ភ្ញៀវទេសចរសរុបជាង ២៤ ម៉ឺននាក់ បានធ្វើដំណើរកម្សាន្ដ ក្នុងប្រទេសកម្ពុជា នាចុងសប្ដាហ៍ទី១ នៃខែសីហានេះ


ដោយយោងតាម របាយការណ៍ចេញផ្សាយ ដោយក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញថា ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុង ប្រចាំសប្តាហ៍ដំបូងនៃខែសីហា (ថ្ងៃទី៦-៧ ខែសីហា ឆ្នាំ២០២២) ដែលមានភ្ញៀវសរុប ២៤៦.១៩៥នាក់ ក្នុងនោះភ្ញៀវជាតិ ២២៤.៩៩៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២១.២០២នាក់។ ដោយនៅក្នុងនោះ ក៏មានគោលដៅទេសចរណ៍ សំខាន់ៗផងដែរ រួមមាន៖ ខេត្តសៀមរាប ៣៩.៩៧៩នាក់, ខេត្តព្រះសីហនុ ៣៣.៨៣៧នាក់, ខេត្តកំពត ៣៣.៤៦១នាក់, ខេត្តកែប ២០.០៥៧នាក់, ខេត្តបាត់ដំបង ១៩.៦៨៨នាក់, រាជធានីភ្នំពេញ ១៨.៧៣៤នាក់, ខេត្តកំពង់ស្ពឺ ១២.១៩៩នាក់, ខេត្តពោធិ៍សាត់ ១១.៩៩៩នាក់ និងខេត្តកណ្តាល ១១.០៨៥នាក់។

ក្រសួងទេសចរណ៍ បានចង្អុលបង្ហាញថា តួលេខនេះ គឺជាការកើនឡើងប្រមាណជា ១១,៤៣ ភាគរយ បើធៀបទៅនឹងចុងសប្តាហ៍មុនៗ។ ជាពិសេស ខេត្តសៀមរាប ជាប់ចំណាត់ថ្នាក់លេខ១ ដែលជាគោលដៅទេសចរណ៍ ដែលមានអ្នកទៅ ទស្សនាច្រើនជាងគេ បន្ទាប់មកគឺ ខេត្តព្រះសីហនុ កំពត កែប និងបាត់ដំបង និងរាជធានីភ្នំពេញ។ តែយ៉ាងណាមិញ ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត នៅតែមិនភ្លេច បន្តពង្រឹងការអនុវត្តនីតិវិធី ប្រតិបត្តិការស្តង់ដារសុវត្ថិភាព (SOPs) ផងដែរ ដែលណែនាំដោយក្រសួង ដើម្បីការពារការចម្លងជំងឺកូវីដ-១៩។

គួរបញ្ជាកផងដែរថា ការកើនឡើងភ្ញៀវទេសចរ នៅខេត្ដសៀមរាប ច្រើនជាងគេនេះ ក៏ដោយសារតែ នាសប្តាហ៍កន្លងមក ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយរដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ បានការរៀបចំ ព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ មួយចំនួនដូចជា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរលើកទី៧ នៅមុខប្រាសាទអង្គរវត្ត កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ដែលមានអ្នកចូលរួម ប្រមាណ២.១០០នាក់ ក្នុងនោះមានបរទេស មកពីក្រៅស្រុកជិត ១០០នាក់ និងបរទេសក្នុងស្រុក ប្រមាណ ៣០០នាក់។