ប្រទេសថៃ បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ខ្លួន នឹងកើនឡើងពី 2.7% ទៅ 3.5% នៅឆ្នាំ 2022 នេះ


យោងទៅលើ គណៈកម្មាធិការអចិន្ត្រៃយ៍រួម ស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគាររបស់ថៃ (JSCCIB) បាននិយាយ សេដ្ឋកិច្ចថៃ នៅតែត្រូវបានគេរំពឹងថា នឹងកើនឡើងពីចន្លោះ 2.75% ទៅ 3.5% នៅក្នុងឆ្នាំ 2022 នេះ ដោយសារបាន ការជំរុញដោយការនាំចេញកើនឡើង បូករួមនឹងកំណើនភ្ញៀវទេសចរ កាន់តែច្រើន និងការគាំទ្រពីរដ្ឋាភិបាល ក្នុងរយៈពេលប៉ុន្មានខែមកនេះ។ តែយ៉ាងណាមិញ អ្នកជំនាញនៅតែព្រមានថា ប្រទេសថៃអាចនឹងប្រឈមមុខ នឹងសម្ពាធអតិផរណា កើនឡើងផងដែរ។ ដោយយោងតាម JSCCIB ដដែល បានបង្ហាញទៀតថា ការនាំចេញ ត្រូវបានគេរំពឹងថា នឹងកើនឡើងពី 6% ទៅ 8% នៅឆ្នាំនេះ ដែលជាការកើនឡើង ពីការព្យាករណ៍ពីមុន ពី 5% ទៅ 7%។ លើសពីនេះ នេះ JSCCIB ក៏មើលឃើញការមកដល់ របស់ភ្ញៀវទេសចរបរទេស ពី 7 ទៅ 8 លាននាក់នៅឆ្នាំនេះផងដែរ ដែលធៀបទៅនឹង កំណើនជិតស្មើ 40 លាននាក់ ក្នុងឆ្នាំ 2019។

ស្របគ្នានេះដែរ JSCCIB បានព្យាករណ៍ពី អតិផរណាក្នុងប្រទេសខ្លួនថា បន្ដកើនឡើងពី 5.5% ទៅ 7% នៅឆ្នាំនេះ លើសពីជួរគោលដៅ របស់ធនាគារកណ្តាលថៃ ពី 1%-3% ឯណោះ។ ទោះបីជាបែបនេះក៏ដោយ នៅក្នុងការថ្លែងបន្ទាប់ពី កិច្ចប្រជុំរដ្ឋាភិបាលកាលពីថ្ងៃទី 2 សីហាកន្លងទៅថ្មីៗនេះ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច របស់ប្រទេសថៃ នៅតែមាននិន្នាការ វិជ្ជមាននៅឡើយ ហើយបានអះអាងពី ការព្យាករណ៍ដូចខាងលើ ផងដែរថា ប្រទេសថៃអាចឈានដល់ កំណើនសេដ្ឋកិច្ច 3.3% ក្នុងឆ្នាំ 2022 នេះ និង 4.2% នៅឆ្នាំ 2023 ខាងមុខ។

នាយករដ្ឋមន្ត្រីថៃរូបនេះ បានអះអាងទៀតថា ស្ថានភាពហិរញ្ញវត្ថុ របស់ប្រទេសថៃ ក៏មានស្ថេរភាព និងរឹងមាំផងដែរ ដោយសារការដាក់ចេញនូវ គោលនយោបាយរូបិយវត្ថុ និងសារពើពន្ធ ប្រកបដោយការប្រុងប្រយ័ត្ន ដែលឆ្លុះបញ្ចាំងពី ការកើនឡើង នៃចំណាប់អារម្មណ៍ របស់វិនិយោគិនបរទេស ចូលមកក្នុង ប្រទេសថៃ។ ខណៈដែល ចំនួនភ្ញៀវអន្តរជាតិ ទៅកាន់ប្រទេសថៃក្នុងឆ្នាំ 2022 ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ 6 លាននាក់ ដែលខ្ពស់ជាងការព្យាករណ៍ពីមុន ដែលមានត្រឹមចំនួន 5.6 លាននាក់។ ចំណែកឯ នៅឆ្នាំ 2023 តួលេខនេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ 19 លាននាក់ ស្មើនឹង 50% នៃឆ្នាំ 2019 ដែលជារយៈពេល មុនពេលការផ្ទុះឡើងនៃជំងឺ COVID-19។