ទេសចរណ៍ថៃ ល្អប្រសើរឡើងវិញ តែម្ចាស់សណ្ឋាគារជាច្រើន កំពុងត្អូញត្អែអំពីសម្ពាធ និងបញ្ហាប្រឈម!


បាងកក៖ គិតចាប់តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ បន្ទាប់ពីរដ្ឋាភិបាលថៃ ប្រកាសបើកដំណើរការ វិស័យទេសចរណ៍នៅលើ ផ្ទៃប្រទេសឡើងវិញរួចមក ឃើញថា ភ្ញៀវទេសចរទៅកំសាន្តនៅថៃ ចាប់ផ្ដើមមានការកើនឡើងច្រើន ក្រោមវិធានការណ៍ សម្រួលរបស់រដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច។ យ៉ាងណាក៏ដោយ សណ្ឋាគារជាច្រើននៅថៃ នៅតែបន្តរងគ្រោះបន្តទៀត ដោយសារតែកត្តាជាច្រើន។

ព័ត៌មានក្នុងស្រុករបស់ថៃ ចេញផ្សាយកាលពី ម្សិលមិញនេះបានឱ្យដឹងថា សណ្ឋាគារជាច្រើននៅថៃ កំពុងតែបើកដំណើរការ ជាប្រក្រតីឡើងវិញ ក្រោមការអនុវត្តវិធានការណ៍បន្ថែម របស់រដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងវិស័យទេសចរណ៍។ ទន្ទឹមនឹងការបើកដំណើរការនេះដែរ សណ្ឋាគារជាច្រើន កំពុងប្រឈមមុខ ជាមួយបញ្ហាជុំវិញ ការមកស្នាក់នៅ របស់ភ្ញៀវទេសចរ នៅមានកម្រិតនៅឡើយ ថែមទាំងត្រូវបញ្ជុះតម្លៃទាប ជាងតម្លៃកាលពីឆ្នាំ២០១៩ ក៏ដូចជាកង្វះខាតកម្លាំងពលកម្ម ដើម្បីបម្រើសេវាកម្មជាដើម។

លោកស្រី Marisa Sukosol Nunbhakdi ប្រធានសមាគមន៍សណ្ឋាគារថៃ ហៅកាត់ថា (THA) បានបញ្ជាក់ឱ្យដឹងថា ៦៧% នៃសណ្ឋាគារលើផ្ទៃប្រទេស ត្រូវរក្សាអត្រាតម្លៃ ប្រាក់ឈ្នួលសម្រាប់ កម្មករនិយោជិតឱ្យនៅដដែល ទោះបីជាថៃមានស្ថានការណ៍សង្គម សេដ្ឋកិច្ចប្រែប្រួលក៏ដោយ។ ការរក្សាតម្លៃឈ្នួល ធៀបទៅនឹងប្រាក់ចំណូល ដែលទទួលបាន គឺមិនសមស្របជាមួយ នឹងស្ថានភាព នាពេលបច្ចុប្បន្នឡើយ នេះបើយោងតាមការស្ទង់មតិ នៃសន្ទស្សន៍ប្រតិបត្តិករអាជីវកម្ម សណ្ឋាគារនៅថៃ ហៅកាត់ថា (HBOSI)។

តាមទិន្នន័យប្រមូល បានពីការស្ទង់មតិនោះ បានបង្ហាញថា ក្នុងចំណោមសណ្ឋាគារចំនួន ១១៨ មាន ៦៧% ហើយ ដែលទទួលបាន ប្រាក់ចំនេញតិចជាង ៥០% បើធៀបទៅនឹង ប្រាក់ចំណូលកាលពីឆ្នាំ ២០១៩ ពោលគឺប្រាក់ចំនេញ ចេញពីអាជីវកម្ម នៅខ្វះខាតច្រើន ស្របពេលសណ្ឋាគារ ត្រូវចំនាយលើកម្លាំង ពលកម្មរបស់បុគ្គលិក បង់ពន្ធជូនរដ្ឋ និងទូទាត់ទៅលើ ថ្លៃសេវាកម្មផ្សេងៗ ជាច្រើនទៀត។ ក្នុងនោះសណ្ឋាគារ កម្រិតផ្កាយ៤ និងផ្កាយ៥ មានលទ្ធភាពខ្ពស់ ក្នុងការរកប្រាក់ចំណូល បានច្រើនជាង ៥០% បើធៀបទៅនឹង សណ្ឋាគារកម្រិតទាប។

បញ្ហាប្រឈមទាំងនេះ បានកំពុងធ្វើឱ្យ វិស័យអាជីវកម្មសណ្ឋាគារនៅថៃ រងផលប៉ះពាល់ជាខ្លាំង បើទោះបីជា មិនឈានដល់កម្រិត ០ ដូចលើកមុខក៏ដោយ តែការចាប់ផ្ដើមឡើងវិញនេះ គឺស្ថិតក្នុងកម្រិតមួយ ដែលមិនទាន់មាន ភាពប្រក្រតីដូចកាលពីឆ្នាំ ២០១៩ នៅឡើយទេ។ ម្ចាស់សណ្ឋាគារខ្លះទៀត ក៏នៅពុំទាន់បើកដំណើរការឡើងវិញ ខ្លះមិនទាន់បើកពេញលេញ ១០០% ជាដើម៕