ក្រសួងទេសចរណ៍ រៀបចំកញ្ចប់ទេសចរណ៍ពិសេស ៤ ចំណុច សម្រាប់ខេត្តសៀមរាប


ក្រសួងទេសចរណ៍ កំពុងសិក្សាពីការរៀបចំ ដាក់ចេញនូវកញ្ចប់ ទស្សនកិច្ចទេសចរណ៍ពិសេស ដើម្បីជំរុញចលនាទេសចរ ទៅទស្សនា/កម្សាន្ត នៅខេត្តសៀមរាប ដើម្បីត្រៀមចាប់ផ្ដើម បើកឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) ក្នុងឱកាសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រសួងកំពុងសិក្សា ជាមួយស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ ដើម្បីដាក់ចេញនូវ កញ្ចប់ទស្សនកិច្ច ទេសចរណ៍ពិសេស សម្រាប់ខេត្តសៀមរាប ត្រៀមស្នើទៅកាន់ រាជរដ្ឋាភិបាលចំនួន ៤ ចំណុចរួមមាន៖

១. បណ្ណចូលទស្សនា រមណីដ្ឋានអង្គរពេញមួយជីវិត (Angkor Life time Pass) អាចលក់ជាកញ្ចប់បណ្ណទស្សនា (Angkor Pass Package) ឬអាចលក់ជាបណ្ណកញ្ចប់ ទស្សនកិច្ចអាទិភាព (Privileged Pass Package) ដែលអាចអោយ ភ្ញៀវទេសចរអន្តរជាតិ ទស្សនាតំបន់ប្រាសាទ និងតំបន់ផ្សេងៗទៀត ពេញមួយជីវិត។

២. ជំរុញការតភ្ជាប់ ជើងហោះត្រង់ពីកោះ Phu Quoc មកកាន់ខេត្តសៀមរាប

៣. ការដោះស្រាយថ្លៃសំបុត្រ ទូកទេសចរណ៍ តំបន់ចុងឃ្នៀស សម្រាប់ទេសចរជាតិ

៤. ការជំរុញប្រតិបត្តិការ របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលលក់សំបុត្រតម្លៃទាប នៅកម្ពុជា។

គួរបញ្ជាក់ថា សម្រាប់ឆមាសទី១ ឆ្នាំ២០២២ កម្ពុជាទទួលបាន ភ្ញៀវទេសចរអន្តរជាតិជាង ៥ សែននាក់ កើនឡើង ៣៩៤% ធៀបទៅនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដោយក្នុងនោះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរអន្តរជាតិ ច្រើនជាងគេ រហូតដល់ជាង ៦ ម៉ឺននាក់។ ដូចនេះ ផែនការរៀបចំ កញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេស ខេត្តសៀមរាប រំពឹងថានឹងជំរុញ ចលនាទេសចរអន្តរជាតិ មកកាន់ប៉ូលទេសចរណ៍សៀមរាប-អង្គរ អោយបានកាន់តែ ច្រើនឡើងថែមទៀត ប្រមាណ ៥ សែននាក់ ឬអាចច្រើន លើសពីនេះទៀត នៅឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចយកឆ្នាំ២០២៣ គឺជាឆ្នាំដែលកម្ពុជា ត្រូវស្ដារវិស័យទេសចរណ៍ឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ក្រោមយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣»«Visit Cambodia Year 2023» ខណៈដែលកម្ពុជា រៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ រំពឹងទទួលបាន ភ្ញៀវទេសចរអន្តរជាតិ យ៉ាងច្រើននៅក្នុង តំបន់អាស៊ាន ដូចនេះ ក្រសួងទេសចរណ៍ រំពឹងទាក់ទាញទេសចរណ៍សៀមរាប-អង្គរ តាមរយៈកញ្ចប់ ទស្សនកិច្ចទេសចរណ៍ពិសេសនេះ ផងដែរ។