កម្ពុជា ស្វែងរកឱកាសចចារ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយប្រទេសដៃគូបន្ថែមទៀត


ក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ការិយាល័យស្រាវជ្រាវ ម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) ក្នុងគោលដៅអភិវឌ្ឍ វិស័យពាណិជ្ជកម្មកម្ពុជា និងធ្វើបច្ចុប្បន្នភាព នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ដោយកម្ពុជា បាននឹងកំពុង ព្យាយាមចចារជាមួយ ប្រទេសដៃគូ ដើម្បីអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី (FTAs) ជាបន្តបន្ទាប់។

ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២២ ការនាំចេញរបស់កម្ពុជា សម្រេចបាននូវអត្រាកំណើន ២៦% ធៀបទៅនឹងឆមាសទី១ កាលពីឆ្នាំមុន ដោយសារតែកម្ពុជា អនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង គាំពាសង្គម-សេដ្ឋកិច្ច ព្រមទាំងគោលនយោបាយ អនុគ្រោះចំពោះវិស័យងាយរងគ្រោះ រួមមាន៖ ទេសចរណ៍ និងសហគ្រាសធុនតូច និងមធ្យម។ យ៉ាងណាមិញ វិបត្តិសេដ្ឋកិច្ចសកល និងសង្គ្រាមអ៊ុយក្រែន កំពុងបន្ដជះឥទ្ធិពល មកលើប្រទេសកម្ពុជា ជាពិសេសលើកំណើនអតិផរណា ការរាំងស្ទះលំហូរពាណិជ្ជកម្ម និងលំហូរវិនិយោគជាដើម។

រាជរដ្ឋាភិបាលកម្ពុជា នៅតែមានសុទិដ្ឋិនិយមខ្ពស់ ក្នុងមាគ៌ាពាណិជ្ជកម្មអន្តរជាតិ ដោយសារកម្ពុជា ទទួលបានច្រកទីផ្សារទូលាយជាងមុន និងមាននិរន្ដរភាព ក្រោមកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA), ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយក្នុងតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA), និងក្របខណ្ឌអាស៊ានបូក ១ ជាដើម។ កម្ពុជា កំពុងសម្លឹងទីផ្សារ ដែលមានស្រាប់ និងទីផ្សារថ្មី តាមរយៈការចុះពិធីសារ កិច្ចព្រមព្រៀង និងអនុស្សារណៈ ដើម្បីនាំចេញផលិតផល កសិកម្មកម្ពុជា ទៅទីផ្សារពិភពលោក ដែលកំពុងរងការគម្រាមកំហែង ពីវិបត្តិអសន្តិសុខស្បៀង នាពេលបច្ចុប្បន្ន។

រាជរដ្ឋាភិបាលកម្ពុជា កំពុងស្វែងរកឱកាស ចចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសដៃគូ ពាណិជ្ជកម្មសក្ដានុពល ផ្សេងទៀត ដែលរួមមាន៖ ប្រទេសជប៉ុន ឥណ្ឌា អាមីរ៉ាតអារ៉ាប់រួម ជាដើម។ ចំណែកពាណិជ្ជកម្មផ្ទៃក្នុងវិញ រាជរដ្ឋាភិបាល បានកែទម្រង់ច្បាប់បទដ្ឋាន និងស្ដង់ដារអន្តរជាតិ លើច្បាប់លើអាជីវកម្ម តាមប្រព័ន្ធអេឡិចត្រូនិច (E-commerce), ច្បាប់ស្ដីពីការប្រកួតប្រជែង, ច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម, ច្បាប់ស្ដីពីការវិនិយោគថ្មី, សេចក្ដីព្រាងច្បាប់ ស្ដីពីដើមកំណើតទំនិញ, កិច្ចសន្យាពាណិជ្ជកម្ម, ភ្នាក់ងារពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេសជាដើម។

បន្ថែមពីនេះ សិមិទ្ធផលថ្មីៗបាននឹង កំពុងអភិវឌ្ឍជាបន្ដបន្ទាប់ ដើម្បីធានាដល់ពាណិជ្ជកម្មអន្តរជាតិ ក្នុងទំហំកាន់តែធំឡើង ដែលរួមមានដូចជា៖ គម្រោងសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ការសាងសង់ពង្រីក កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ, គម្រោងពង្រីកវារីអគ្គិសនី, គម្រោងបង្កើត តំបន់សេដ្ឋកិច្ចពហុបំណង ខេត្តព្រះសីហនុ, គោលនយោបាយជំរុញ ឌីជីថលនីយកម្មក្នុងធុរកិច្ច-ពាណិជ្ជកម្ម ជាដើម។