Tesla សម្រេចទិញនីកែលពីឥណ្ឌូណេស៊ី ដើម្បីផលិតថ្មរថយន្ត ក្នុងទំហំវិនិយោគជាង ៥ ពាន់លានដុល្លារ


ហ្សាកាតា៖ ក្រុមហ៊ុនផលិតរថយន្ត ខ្នាតយក្សរបស់អាមេរិក Tesla ដែលស្ថិតក្រោមការគ្រប់គ្រង របស់មហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោក លោក Elon Mask បានសម្រេចចិត្ត វិនិយោគថវិកាដល់ទៅជាង ៥ ពាន់លានដុល្លារ ជាមួយនឹងឥណ្ឌូនេស៊ី ដើម្បីផលិតថ្មសាក សម្រាប់រថយន្ត Tesla ជំនាន់ថ្មីៗ។

សារធាតុលោហៈនីកែល (Nickle) ដែលជាធាតុផ្សំដ៏សំខាន់ សម្រាប់យកទៅផលិតថ្មប្រភេទ Lithium Batteries បំពាក់នៅក្រោម បាតរថយន្តម៉ាក Tesla ត្រូវបានបញ្ជាទិញ ដោយក្រុមហ៊ុន Tesla ក្នុងទំហំទឹកប្រាក់ដល់ទៅជាង ៥ ពាន់លានដុល្លារ ជាមួយនឹងរដ្ឋាភិបាលឥណ្ឌូនេស៊ី។ ការសម្រេចទិញនេះ ធ្វើឡើងតាមរយៈ ការចុះកិច្ចព្រមព្រៀងទ្វេភាគី ដែលមានថេរវេលាអនុវត្ត ៥ ឆ្នាំ រវាងក្រុមហ៊ុន Tesla និងរោងចក្រក្នុងស្រុក ដែលមានជំនាញផលិតនីកែល ផ្គត់ផ្គង់ទៅដល់ក្រុមហ៊ុន។

ប្រភពដដែលបានឱ្យដឹងថា ការទិញនីកែលនេះ ធ្វើឡើងបន្ទាប់ពីលោក Elon Musk បានជួបជាមួយនឹង លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីដើមឆ្នាំ ២០២២ កន្លងទៅនេះ ក្នុងកិច្ចពិភាក្សា ដើម្បីទិញយក ធនធានធម្មជាតិ របស់ប្រទេសនេះ ដើម្បីផលិតថ្មរថយន្ត និងរួមចំណែកកាត់បន្ថយ ការបំភាយឧស្ម័នពុល ចូលទៅក្នុងបរិយាកាសផែនដី ជាផ្នែកមួយនៃការរួបរួមគ្នា ប្រយុទ្ធប្រឆាំងនឹង បម្រែបម្រួល អាកាសធាតុភពផែនដី។

សារធាតុនីកែល ដែលនឹងយកមក ផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Tesla នេះ នឹងដឹកយកចេញពី តំបន់ Morowali ស្ថិតនៅក្នុងដែនកោះ Sulawesi ដែលសំបូរទៅដោយ ធនធាតុរ៉ែធម្មជាតិមួយនេះ ក្រោមការគាំទ្រ ពីសំណាក់រដ្ឋាភិបាលឥណ្ឌូនេស៊ី ស្របទៅនឹងចក្ខុវិស័យវែងឆ្ងាយ ក្នុងការកែប្រែឥណ្ឌូនេស៊ី ឱ្យក្លាយទៅជា ប្រទេសផលិតថ្ម ឬអាគុយ ធំជាងគេប្រចាំក្នុងតំបន់។ ជាលទ្ធផលឥណ្ឌូនេស៊ី កំពុងស្ថិតក្នុង ដំណើរក្លាយជា ប្រទេសផលិតថ្ម ធំជាងគេប្រចាំតំបន់ ដោយទទួលបាន ការវិនិយោគយ៉ាងច្រើន ពីសហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បូងជាដើម។