បណ្ដាក្រុមហ៊ុនផ្គត់ផ្គង់ថ្មរថយន្តអគ្គិសនីដល់ Tesla កំពុងរងផលប៉ះពាល់ ពីតម្លៃសម្ភារៈឡើងថ្លៃ


យោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Nikkei Asia បានឲ្យដឹងថា ដោយសារតម្លៃសម្ភារៈ កាន់តែឡើងថ្លៃខ្ពស់ បានធ្វើឱ្យចំនួនប្រាក់ចំណូល របស់បណ្ដាក្រុមហ៊ុន ផលិតអាគុយរថយន្តអគ្គិសនី កំពូលរបស់កូរ៉េខាងត្បូង មានការថយចុះ។ ដោយក្នុងនោះ ក្រុមហ៊ុនផ្គត់ផ្គង់ថ្ម សម្រាប់រថយន្ដអគ្គិសនីរបស់ Tesla ក៏កំពុងទទួលរង ផលប៉ះពាល់ពី បញ្ហានេះផងដែរ។ ជាក់ស្ដែងក្រុមហ៊ុន LG Energy Solution ដែលជាក្រុមហ៊ុន ផ្គត់ផ្គង់ថ្មធំជាងគេទីពីរ នៅលើពិភពលោក បានឃើញប្រាក់ចំណេញ ប្រតិបត្តិការធ្លាក់ចុះ 73% ក្នុងឆ្នាំនេះ ពោលគឺរកបានត្រឹមតែ 196 ពាន់លានវ៉ុន ឬស្មើនឹង 149 លានដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងអំឡុងរយៈពេលបីខែ រហូតមកដល់ខែមិថុនាកន្លងទៅនេះ។ ខណៈប្រាក់ចំណូល ប្រចាំត្រីមាស របស់ក្រុមហ៊ុន LG នេះ ក៏បានធ្លាក់ចុះ 1% ដែលស្មើនឹង 5.07 ទ្រីលានវ៉ុនផងដែរ។

ក្រុមហ៊ុន LG Energy Solution បានបញ្ជាក់ថា មូលហេតុនៃការធ្លាក់ចុះ ប្រាក់ចំណូលនេះ ក៏ដោយសារតែ បញ្ហាប្រឈមមុខ នឹងការចំណាយខ្ពស់ សម្រាប់ការនាំចូលសារធាតុលីចូម និងសម្ភារៈផ្សេងទៀត បូករួមទាំងការធ្លាក់ចុះ នៃការលក់ពី រថយន្ដរបស់ក្រុមហ៊ុន Tesla ដែលជាហេតុធ្វើឲ្យ ការផលិតរថយន្ត នៅទីក្រុងសៀងហៃ មានការធ្លាក់ចុះ បន្ទាប់ពីប៉ះពាល់ដោយវិធានការណ៍ បិទខ្ចប់ទីក្រុងនាពេលកន្លងមក។ ដូចគ្នានេះដែរ ក្រុមហ៊ុន SK Innovation ដែលជាអ្នកផ្គត់ផ្គង់ថ្ម សម្រាប់រថយន្ដអគ្គិសនីដែរនោះ ទទួលបានប្រាក់ចំណេញត្រឹមតែ 1.28 ទ្រីលានវ៉ុនប៉ុណ្ណោះ នៅក្នុងត្រីមាសទីពីរនេះ ដែលជាការខាតបង់ ផ្នែកប្រតិបត្តិការរហូតដល់ 326.6 ពាន់លានវ៉ុន ធៀបនឹងពី 97.9 ពាន់លានវ៉ុន នៅក្នុងត្រីមាសទីមួយ នៅដើមឆ្នាំ 2022។

តែយ៉ាងណាមិញ ក្នុងចំណោមក្រុមហ៊ុន ផលិតថ្មអគ្គិសនី ធំជាងគេទាំងបី របស់កូរ៉េខាងត្បូង ដែលគេស្គាល់ថា Samsung SDI គឺជាអ្នកផ្គត់ផ្គង់តែម្នាក់គត់ ដែលរាយការណ៍ពីការលក់ និងប្រាក់ចំណេញកាន់តែច្រើន នៅក្នុងត្រីមាសទីពីរនេះ។ ពោលគឺផ្នែកផ្គត់ផ្គង់ថ្ម សម្រាប់រថយន្ដអគ្គិសនី របស់ក្រុមហ៊ុននេះ បានកើនឡើងប្រាក់ចំណូល រហូតដល់ 50% ដែលស្មើនឹង 4.07 ទ្រីលានវ៉ុន ខណៈដែលប្រាក់ចំណេញប្រតិបត្តិការ បានកើនឡើង 45% ដែលស្មើនឹង 244.9 ពាន់លានវ៉ុន។