ដំណើរការសាងសង់ អគារពេទ្យមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាន ២៨% ហើយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣ ខាងមុខ!


កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យមើលអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលជំងឺ និងដំណើរការសាងសង់ អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាជំនួយ របស់ប្រទេសជប៉ុន។ ក្នុងដំណើរចុះត្រួតពិនិត្យនេះ ឯកឧត្ដម បានមានប្រសាសន៍ថា មកទល់ពេលនេះវឌ្ឍនភាព នៃការសាងសង់អគារ មន្ទីរពេទ្យបង្អែកនេះ គឺសម្រេចបាន ២៨ភាគរយហើយ បើតាមផែនការអគារមួយខ្នងនេះ នឹងសាងសង់រួចរាល់ នៅចុងឆ្នាំ២០២៣។

ឯកឧត្តមបន្តថា ការពង្រីកអគារនេះ គឺស្របទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ ក៏ដូចជាគោលដៅរបស់រដ្ឋាភិបាល ធ្វើឱ្យការផ្តល់សេវាសុខាភិបាល នៅក្នុងតំបន់ ឱ្យកាន់តែល្អប្រសើរ មានទំនើបកម្មនៃសេវាសុខាភិបាល។ នៅពេលអគារនេះសាងសង់រួចរាល់ នឹងបំពាក់បរិក្ខារពេទ្យទំនើបៗ រួចរាល់នៅឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ នឹងក្លាយជាមន្ទីរពេទ្យ ទំនើបមួយនៅក្នុងតំបន់។ លើសពីនេះ ជំនួយឧបត្ថម្ភរបស់ប្រទេសជប៉ុន ក្នុងការសាងសង់អគារមន្ទីរពេទ្យ និងការបំពាក់បរិក្ខារពេទ្យទំនើបៗ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីពង្រីកសេវា ឱ្យកាន់តែល្អប្រសើរ ។

គួរបញ្ជាក់ថា ប្រទេសជប៉ុន បានផ្តល់ជំនួយឧបត្ថម្ភទឹកប្រាក់ជាង ១៩លានដុល្លាអាមេរិក សម្រាប់សាងសង់នូវ អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ ចំនួនមួយខ្នង ដែលមានផ្ទៃក្រឡាសំណង់ទំហំ ៧ ២៦០ម៉ែត្រក្រឡា កម្ពស់៤ជាន់ ប្រវែង៦៩ម៉ែត្រ គុណនឹង ២៥ម៉ែត្រ ដែលបានដំណើរការសាងសង់ ចាប់ពីខែធ្នូ ឆ្នាំ២០២១មក ហើយអគារនេះប្រើប្រាស់ សម្រាប់សេវាឯកទេសវះកាត់ សេវាសង្រ្គោះបន្ទាន់ និងសេវាពាក់ព័ន្ធផ្សេងៗ ជាច្រើនទៀត៕