USAID បញ្ជាក់ជំហរថាការលក់ ផលិតផលកសិកម្មរបស់កម្ពុជា នឹងអាចសម្រេចបានក្នុងរង្វង់ ១០០ លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំខាងមុខនេះ


ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា USAID បញ្ជាក់ជំហរថា ក្នុងរយៈ ពេល 5 ឆ្នាំខាងមុខនេះ ខ្លួននឹងជួយកម្ពុជា លើការជំរុញឱ្យមានការវិនិយោគ ពីក្រុមហ៊ុនឯកជន ក្នុងទឹកប្រាក់ទំហំ ៣៨លានដុល្លារ បង្កើតការងារជាង ៣ពាន់កន្លែង និងជួយកសិករ និងក្រុមហ៊ុនឯកជន ក្នុងវិស័យកសិកម្ម ឱ្យទទួលបានហិរញ្ញវត្ថុ លើវិស័យកសិកម្មទំហំ ១៥លានដុល្លារ និងបង្កើនការលក់ ផលិតផលកសិកម្ម ឱ្យបាន ១០០លានដុល្លារ

ការបញ្ជាក់ជំហរបែបនេះ ធ្វើឡើងបន្ទាប់ពី ប្រកាសដាក់ឱ្យដំណើរការ នូវគម្រោងជំនួយថវិកា ពីសហរដ្ឋអាមេរិកចំនួន ២៥លានដុល្លារ សម្រាប់ការគាំទ្រ ខ្សែច្រវាក់ផលិតកម្ម វិស័យកសិកម្មកម្ពុជា ក្រោមគម្រោង «កម្ពុជាហាវែស III» កាលពីរសៀលថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា បានឱ្យដឹងថា គម្រោងថ្មីមួយ ក្នុងកញ្ចប់ថវិកា ២៥លានដុល្លារនេះ មានគោលបំណង ជំរុញកំណើនសេដ្ឋកិច្ច ឱ្យមានភាពទូលំទូលាយ និងប្រកបដោយចីរភាព តាមរយៈការបង្កើនពិពិធកម្ម និងការប្រកួតប្រជែង នៅក្នុងវិស័យកសិកម្មកម្ពុជា។ គម្រោង «កម្ពុជាហាវែស III» ជាគម្រោងដែលមាន រយៈពេល៥ឆ្នាំ ទទួលបានការគាំទ្រថវិកា ពីគំនិតផ្តួចផ្តើម សន្តិសុខស្បៀងសម្រាប់អនាគត របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងគ្រប់គ្រងដោយ ទីភ្នាក់ងារជំនួយអាមេរិក USAID។

ឯកឧត្តម ឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា «នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ថវិកា ប្រមាណជិត១០០ លានដុល្លារអាមេរិក ក្នុងរយៈពេលជាង មួយទសវត្សរ៍ចុងក្រោយនេះ ក្នុងគោលបំណង លើកស្ទួយអាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូល ក្នុងគ្រួសារ តាមរយៈការពង្រឹងវិស័យកសិកម្ម។ ក្នុងពេលដែលពិភពលោក កំពុងជួបវិបត្តិស្បៀងអាហារនេះ កម្ពុជាចាំបាច់ ត្រូវតែពង្រឹងសុវត្ថិភាពស្បៀង អាហាររបស់ខ្លួន។ ដូច្នេះគម្រោង កម្ពុជាហាវែស III នេះ គឺបង្ហាញ ឱ្យឃើញពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលអាមេរិក ក្នុងការសម្រេចគោលដៅមួយនេះ»។ គម្រោង កម្ពុជាហាវែស III ត្រូវបានប្រកាសកាលពី ថ្ងៃទី ៤ សីហា ឆ្នាំ ២០២២ ដោយរដ្ឋមន្ត្រី ការបរទេស អាមេរិក Antony Blinken ក្នុងអំឡុងពេលធ្វើ ទស្សនកិច្ចរបស់លោកនៅកម្ពុជា។ គម្រោងនេះ នឹងធ្វើការជាមួយដៃគូ ក្នុងវិស័យកសិកម្ម អ្នកផ្គត់ផ្គង់ បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីអភិវឌ្ឍនូវ កម្លាំងការងារជំនាញ បង្កើតការងារ និងចាប់យកឱកាសទីផ្សារនានា នៅក្នុងវិស័យកសិកម្ម តាមរយៈការចាប់ដៃគូ ជាមួយនឹងវិស័យឯកជន។

គម្រោងនឹងបន្ត ធ្វើការអភិវឌ្ឍន៍ ទៅលើការងារដែល ទីភ្នាក់ងារជំនួយអាមេរិក USAID បានធ្វើកន្លងមក លើការលើកស្ទួយ ឱកាសសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ។ តាមរយៈកិច្ចសហការ ជាមួយវិស័យឯកជន នៅក្នុងទីផ្សារកសិកម្ម គម្រោងនឹងជួយ លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា ជាពិសេសស្ត្រី យុវជន និងប្រជាជនងាយរងគ្រោះ៕