្រិត ហាមប្រាមនូវការនាំចូល លើប្រភេទនៃវត្ថុបុរាណ របស់កម្ពុជា។ ក្រសួងបានបញ្ជាក់ថា «ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរនេះ មានរូបបដិមាសំខាន់ៗមួយចំនួន ផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដូចជា រូបចម្លាក់ដ៏ពិចិត្រ “ព្រះស្កន្ទគង់ លើក្ងោក” និង “ព្រះគណេស” ដែលត្រូវបានលួចយក ចេញពីប្រាសាទក្នុង រមណីយដ្ឋានកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរ នៅសតវត្សរ៍ទី១០ នៃគ.ស.។ ប្រាសាទកោះកេរ ធ្លាប់ជាគោលដៅនៃ ការលួចទ្រង់ទ្រាយធំ អស់ជាច្រើនឆ្នាំ នៅក្នុងអំឡុងសម័យសង្គ្រាម។

ឯកឧត្ដម កែវ ឈា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា និង លោក Damien Williams អគ្គរដ្ឋអាជ្ញាសហរដ្ឋអាមេរិក នៃសង្កាត់ភាគខាងត្បូង ក្រុងញូវយ៉ក បានចូលរួម នៅក្នុងពិធីប្រគល់-ទទួលសម្បត្តិវប្បធម៌ខ្មែរ ចំនួន៣០រូបនេះ នៅទីក្រុងញូវយ៉ក។ ក្រសួងកំពុងធ្វើការ ជាមួយក្រុមហ៊ុនដឹកជញ្ជូន ដើម្បីចាត់ចែងការដឹក វត្ថុទាំង៣០រូប មកកម្ពុជា ក្នុងពេលវេលាខាងមុខនេះ ហើយក្រសួងនឹងជូន ព័ត៌មានបញ្ជាក់បន្ថែម នៅពេលវត្ថុទាំងនេះ មកដល់កម្ពុជា។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា «យើងពិតជា សេចក្តីរំភើបទទួល ស្វាគមន៍នៃការវិលត្រឡប់មកវិញ នូវរតនសម្បត្តិដ៏ ល្អឯកទាំងនេះ ដែលជាព្រលឹង បុព្វបុរសខ្មែរជាច្រើនជំនាន់ និងតំណាងឱ្យ ភាពរុងរឿងនៃចក្រភពខ្មែរ»។

លោកជំទាវរដ្ឋមន្ត្រីបានបន្ថែមថា “ការបញ្ជូនមកវិញនេះ គឺអាចសម្រេចទៅបាន ដោយសារកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងរួមគ្នា រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ (កម្ពុជា និងសហរដ្ឋអាមេរិក) និងក៏ដោយសារប្រទេសកម្ពុជាមាន សុខសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះ ក្រោមការ ដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់ឱកាស ក្នុងការនាំមកវិញនូវ ព្រលឹងបុព្វបុរសខ្មែរ ដែលបានរសាត់ចាក ឆ្ងាយពីមាតុភូមិកំណើត អស់ជាច្រើនឆ្នាំ នាសម័យសង្គ្រាម និងអសន្តិសុខ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងពី សំណាក់ស្ថាប័ននានា របស់សហរដ្ឋអាមេរិក ជាពិសេសរដ្ឋអាជ្ញាសហរដ្ឋអាមេរិក នៃសង្កាត់ភាគខាងត្បូង ក្រុងញូវយ៉ក, ការិយាល័យស៊ើបអង្កេត សន្តិសុខមាតុភូមិសហរដ្ឋអាមេរិក និងស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា។

ជាមួយនេះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ក្រសួងពាក់ព័ន្ធ, ស្ថានទូតកម្ពុជានៅរដ្ឋធានី វ៉ាស៊ីនតោន ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងពិសេសដល់ លោកមេធាវី Bradley Gordon និង លោកមេធាវី Steven Heimberg ដែលបានចំណាយពេល អស់ជាច្រើនឆ្នាំ ក្នុងការសហការជាមួយ ក្រុមការងារកម្ពុជា ដើម្បីស្រាវជ្រាវ និងស្វែងរកមកវិញ នូវសម្បត្តិវប្បធម៌ខ្មែរជាច្រើន មិនអាចកាត់ថ្លៃបាន។ លោកជំទាវក៏បាន ថ្លែងអំណរគុណដល់សារមន្ទីរ និងអ្នកកាន់កាប់ សមុច្ច័យឯកជន នានា ដែលបានស្ម័គ្រចិត្ត ប្រគល់មរតកវប្បធម៌ជាតិ មកកម្ពុជាវិញ។ ជាមួយនឹងយុទ្ធនាការសកល លោកជំទាវរដ្ឋមន្ត្រីបានអំពាវ នាវដល់សារមន្ទីរនានា ក៏ដូចជាអ្នកកាន់កាប់សមុច្ច័យ ឯកជននៅទូទាំងពិភពលោក សូមចូលរួមសហការ ផ្ដល់ឯកសារភស្តុតាង និងប្រគល់សម្បត្តិវប្បធម៌ ដែលជាអត្តសញ្ញាណជាតិ ត្រឡប់មកប្រទេស កំណើតវិញ៕