ហ្វីលីពីន កំពុងរីកចម្រើនផ្នែកការិល័យ និងធ្វើការឲ្យក្រុមហ៊ុនបរទេសច្រើន!

ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ទទួលបានភាពរីកចម្រើនខ្លាំង មិនសូវមានបញ្ហាដូចជាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនោះទេ ដែលបច្ចុប្បន្ននេះ ទីក្រុងម៉ានីល និងទីក្រុង Cebu ទទួលការវិនិយោគនូវលំនៅដ្ឋានកម្រិតខ្ពស់ជាច្រើន អគារការិយាល័យ ឧស្សាហកម្មធ្ងន់ៗ ពីក្រុមហ៊ុនបរទេស ដែលបានបង្កើតការងារប្រាក់ចំណូលខ្ពស់ដល់ប្រជាជនហ្វីលីពីនច្រើនផងដែរ។ ក្នុងរយៈពេលចុងក្រោយនេះ អចលនទ្រព្យហ្វីលីពីន បានកើនឡើងខ្ពស់ទៅលើការវិនិយោគរបស់ក្រុមហ៊ុនបរទេសទៅលើការិយាល័យការងារ ក្រៅពីនេះក៏មានការវិនិយោគរបស់ប្រទេសចិនច្រើនដែរ។ 

សារព័ត៌មាន Business Mirror បានចុះផ្សាយថា ប្រទេសហ្វីលីពីនកំពុងមានអទិភាពខ្ពស់លើការវិនិយោគការិយាល័យ សម្រាប់ធ្វើការឲ្យក្រុមហ៊ុនបរទេស ដែលគេហៅថា Offshoring and Outsourcing (O&O) ជាប្រភេទក្រុមហ៊ុនដែលបើកសម្រាប់ទទួលការងារពីក្រុមហ៊ុនបរទេស និងធ្វើការដោយជនជាតិហ្វីលីពីន នៅក្នុងប្រទេសហ្វីលីពីន។ ការបើកក្រុមហ៊ុនធ្វើការពីចំងាយបែបនេះ គេទទួលបាននូវអត្ថប្រយោជន៍មួយចំនួន ដូចជាបង្កើតការងារដល់ប្រជាជនបានច្រើន និងការភាពរីកចម្រើននៃសំណង់ការិយាល័យអចលនទ្រព្យក្នុងស្រុក ប្រជាជនក៏ទទួលបានចំណេះ និងជំនាញថ្មីៗផងដែរ។ 

សម្រាប់ការវិនិយោគក្រុមហ៊ុនប្រភេទ Offshoring and Outsourcing បែបនេះ ក្រុមហ៊ុនបរទេសទទួលបានភាគចំណេញច្រើន ពីព្រោះតម្លៃពលកម្មរបស់ប្រទេសហ្វីលីពីន ក៏ទាបជាងនៅប្រទេសរបស់ខ្លួន។ ម្យ៉ាងវិញទៀត ហ្វីលីពីនជាប្រទេសដែលមានប្រជាជនចេះភាសាអង់គ្លេសច្រើន ព្រោះជាភាសាទី ២ របស់គេទៅហើយ ដូចនេះវាងាយស្រួលក្នុងការវិនិយោគបំផុត។ ហើយពេលនេះ ក្រុមហ៊ុនប្រភេទ Outsourcing នេះជាច្រើនកំពុងវិនិយោគនៅក្នុងទីក្រុងម៉ានីល និង Cebu ដោយយោងតាមរបាយការណ៍របស់ JLL Philippines បានបង្ហាញថា គម្រោងការអភិវឌ្ឍន៍ការិយាល័យក្នុងទីក្រុងទាំង ២ នេះមានទំហំជាង ៦៧៣,៥០០ ម៉ែត្រការ៉េឯណោះ នៅត្រឹមឆ្នាំ ២០២២។ 

លើសពីនេះ ការអភិវឌ្ឍន៍ការិយាល័យធ្វើការ វាក៏ជួយឲ្យការអភិវឌ្ឍន៍នូវបណ្ដុំកន្លែងកំសាន្ដ ភោជនីយដ្ឋាន និងផ្សារទំនើបកើនច្រើនផងដែរ។ ជាក់ស្ដែង នៅក្នុងប្រទេសហ្វីលីពីន គេសំគាល់ឃើញថា តំបន់អភិវឌ្ឍន៍ការិយាល័យភាគច្រើន បានធ្វើឲ្យផ្សារទំនើប និងបណ្ដុំភោជនីយដ្ឋានកើនឡើងប្រមាណ ៣% ដូចជាការលេចត្រដែតឡើងនេះ Ayala Land Mall និង Glorietta Shopping Centre ជាដើម។