ក្រុមហ៊ុនស្ថាបត្យកម្ម Snøhetta បង្ហាញគម្រោងអគារបៃតង ថ្មីមួយទៀត កម្ពស់ 36 ជាន់ក្នុងទីក្រុងតូក្យូ


ស្ទូឌីយោស្ថាបត្យកម្ម Snøhetta ទើបតែបានបង្ហាញ ស្នាដៃនៃការរចនាមួយទៀត សម្រាប់ប្រភេទអគារបៃតង ខ្ពស់កប់ពពក ក្នុងទីក្រុងតូក្យូ ដែលមានឈ្មោះថា Shibuya Upper West Project ដែលមានបំណងផ្ដោត សំខាន់លើប្រធានបទ "ជម្រកនៃសន្តិភាព និងការសម្រាកលំហែ នៅក្នុងភាពអ៊ូអរនៃទីក្រុង"។ អគារមួយនេះ អាចនឹងមានកម្ពស់រហូតដល់ 164.8 ម៉ែត្រ ជាមួយនឹងទំហំសរុប ប្រមាណជា 117,000 ម៉ែត្រការ៉េ អគារនេះនឹងត្រូវបាន ប្រើប្រាស់ជាលក្ខណៈចម្រុះផងដែរ។ វាក៏នឹងក្លាយជា អគារស្ទូឌីយ៉ូដ៏ធំបំផុតមួយផងដែរ នៅក្នុងប្រទេសជប៉ុន ដោយក្នុងនោះរួមមានដូចជា ហាងលក់ទំនិញ ផ្ទះល្វែង សណ្ឋាគារប្រណិត និងកន្លែងសម្រាប់ រៀបចំព្រឹត្តិការណ៍សិល្បៈ និងវប្បធម៌ផ្សេងៗជាដើម។

តាមការបញ្ជាក់ របស់ស្ថាបត្យករ Snøhetta បានឲ្យដឹងថា ការរចនារអគារនេះ គឺមានគោលបំណង ផ្សាភ្ជាប់គ្នារវាងតំបន់ ដែលពោពេញដោយភាពរស់រវើក ទៅនឹងតំបន់ដែលពោពេញ ទៅដោយភាពស្ងប់ស្ងាត់ ពោលគឺជាគម្រោងអគារដែល អាចជាទីកន្លែងសម្រាក ដ៏ស្ងប់ស្ងាត់មួយ នៅក្នុងទីក្រុងអ៊ូអរ។ ដោយឡែកចំពោះ រចនាបថរបស់វាវិញ នឹងត្រូវបានសាងសង់ ជាទម្រង់ធរណីមាត្រជ្រុង ដែលផ្ទៃរាបធំទូលាយ នៅផ្នែកខ្លះនៃអគារ សម្រាប់ដាំដើមរុក្ខជាតិបៃតង និងសួនច្បារជាដើម។

ស្ថាបត្យករ Snøhetta បំណងរចនាគម្រោងនេះ សម្រាប់អនាគត ក៏ដូចជាស្វែងរក ដំណោះស្រាយប្រកប ដោយនិរន្តរភាពបំផុត ដើម្បីរួមចំណែកដល់គោលដៅ របស់ប្រទេសជប៉ុន ក្នុងការក្លាយជា កាបូនអព្យាក្រឹតនៅឆ្នាំ 2050 ផងដែរ។ គួរបញ្ជាក់ផងដែរថា គម្រោងអគារបៃតង Shibuya Upper West Project នេះ គ្រោងនឹងបញ្ចប់ នៅឆ្នាំ 2027 ខាងមុខ។