តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បាននាំទំនិញចេញជិត ៥០០ លានដុល្លារ ក្នុងរយៈពេល ៧ ខែ


តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់ អ្នកឧកញ៉ា គិត ម៉េង នៅតែរក្សាទំហំ នៃការនាំចេញកើនឡើង គួរឲ្យកត់សម្គាល់ ក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០២២ កន្លងទៅ ដោយបាននាំចេញទំនិញ គិតជាទឹកប្រាក់ ៤៩២,៧ លានដុល្លារ ឬស្មើនឹងអត្រាកំណើនឡើង ២៦% ធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ត្រូវបានវិនិយោគ នៅលើផ្ទៃដីសរុប ៣៥៧ ហិកតា បច្ចុប្បន្នមានរោងចក្រ សហគ្រាសតូចធំ សរុប ១០២ ក្រុមហ៊ុន និងបង្កើតការងារបាន ៣៩.១០០ កន្លែង ដែលមានប្រតិបត្តិការ នាំចេញទំនិញបានជិត ៥០០ លានដុល្លារមកកហើយ ក្នុងរយៈពេល ៧ ខែកន្លងមក ដោយនៅខែកក្កដាតែឯង មានកំណើននាំចេញ កើនឡើងខ្ពស់ដល់ ៤៣%។

លោក Uematsu Hiroshi នាយកប្រតិបត្តិក្រុមហ៊ុន Royal Group Phnom Penh SEZ Plc បានបង្ហាញថា អត្រាកំណើននៃការនាំចេញ ពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ជាឱកាសដើម្បីទាក់ទាញ វិនិយោគិនបន្ថែមលើ វិស័យឧស្សាហកម្ម និងអាចបង្កើតការងារ ជូនប្រជាពលរដ្ឋជាមួយ ប្រាក់ចំណូលសមរម្យ ដោយសារតែបច្ចុប្បន្ននេះ ប្រតិបត្តិការផលិតកម្មរថយន្ដ និងគ្រឿងបន្លាស់អេឡិចត្រូនិក កំពុងមានតម្រូវការខ្ពស់។ ចំណែកវិស័យកាត់ដេរវិញ ក្រុមហ៊ុន Marvel Garment Co., Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នាំចេញសម្លៀកបំពាក់ ធំបំផុតមួយនៅប្រទេសចិន អាចបង្កើតការងាររាប់ពាន់កន្លែង។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Phnom Penh SEZ Plc ធ្លាប់មានបញ្ជាក់ថា ក្រុមហ៊ុនរ៉ូយាល់គ្រុប នឹងបន្ដគាំទ្រការវិនិយោគបន្ថែមទៀត នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាមរយៈការបង្កើត បរិយាកាសល្អសម្រាប់វិនិយោគិន ផ្គត់ផ្គង់អាជីវកម្ម ដោយភាពងាយស្រួល ជាមួយនឹងបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗ ដើម្បីអាចរួមចំណែក ដល់ការអភិវឌ្ឍន៍ ឧស្សាហូបនីយកម្ម នៅប្រទេសប្រទេសកម្ពុជា អាចឈានទៅមុខ យ៉ាងឆាប់រហ័ស។