ទីក្រុងភ្នំពេញ នឹងមានសំណង់លំនៅដ្ឋានដីឡូត៍ដល់ ៥ សែនខ្នងនៅឆ្នាំ ២០៣០!

ទីក្រុងភ្នំពេញជាទីតាំងមានមនុស្សច្រើនបំផុតក្នុងប្រទេសកម្ពុជា មកដល់ឆ្នាំ ២០១៩ នេះប្រជាជនជិត ១.៦ លាននាក់កំពុងរស់នៅទីក្រុងភ្នំពេញ ហើយបើគិតពីដង់ស៊ីតេប្រជាជនវិញភ្នំពេញមានចំនួន ៥,៧០០ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ ជាការពិត រាជធានីភ្នំពេញ មានការវិនិយោគច្រើន ដូចនេះវាបានផ្ដល់ឱកាសដល់មនុស្សមករស់នៅសម្រាប់ការសិក្សា បំពេញការងារ និងប្រកបអាជីវកម្មបានងាយស្រួល ជាងនៅតាមបណ្ដាខេត្ត ហើយអត្រាប្រជាជនក្នុងរាជធានីភ្នំពេញមានកំណើន ៤% ជាមធ្យម ខណៈអត្រាប្រជាជនកម្ពុជាទាំងមូលមានកំណើន ១.៤% ប៉ុណ្ណោះ។ 

ស្របពេលដែលទីក្រុងភ្នំពេញ មានមនុស្សនៅកាន់តែច្រើនឡើងៗបែបនេះ យើងក៏បានឃើញការរីកសុះសាយខ្លាំងនូវសំណង់ផ្ទះផងដែរ ដូចជាការសង់ផ្ទះល្វែង ការពុះដីឡូត៍ដើម្បីសង់ផ្ទះនៅតាមជាយក្រុង និងសំណង់បុរីជាដើម ដែលវាជាដំណោះស្រាយលំនៅដ្ឋានរបស់ប្រជាជន ព្រោះទីជំរកគឺជាអ្វីដែលសំខាន់បំផុតក្នុងការរស់នៅ។ អញ្ចឹងហើយបានជាអ្នកជំនាញរង្វាយតម្លៃអចលនទ្រព្យមើលឃើញថា ចំនួនលំនៅដ្ឋានដីថ្មីៗនៅ ទីក្រុងភ្នំពេញ នឹងកើនឡើងដល់កន្លះលានខ្នង នៅឆ្នាំ ២០៣០។ 

តាមពិតទៅ រាជធានីភ្នំពេញមានកំណើននៃសំណង់ផ្ទះ និងការពុះឡូត៏ដីច្រើនជាងគេបំផុតនៃប្រទេសកម្ពុជា ដោយបច្ចុប្បន្ននេះសំណង់ផ្ទះថ្មីមាននៅភ្នំពេញសរុប ១៥០,០០០ យូនីត ហើយវាកំពុងកើនឡើង ៩% ជារៀងរាល់ឆ្នាំ ឬចំនួន ២៥,០០០ យូនីតជាមធ្យម តាមរបាយការណ៍របស់ក្រុមហ៊ុនរង្វាយតម្លៃអចលនទ្រព្យ VTrust Appraisal។ ដូចនេះវាបង្ហាញថា នៅរយៈពេល ១០ ទៅ ១៣ ឆ្នាំខាងមុខនេះទៀត ចំនួនលំនៅដ្ឋានដីសាងសង់ថ្មី នឹងឡើងដល់ ៤៥០,០០០ យូនីតក្នុងរាជធានីភ្នំពេញ ហើយក្នុងនោះ សង្កាត់ចំនួន ៧ នៅមានដីទំនេរសម្រាប់សាងសង់ច្រើនជាងគេបំផុត មានដូចជា៖ សង្កាត់ដង្កោ, ពោធិសែនជ័យ, សែនសុខ, ឬស្សីកែវ, ច្បារអំពៅ, មានជ័យ និងជ្រោយចង្វារ។ 

តាមការស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ VTrust នោះបង្ហាញថា ខណ្ឌដង្កោគឺជាខណ្ឌដ៏ធំជាងគេ នឹងនៅសល់ដីទំនេរច្រើនកំពុងតែត្រូវបានគេពុះឡូត៍លក់យ៉ាងគគ្រឹកគគ្រេងផងដែរ ដូចនេះតាមការព្យាករណ៍មើលគេរំពឹងថានៅឆ្នាំ ២០៣០ សំណង់លំនៅដ្ឋានថ្មីនឹងមានដល់ ១០០,០០០ ខ្នងនៅក្នុងខណ្ឌនេះ។ បច្ចុប្បន្ននេះ ខណ្ឌដែលមានសំណង់លំនៅដ្ឋានថ្មីៗធំជាងគេគឺពោធិសែនជ័យ ដែលមានចំនួនជាង ៥០,០០០ យូនីត ចំណែកខណ្ឌសែនសុខ និងដង្កោមានចំនួនប្រហែល ២០,០០០ យូនីត។ 

គួរបញ្ជាក់ផងដែរថា សម្រាប់តម្លៃដីនៅក្នុងរាជធានីភ្នំពេញមានកំណើនឡើងយ៉ាងឆាប់រហ័សផងដែរពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្ដែងវាមានកំណើនចន្លោះពី ១០% ទៅដល់ ១០០% ទៅតាមតំបន់ដែលត្រូវប៉ាន់ខ្លាំង។ ដូចនេះវាអាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចប្រជាជនផងដែរ ក្នុងការស្វែងរកប្រាក់ដើម្បីទិញជាពិសេសគឺតម្លៃលំនៅដ្ឋានយ៉ាងហោចណាស់ក៏ ២៥,០០០ ដុល្លារដែរ សម្រាប់ក្នុងរាជធានីភ្នំពេញ។ អញ្ចឹងអនាគតអចលនទ្រព្យរបស់ភ្នំពេញ អាចនឹងលើសពីសមត្ថភាពប្រជាជនខ្លាំង និងអាចអាចមានវិបត្តិលំនៅដ្ឋានដូចជានៅទីក្រុងហុងកុងក៏ថាបានដែរ។ 

យ៉ាងណាមិញ តម្លៃដីនៅរាជធានីភ្នំពេញ នៅទាបជាងទីក្រុងនៃប្រទេសជិតខាងយើងច្រើនណាស់ ជាក់ស្ដែងនៅប្រទេសថៃតម្លៃដី ៣,៩០០ ដុល្លារក្នុងមួយការ៉េ, ប្រទេសចិន ១១,៨០០ ដុល្លារ/ការ៉េ, សិង្ហបុរី ១៣,៧០០ ដុល្លារ/ការ៉េ, ហើយទីក្រុងហុងកុង ២៨,៥០០ ដុល្លារ/ការ៉េ ចំណែកឯភ្នំពេញត្រឹមតែ ២,៩០០ ដុល្លារប៉ុណ្ណោះក្នុងមួយការ៉េ។